កំពង់ស្ពឺៈ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ កំពុង​បន្ត​ឡោមព័ទ្ធ និង​រុករក​ក្រុម​អ្នក​ប្រមាញ់​សត្វព្រៃ ដែល​ប្រដាប់​ដោយ​អាវុធ ជិះ​រថយន្ត​ ១ ​គ្រឿង ចូលទៅ​បរបាញ់​សត្វព្រៃ ក្នុង​ដែន​ព្រៃ​សហគមន៍​ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ ៨ ​មុំ ស្ថិតនៅក្នុង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

​លោក ​សឿន ឡាយ ប្រធាន​សហ​គម​ន៍​ការពារ​ព្រៃឈើ​ ៨ ​មុំ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា កាលពី​យប់​រំលង​អ្រ​ធា​ត្រ​ឈានចូល​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​ ២០២៣ ក្នុងអំឡុងពេល​ចុះ​ល្បាត​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ក្នុងភូមិ ព្រៃ​ការពារ​សហគមន៍​ ៨​ មុំ ក្រុមការងារ​របស់លោក បាន​ប្រទះឃើញ​រថយន្ត​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វព្រៃ​ ១ ​គ្រឿង បើកចូលទៅ​ក្នុង​តំបន់​ស្នូល​នៃ​ព្រៃ​ការពារ​របស់​សហគម​ន៍​។ នៅពេលនោះ លោក​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ពង និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ និង​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ឱ្យជួយ​អន្តរាគមន៍​ចុះបង្ក្រាប​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ជន​​សង្ស័យ​ហាក់ដូចជា​បានដឹងខ្លួន​ជាមុន បាននាំគ្នា​រត់គេច​ចូលទៅក្នុង​ព្រៃ​ជ្រៅ ដោយ​បន្សល់​នូវ​រថយន្ត​ ១​ គ្រឿង​នៅ​កណ្ដាល​ព្រៃ ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏បាន​រឹបអូស​ធ្វើជា​វត្ថុតាង​»​។

​នៅក្នុង​រថយន្ត​សង្ស័យ​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​រកឃើញ​មាន​គ្រាប់កាំភ្លើង M16 ចំនួន ២៥ គ្រាប់ និងបង់ ​១, គ្រាប់​កាលី​ធូ ចំនួន ១៣ ​គ្រាប់​, គ្រាប់​វ៉ាំ​ង​ឌឺ​ឡុង ចំនួន ​៤៥ គ្រាប់​, គ្រាប់កាំភ្លើង​ខ្យល់​ ១ ​ប្រអប់​, អត្ត​ញ្ញាណ​ប័ណ្ណ​ ២ ​សន្លឹក​, ​បណ្ណ​បើកបរ​ ១ ​សន្លឹក និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត​។ នេះ​បើតាម​លោក ច័ន្ទ កក្កដា មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ថ្ពង ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ​។

​លោក​បាន​បន្តថា​៖ «​ក្រោយ​ឆែកឆេរ និង​ពិនិត្យ​រួចរាល់ វត្ថុតាង​ទាំងអស់​ត្រូវបាន​ប្រគល់​ទៅឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​»​។​

​បើតាម​លោក កក្កដា នៅពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមទាំង​ប្រជា​សហគមន៍ កំពុង​បន្តធ្វើ​ការឡោមព័ទ្ធ​តំបន់​ព្រៃ ដែល​សង្ស័យ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វព្រៃ បាន​សំងំ​លាក់ខ្លួន​នោះ និង​បាន​ពង្រាយ​កម្លាំង​ពួនស្ទាក់​ផងដែរ​។ ប៉ុន្តែ​មកទល់ពេលនេះ នៅ​មិនទាន់​បង្ក្រាប​ចាប់បាន​មុខ​សញ្ញា​ជន​ប្រមាញ់​សត្វព្រៃ​ទាំងនោះ​បាន​នៅឡើយ​ទេ​។​

​លោក​ សា មឿ​ន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ពង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបីជា​នៅពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ក៏ដោយ ប៉ុន្តែ​ជនសង្ស័យ​នឹង​មិនអាច​គេចខ្លួន​ឡើយ​។ លោក​ថ្លែងថា​៖ «​នៅពេលនេះ យើង​បានដឹង​ពី​អត្តសញ្ញាណ​របស់​ពួកគេ​មួយចំនួន​ហើយ នឹង​កំពុង​ធ្វើ​របាយការណ៍ បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី​»​។

​បើតាម​លោក​ ​សា មឿ​ន ព្រៃ​សហគមន៍​ឃុំ​ ៨ ​មុំ​នេះ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ ក្នុងនោះ​ក៏មាន​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ ដូចជា សត្វ​ទន្សោង និង​ឈ្លូស​ផងដែរ​។ បច្ចុប្បន្ន សត្វ​ក្នុងព្រៃ​សហគមន៍​ ៨​ មុំ កំពុង​រង​នូវ​ការយាយី​យ៉ាងធ្ងន់ធ្ងរ ពី​ក្រុម​ជន​​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ ទាំង​ការ​បរ​បាញ់ និង​ដាក់​អន្ទាក់ ដើម្បី​យក​សាច់ មក​លក់​លើ​ទីផ្សារ​៕