ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារនៅខេត្តព្រះសីហនុ ក្នុងថ្ងៃទី ២៦ ខែមេសានេះ ដោយមានការងារ ១ ពាន់កន្លែងរង់ចាំអ្នកមកដាក់ពាក្យសម្ភាសន៍ភ្លាមៗជាមួយក្រុមហ៊ុនឯកជនដែលមានតម្រូវការបុគ្គលិក។
បើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ការរៀបចំវេទិកាការងារនៅក្នុងខេត្តព្រះសីហនុនេះនឹងមានក្រុមហ៊ុនធំៗចំនួន ១៣ ចូលរួម ព្រមទាំងសម្ភាសន៍ជ្រើសរើសបុគ្គលិកផ្ទាល់ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនៅខេត្តព្រះសីហនុ ទទួលបានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សាកលវិទ្យាល័យបៀលប្រាយ និងសមាគមមិត្តយើង ដែលនឹងត្រូវរៀបចំធ្វើក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការថា៖ «ឱកាសការងាររហូតដល់ ១ ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាសធំៗចំនួន ១៣ នឹងត្រូវផ្តល់ជូន យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ»។
ក្រុមហ៊ុនធំៗទាំង ១៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន RMA ធនាគារ Wing Bank ធនាគារហត្ថា ធនាគារ ABA ធនាគារ ហេង ហ្វឹង( ខេមបូឌា)ម.ក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សណ្ឋាគារ និងកាស៊ីណូ SIHATREASURE អង្គការម្លប់តាប៉ាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Bamboo ក្រុមហ៊ុន Tremulia ក្រុមហ៊ុន Kofi ក្រុមហ៊ុន កោះឫស្សី Resort និងក្រុមហ៊ុន Prince Supper Market។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យសាធារណជនពិសេសយុវជនចូលរួមឱ្យបានច្រើនកុះករ និងត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង ១៣។
ក្រសួងបន្តថា ក្រៅពីទទួលបានឱកាសការងារល្អៗយុវជន សិស្ស និងនិស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពីការត្រៀមលក្ខណសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែកបទពិសោធន៍ល្អៗពីវាគ្មិនល្បីៗជាច្រើន ដើម្បីអាចមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលនឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ការងារនោះ បានប្រកាសជ្រើសរើសបុគ្គលិកប្រចាំតំបន់ខេត្តព្រះសីហនុ ចំនួន ៣៥ នាក់សម្រាប់មុខតំណែងផ្សេងៗដូចជា ប្រធានផ្នែកលក់ឥណទានខ្សែចង្វាក់អាជីវកម្ម មន្ត្រីឥណទានខ្នាតតូច និងមធ្យម មន្ត្រីឥណទានឯកទេស មន្ត្រីឥណទាន និងបេឡាធិការ។ ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយលម្អិតបន្ថែមអំពីព្រឹត្តិការណ៍ពិព័រណនេះទេ។
ឯកសារនិន្នាការសេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ស្ថានភាពវិនិយោគនៅកម្ពុជាបានបង្ហាញពីភាពល្អប្រសើរបន្តិច ដោយមានគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ ច(មិនរាប់បញ្ចូលគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស) ចំនួន ១៣២ ត្រូវបាន CDC អនុម័ត កើន ២៤ គម្រោងបើធៀបឆ្នាំ ២០២១។ ទុនវិនិយោគសរុបរបស់គម្រោងទាំងនេះ គឺមានទឹកប្រាក់ ៣ ២៣០ លានដុល្លារ កើនឡើង ៨៧,៩ ភាគរយ និងអាចបង្កើតការងារថ្មីប្រមាណ ១២២ ពាន់នាក់ កើនឡើង ៣៥,៩ ភាគរយ៕