ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (Booyoung Group) របស់កូរ៉េខាងត្បូងបានប្រកាសផ្តល់រថយន្តក្រុងចំនួន ១ ០០០ គ្រឿងបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ដោយស្នើសុំឱ្យរាជរដ្ឋាភិបាលចាត់ចែងរថយន្តក្រុងទាំងនេះទៅតាមបណ្តាខេត្ត ដើម្បីតភ្ជាប់។
ការប្រកាសផ្តល់នេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រធានក្រុមហ៊ុន ប៊ូយ៉ុង គ្រុប កាលពីថ្ងៃទី ២៤ ខែមេសា នៅរាជធានីភ្នំពេញ។
លោក ហ៊ុន សែន ថ្លែងថា ការផ្តល់រថយន្តក្រុងបន្ថែមនេះ គឺដោយសារការឃើញពីប្រសិទ្ធភាពនៃរថយន្តក្រុងដែលក្រុមហ៊ុននេះបានប្រគល់ឱ្យសាលារាជធានីភ្នំពេញចំនួន ២០០ គ្រឿងកាលពីខែកុម្ភៈ ហើយត្រូវបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅជាពិសេសក្នុងការដឹកមនុស្សជាង ៥ ម៉ឺននាក់ក្នុងពេលចូលឆ្នាំខ្មែរថ្មីៗនេះមានសុវត្ថិភាព និងមិនមានអ្នកណាគ្រោះថ្នាក់នៅលើឡានក្រុងនោះទេ។ លោកថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ ពាន់នាក់នៃវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី ២៥ មេសា។
លោកថ្លែងថា៖ «អ៊ីចឹងទេម្សិលមិញ (២៤ មេសា) គាត់ទៅជួបជាមួយខ្ញុំ។ គាត់សុំផ្ដល់រថយន្តក្រុង ១ ០០០ គ្រឿងថែមទៀត ហើយ ១ ០០០ គ្រឿងនេះ គាត់សុំថា ឱ្យយើងចាត់ចែងទៅតាមបណ្តាខេត្ត ដើម្បីជាការតភ្ជាប់ ព្រោះអ៊ីចេះ គាត់ថា អារឿងជិះម៉ូតូជិះអី ចេះតែជិះបានហើយ ប៉ុន្តែបើសិនជាមានឡានក្រុងច្រើន គាត់មិនជិះម៉ូតូទេ ដូច្នេះអាផ្លូវក៏វាមិនចង្អៀត គ្រោះថ្នាក់ចរាចរណ៍ក៏វាតិចទៀត។ អ៊ីចឹងគឺវាល្អ»។
លោក ហ៊ុន សែន បន្ថែមថា៖ «ដល់គាត់ឱ្យអ៊ីចឹងបានខ្ញុំទាក់ទងភ្លាមៗ ដោយសារអ៊ីចេះ គាត់ថា ឥឡូវគាត់សុំប្រគល់ជាថវិកាហ្មង ហើយឱ្យកម្ពុជាបញ្ជាទិញ។ អ៊ីចឹងបានជាខ្ញុំឱ្យឡាន ១ នាំផ្លូវគាត់ទៅជួបឯកឧត្តមអូន ព័ន្ធមុនីរ័ត្ ន[រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ]ដើម្បីគាត់ប្រគល់ថវិកាប៉ុន្មានសម្រាប់ទិញឡាន ១ ០០០ គ្រឿងហើយមករៀបចំបណ្ដាញដឹកជញ្ជូន»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រធានក្រុមហ៊ុននេះសន្យាថា ៥ ឆ្នាំក្រោយ រថយន្តនេះនឹងប្រែក្លាយទៅជារថយន្តអ៊ីដ្រូហ្សែន ដោយលោកបន្ថែមថា៖ «ដូច្នេះ វាកាន់តែទាន់សម័យ។ គាត់ប្រើពាក្យថា ការវិនិយោគរបស់គាត់ គាត់មិនយកប្រាក់ចំណេញនេះចេញពីស្រុកខ្មែរទេ។ គាត់ទុកជួយពង្រីកការងារឱ្យខ្មែរនិងជួយទៅដល់កិច្ចការសង្គមរបស់ខ្មែរ គឺជារឿងមួយល្អ»។
លោក ហ៊ុន សែន បន្តថា ប្រធានក្រុមហ៊ុននេះក៏បានស្នើសុំបើកសាកលវិទ្យាល័យផ្នែកសុខាភិបាលហើយលោកបន្ថែមថា៖ «ខ្ញុំទាក់ទងជាមួយនឹងបង ម៉ម ប៊ុនហេង [រដ្ឋមន្ត្រីសុខាភិបាល] អនុញ្ញាតបើកទៅ!អាហ្នឹងនិយាយតាមត្រង់ទៅគឺថា វាជាមុខវិជ្ជាមួយ ដែលយើងត្រូវតែគិត ក៏ប៉ុន្តែយើងមិនអាចនឹងផ្អែកទៅលើសាលារដ្ឋដោយមិនផ្អែកទៅលើសាលាឯកជនជួយបណ្តុះបណ្តាលទេ»។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុង ចំនួន ២០០ គ្រឿងដល់សាលារាជធានីភ្នំពេញដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ។
លោក លី ជុងគឿន (Lee Joong Keun) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ត្រូវបានស្រង់សម្ដីចុះផ្សាយក្នុងគេហទំព័រសាលារាជធានីភ្នំពេញដែលលោកបានថ្លែងក្នុងពិធីប្រគល់ទទួលរថយន្ត ២០០ គ្រឿងនេះថា៖ «មូលហេតុនៃការផ្តល់រថយន្តក្រុងថ្មីទាំងនេះ គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ពិសេសកាត់បន្ថយហានិភ័យដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកម្ដៅថ្ងៃ ភ្លៀងខ្យល់មកជិះក្នុងរថយន្តក្រុងដែលមានផាសុកភាពនិងអាចអានសៀវភៅបានថែមទៀត»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធីនេះថា មុនវិបត្តិកូវីដ ១៩ អ្នកធ្វើដំណើរតាមរថយន្តក្រុង មានចំនួន ប្រមាណជិត ៣ ម៉ឺននាក់។ ប្រសិនបើពុំមានសេវារថយន្តក្រុងទេនោះវានឹងធ្វើឱ្យស្ថានភាពចរាចរណ៍កាន់តែកកស្ទះណែនណាន់តាន់តាប់ខ្លាំងឡើង៕