ភ្នំពេញៈ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ជាថ្ងៃដំបូងនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ មានគណបក្សនយោបាយចំនួន ៤ បានចុះបញ្ជីរួចរាល់នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។ នេះបើតាម លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប។
លោក សោម សូរីដា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែមេសាថា គណបក្សទាំង ៤ នោះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សធម្មាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិ។ លោកបានបន្តថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ អាចមានរយៈពេល ១៥ ថ្ងៃក្នុងការចុះបញ្ជី គឺចាប់ផ្ដើមពីថ្ងៃទី ២៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី ៨ ខែឧសភា ខាងមុខ។
ទាក់ទងនឹងការចុះបញ្ជីនេះ លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដឹងថា គណបក្សរបស់លោកបានរៀបចំឯកសារ និងបេក្ខជនរួចរាល់អស់ហើយ ប៉ុន្តែមិនទាន់បានទៅចុះបញ្ជីបេក្ខជននៅឡើយ នៅថ្ងៃចាប់ផ្តើមដំបូងនេះ ដោយសារមានឯកសារមួយចំនួនទៀត ត្រូវរង់ចាំការសម្រេច និងកែតម្រូវពីថ្នាក់ដឹកនាំបន្ថែម។ លោកបានបញ្ជាក់ថា៖ «សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតនេះ នឹងត្រូវដាក់នៅគ្រប់រាជធានីខេត្តទាំង ២៥ នៅទូទាំងប្រទេស តែដោយឡែកបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រី គឺមានព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដែលជាព្រះរាជបុត្ររបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ហើយព្រះអង្គបានឈរឈ្មោះនៅរាជធានីភ្នំពេញផងដែរ»។
ចំណែក លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ក៏បានឱ្យដឹងដែរថា នៅថ្ងៃដំបូងនេះ គណក្សភ្លើងទៀននៅមិនទាន់រៀបចំឯកសារ និងបេក្ខជនបានរួចរាល់នៅឡើយទេ ព្រោះមានបេក្ខជនច្រើន ហើយត្រូវជ្រើសរើសយកបេក្ខជនរូបណាដែលមានសក្តានុពលសម្រាប់ឈរឈ្មោះនៅតាមមណ្ឌលនីមួយៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ។
លោកបានលើកឡើងថា គណបក្សនឹងរៀបចំឱ្យទាន់ពេលវេលាតាមការកំណត់របស់ គ.ជ.ប ហើយចំពោះការជ្រើសរើសបេក្ខភាពជានាយករដ្ឋមន្ត្រី គណបក្សភ្លើងទៀនក៏នៅមិនទាន់បានជ្រើសរើសនៅឡើយដែរ។
លោក គីមសួរ ភីរិទ្ធ បានបញ្ជាក់ថា ៖ «ដោយសារគ្មានច្បាប់ណាមួយ បានកំណត់ពីបញ្ហានេះនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺគណបក្សយើង បានផ្តោតលើការប្រកួតប្រជែង ដោយធ្វើឱ្យការបោះឆ្នោតនេះទទួលបានជ័យជម្នះជាមុនសិន សឹមចាត់ចែងជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់គណបក្សពេលក្រោយ»។
រីឯលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ថា គ.ជ.ប បានទទួលពាក្យចុះបញ្ជីគណបក្ស និងចុះបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្ររបស់បក្សលោករួចរាល់ហើយ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «គណបក្សយើងបានដាក់បេក្ខជនទាំងបម្រុង និងពេញសិទ្ធិសរុបទាំងអស់ចំនួន ២៦៦ បេក្ខជន នៅគ្រប់រាជធានីខេត្តទាំង ២៥ ដែលកាលពីបោះឆ្នោតលើកមុនបានត្រឹមតែ ១៧ រាជធានីខេត្តប៉ុណ្ណោះ ហើយការបោះឆ្នោតលើកនេះ គណបក្សនឹងទទួលបានការគាំទ្រ តាមរយៈសន្លឹកឆ្នោតរបស់ពលរដ្ឋក្នុងការបង្កើតមនុស្សថ្មីសម្រាប់ប្រើការងារជូនពួកគាត់នៅពេលដែលពួកគាត់ជួបទុក្ខលំបាក»៕