ភ្នំពេញៈ ក្រុមហ៊ុន Google ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសិង្ហបូរី មានបំណងចង់បើកកិច្ចសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើផ្នែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាខែកក្កដា ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ជំនួបរវាង គ.ជ.ប នាពេលនេះ គឺយោងតាមសំណើរបស់តំណាងក្រុមហ៊ុន Google ដែលស្នើមកកាន់ គ.ជ.ប ជួបពិភាក្សា ក្នុងការសិក្សាពីលទ្ធភាព ក្នុងការបង្កើតកិច្ចសហការរួមគ្នា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ជាពិសេសលើបញ្ហាបច្ចេកទេសជាច្រើនផ្នែកព័ត៌មានវិទ្យា។
លោកបានឱ្យដឹងថា ៖ «គ.ជ.ប បានសុំឱ្យហ្គូហ្គោលជួយនូវការងារមួយចំនួនដូចជា ជួយបង្កលក្ខណៈងាយស្រួលក្នុងកាស្វែងរកទីតាំងការិយាល័យបោះឆ្នោត នៅលើហ្គួហ្គោល,ជួយទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់,ជួយដកចេញនូវខ្លឹមសារព័ត៌មានលើបណ្ដាញសង្គម យូធូប ក្នុងករណី គ.ជ.ប ពិនិត្យ ឃើញថា មានការរំលោភបំពាន ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត ។ ល។»។
បើតាមលោកហង្ស ពុទ្ធា លោក អ៊ីវ ហ្គោនស្យាឡេស (Mr.Yves Gonzalez) តំណាងក្រុមហ៊ុន Google ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសិង្ហបូរី បានឆ្លើយតបថា គាត់ចង់ឱ្យមានកិច្ចសហការល្អ ជាមួយ គ.ជ.ប ក្នុងការជួយចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម ហើយសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាង គ.ជ.ប ជាមួយនឹងតំណាងហ្គូហ្គោល ដែលមានទីស្នាក់ការប្រចាំនៅរាធានីភ្នំពេញ ។
លោកហង្ស ពុទ្ធា បានឱ្យដឹងថា ក្រុមហ៊ុនហ្គូហ្គោល បានទទួលយកនូវរាល់សំណើរបស់តំណាង គ.ជ.ប ទាំងអស់ដែលបានលើកឡើង ហើយបញ្ជាក់ថា ការជួយទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវានោះទេ។
យោងតាម គ.ជ.ប គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ៦ហើយ ដែលបានមកចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួមមាន គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ,គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា។
បើតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន មានរយៈពេល ១៥ថ្ងៃ គឺចាប់ពីរថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕