ភ្នំពេញៈ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​លើក​ឡើង​ថា ​ពេល​មាន​ការ​សាង​សង់​សា​លា​រៀន និង​អគារ​សិក្សា​ណា​មួយ ចាំ​បាច់​ត្រូវ​គិត​លើ​ការ​កសាង​អគារ​ស្នាក់​នៅ​ឬ​ផ្ទះ​សម្រាប់​គ្រូ​បង្រៀន​ក្នុង​ពេល​ដំណាល​គ្នា​ ខណៈ​លោក​ក៏បាន​អំពាវ​នាវ​ដល់​សប្បុ​រស​ជន​ និង​អភិ​បាល​ខេត្ត​នានា​ឱ្យ​យក​ចិត្ត​ក្នុង​ការ​កសាង​កន្លែង​ស្នាក់​នេះ​ផង​ដែរ​ ដើម្បី​ទាក់​ទាញ​គ្រូ​ពូកែ​មក​កាន់​សា​លា និង​ខេត្ត​របស់​ខ្លួន​។​

​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែបនេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ជូន​ដល់​គរុ​សិស្ស ​និស្សិត និង​បុគ្គលិក​អប់រំ​ប្រមាណ​ជាង​២​ពាន់​នាក់​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ​(NIE)​ កាល​ថ្ងៃទី​២៥ ​ខែមេសា ​ឆ្នាំ​២០២៣​។​

​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ថ្លែង​ថា ​បច្ចុប្បន្ន​ប្រព័ន្ធ​បណ្ដុះ​បណ្ដាល​គ្រូ គឺ​រាជ​រដ្ឋាភិ​បាល​បាន​ដាក់​ចេញ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ប្រសិទ្ធ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​។

​ទន្ទឹម​គ្នា​នេះ​លោក​ក៏​ជំរុ​ញឱ្យមាន​ការវិនិ​យោគ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កសាង​អគារ​សិក្សា ​និង​កន្លែង​ស្នាក់​នៅឬ​ផ្ទះ​គ្រូ​របស់​គ្រូ​បង្រៀន​បន្ថែម​ផង​ដែរ​ ស្រប​ពេល​ដែល​កន្លែង​ស្នាក់​នៅ​របស់​គ្រូ​បង្រៀន​នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅ​ឡើយ​។​

​លោក​ហ៊ុន ​សែន មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​អ្នក​ដែល​ជួយ​កសាង​សាលា​ សូ​ម​ឱ្យជួយ​យក​ចិត្ត​ទុក​ដាក់ដល់​ការ​កសាង​ផ្ទះ​គ្រូ​បង្រៀន​នៅ​តាម​សាលា​នានា​ឱ្យបាន​ច្រើន ​តាម​ដែល​អាច​ធ្វើ​បាន​ ព្រោះ​យើង​បាន​ឃើញ​ពិត​ប្រាកដ ​ច្រើន​កន្លែង​ណាស់ ​ឃើញ​ថា​គ្រូ​បង្រៀន​របស់​យើង ​ទៅ​ពី​ឆ្ងាយ ​ត្រូវ​ការជួល​ផ្ទះ​ ហើយ​បើ​ខ្ញុំ​បាន​ស្តាប់​គ្រូ​បង្រៀន​ម្នាក់​នៅ​កំពង់​ស្ពឺ ​ឃើញ​ថា ពេលខ្លះ​គ្រូ​បង្រៀន​របស់​យើង​យក​កូន​មក​យោល​អង្រឹង​ក្រោមដើម​ឈើ​ក៏មាន ​អ៊ីចឹ​ង​ចាំ​បាច់​ណាស់​ត្រូវ​គិត​គូរ​លើ​ការ​កសាង​ផ្ទះ​គ្រូ​បង្រៀន ​ដើម្បី​ឱ្យ​គ្រូ​របស់​យើង​មាន​កន្លែង​ស្នាក់​នៅ​»​។​

​ជា​មួយ​គ្នានេះ​​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​៖«​បើ​ខេត្ត ​និង​ស្រុក ឬ​ឃុំ​ណា​ដែល​ឆ្លាត​ គឺ​ត្រូវ​ប្រឹង​ប្រែង​ធ្វើ​ចំណុច​នេះ​ហើយ​បើ​ចង់​បាន​គ្រូ​បង្រៀន​ល្អ​នៅ​កន្លែង​របស់​ខ្លួន ​គឺ​ត្រូវតែ​មាន​ផ្ទះ​ឱ្យ​គ្រូ​ស្នាក់​នៅ ​អាហ្នឹង​ប្រាកដ​ជា​ទាញ​បាន​គ្រូ​បង្រៀន​ដែល​ពូកែ និង​ល្អ​ជា​មិន​ខាន​»​។​

​ពាក់​ព័ន្ធ​នឹង​ការ​លើកឡើ​ង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​លោក ​ហេង ​វ៉ាន់ដា ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គំនិត​ និង​អនុ​សាសន៍​នេះ​។​

​លោក​បាន​ថ្លែង​ថា៖ «​ការ​ធ្វើ​បែបនេះ​ មិន​ត្រឹម​តែ​អាច​ទាក់​ទាញ​គ្រូ​បង្រៀន​ដែល​មាន​សមត្ថ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​ឱ្យ​លោក​គ្រូ ​អ្នក​គ្រូ មាន​កន្លែង​សម្រាប់​សម្រាក និ​ង​សិក្សា​ស្រាវ​ជ្រាវ ​ដើម្បី​ពង្រឹង​ការងារ​បង្រៀន​របស់​ខ្លួន​ឱ្យ​កាន់​តែ​ខ្លាំង​ថែមទៀត​​»​។​

​យោងតា​មរ​បាយ​ការណ៍​របស់​អង្គការ​យូណេ​ស្កូ​(UNESCO)​កាល​ពី​កន្លង​ទៅ ​ធ្លាប់​បាន​បង្ហាញ​ដែរ​ថា កង្វះខា​ត​កន្លែង​ស្នាក់​នៅស​ម្រាប់​គ្រូ​បង្រៀន​ក៏​ជា​មូល​ហេតុ​សំខាន់​មួយ​ដែល​ធ្វើឱ្យ​មាន​ការខ្វះ​ខាត​គ្រូ​បង្រៀន​នៅ​តាម​បឋម​សិក្សា ​ពិសេស​នៅ​តំបន់​ដាច់​ស្រ​យាល​នៅ​កម្ពុជា​បើ​ទោះ​បីជា​ក្រសួង​អប់រំ​ត្រូវការ​ចំនួន​គ្រូប​ង្រៀន​ច្រើន​ក៏ដោយ​។

UNE​SCO​បាន​បញ្ជាក់​ថា ​ចំណុច​នេះ ក៏​ធ្វើឱ្យ​គ្រូ​បង្រៀន​មួយ​ចំនួ​នធំ​មិន​ព្រម​ទៅ​បង្រៀន​នៅ​តំបន់​ដាច់​ស្រ​យាល​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​អប់រំ​នៅ​តាម​តំបន់​ជន​បទ​នៅ​មាន​កម្រិត​អន់​ថយ​។​

​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា លោក ហង់​ជួន ណា​​រ៉ុ​ន ធ្លាប់បាន​បង្ហាញ​នៅ​ក្នុង​ទិវា​គ្រូ​បង្រៀនកា​លពី​ថ្ងៃទី​៥ ​ខែ​តុលា ឆ្នាំ​២០២២​ថា ក្រសួង​បាន​និង​បន្ត​លើក​កម្ពស់​គុណ​ភាព និង​ជីវ​ភាព​គ្រូប​ង្រៀន ​ដោយ​បន្ត​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​ព្រម​ទាំង​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​គ្រូប​ង្រៀន​តាម​លទ្ធ​ភាពរ​បស់​រាជរ​ដ្ឋាភិ​បាល សំដៅ​លើក​កម្ពស់​គ្រូប​ង្រៀន ​លើក​កម្ពស់​ការ​បង្រៀន​ និង​វិជ្ជាជីវៈ​គ្រូប​ង្រៀន ​ដើម្បី​ឈាន​ទៅ​សម្រេច​អនាគ​ត​ដ៏​ប្រសើរ​របស់​កុមារ​ និង​យុវជន​កម្ពុជា​៕