ភ្នំពេញៈ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) សហការជាមួយដៃគូពាក់ព័ន្ធ គ្រោងនឹងចុះទស្សនកិច្ចសិក្សា នៅតាមរោងចក្រមួយចំនួននៅក្នុងខេត្តចំនួន ៣ ដែលបានអនុវត្តដោយជោគជ័យក្នុងការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិត ដែលមានសុវត្ថិភាពប្រសើរជាងមុន។
គម្រោងនេះ គ្រោងនឹងធ្វើឡើងបន្ទាប់ពី AIP បានដឹកនាំក្រុមការងារចុះទៅកាន់រោងចក្រមួយចំនួនក្នុងខេត្តកណ្តាល ខេត្តកំពង់ចាម និងវិទ្យាល័យគោលដៅចំនួន ៣ ស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកំណត់សកម្មភាពបន្ត។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសាថា បេសកកម្មរយៈពេល ៣ ថ្ងៃកន្លងមកនេះ គឺដើម្បីសិក្សាដោយផ្ទាល់ពីកន្លែងគោលដៅទាំងនោះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការជំរុញឱ្យមានការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិតដែលមានសុវត្ថិភាពប្រសើរជាងមុន។
លោកបានបញ្ជាក់ថា៖« យើងបានអនុវត្តជោគជ័យតាមរោងចក្រគោលដៅមួយចំនួនជាមួយនឹងការជំរុញឱ្យមានការរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិតរបស់យើង។ ជាគោលដៅយើងចង់ជំរុញឱ្យមានការប្រើប្រាស់ប្រភេទរថយន្តដឹកអ្នកដំណើរ ហើយផ្ទុកក្នុងចំនួនសមស្របតាមសមត្ថភាពផ្ទុក។ ប៉ុន្តែបញ្ហាប្រឈម យើងក៏ជំរុញក្នុងករណីដែលមិនទាន់មានលទ្ធភាព យើងក៏ជំរុញឱ្យគាត់រៀបចំសម្រាប់កម្មករឱ្យបានសមរម្យ ស្របពេលយើងខិតខំធ្វើការជាមួយដៃគូ ដើម្បីឱ្យមានការវិនិយោគទៅលើការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យទៅដល់កម្មករ»។
យោងតាមរបាយការណ៍ចុងក្រោយរបស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ ដែលមានជិត ៤ ០០០ គ្រឿងនៅទូទាំងប្រទេស គឺមានប្រមាណ ៥០ ភាគរយ នៅជារថយន្តប្រភេទដឹកទំនិញនៅឡើយ។ ដែលលោកគឹមបញ្ញា អះអាងថា គម្រោងរបស់ AIP គឺធ្វើយ៉ាងណា ដើម្បីសហការជាមួយដៃគូពាក់ព័ន្ធក្នុងការឈានទៅរកដំណោះស្រាយជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករប្រភេទរថយន្តទំនិញដែលកម្មករនិយោជិត ត្រូវឈរ ឬអង្គុយប្រជ្រៀតគ្នាណែនតាន់តាប់ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង។
ជាមួយនឹងគម្រោងនេះ លោក បានអះអាងថា AIP ក៏បានស្វែងយល់ពីបញ្ហាប្រឈម និងកំណត់ជំហានអនុវត្តន៍បន្តក្នុងការអនុវត្តកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍”ក្រោយពីតំបន់គោលដៅទាំងនោះ ទទួលបានភាពប្រសើរឡើង និងជោគជ័យក្នុងការប្រើប្រាស់រថយន្តដែលមានសុវត្ថិភាពផងដែរ។
លោកបានរៀបរាប់ថា៖ «គោលដៅដែលមានទស្សនកិច្ចសិក្សានេះ គឺចង់ឱ្យអ្នកពាក់ព័ន្ធ ខាងសហជីព ស្ថាប័នរដ្ឋាភិបាល អ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីភាពជោគជ័យនៅតាមរោងចក្រមួយចំនួននៅក្នុងខេត្តទាំងនោះ និងដើម្បីចែករំលែកបទពិសោធន៍ពីភាពជោគជ័យនៃការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិតដែលមានសុវត្ថិភាព។ យើងធ្វើឡើងក្នុងពេលឆាប់»។
តាមរបាយការណ៍របស់ ប.ស.ស រយៈពេល ១២ ខែ ឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានកើតឡើងសរុបចំនួន ៣ ២៧៥ ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៦៣ នាក់ របួសធ្ងន់ ៨៥៤ នាក់ និងរងរបួសស្រាលចំនួន ៣ ១៣៩ នាក់។
ជាមួយគ្នានេះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងគ្រប់វិស័យទូទាំងប្រទេសក្នុងឆ្នាំ ២០២២ គឺមានសរុបចំនួន ៥ ១៥៨ ករណី ក្នុងនោះអ្នករងរបួសស្រាលមាន ៤ ២៧១ នាក់ របួសធ្ងន់ ១ ៦២៤ នាក់ និងស្លាប់ចំនួន ១៥៦ នាក់ ខណៈតួលេខនេះ បើធៀបនឹងឆ្នាំ ២០២១ គឺមានការកើនឡើងចំនួន ១ ៨៩០ ករណី ស្មើនឹង ៥៨%។ នេះបើតាមរបាយការណ៍របស់ ប.ស.ស៕