កណ្តាលៈ អាជ្ញាធរខេត្តកណ្តាលអះអាងជាបឋមថា ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤០ ខ្នងស្មើនឹង ២១ គ្រួសារ ដែលបានបាក់ស្រុត និងខ្លះធ្លាក់ចូលទៅក្នុងទន្លេបាសាក់ នៅត្រង់ចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ក្នុងស្រុកស្អាង គឺដោយសារការស្រកចុះនៃទឹកទន្លេ ខណៈមានការស្នើឱ្យធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការបាក់ស្រុតច្រាំងទន្លេនេះ។
លោក ហាក់ សុខមករា ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល បានឱ្យដឹងតាមរយៈរបាយការណ៍ផ្ញើជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលថា ករណីបាក់ច្រាំងទន្លេបាសាក់នេះ បានបណ្ដាលឱ្យផ្ទះពលរដ្ឋចំនួន ៤០ ខ្នងរងការខូចខាតបាក់ធ្លាក់ចូលទន្លេដែលហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។
លោកបានលើកឡើងថា៖ «ទឹកទន្លេបានស្រកចុះទើបបណ្ដាលឱ្យមានការទាញដី ទើបធ្វើឱ្យមានការប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅលើច្រាំងទន្លេ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំង ដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាចម្រៀកៗ»។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល ប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៤០ខ្នងផ្ទះ ស្មើនឹងចំនួន ២១ គ្រួសារ ក្នុងនេះរួមមាន ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ ខ្នងផ្ទះ ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ ខ្នងផ្ទះ និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ ខ្នងផ្ទះ។ លោក ហាក់ សុខមករា បានលើកឡើងទៀតថា សម្រាប់វិធានការឆ្លើយតបបន្ទាន់គឺអាជ្ញាធរបានចុះណែនាំ ដល់ប្រជាពលរដ្ឋរងគ្រោះ គឺត្រូវរើសម្ភារ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងនោះ។
ក្រុមការងារខេត្តបានចុះទៅពិនិត្យទីតាំងជាក់ស្ដែង និងបានធ្វើការវាយតម្លៃថា ស្ថានភាពដី មានភាពមិនប្រក្រតី ធ្វើឱ្យសំណង់លំនៅឋាននៅតែបន្តបាក់។ ផ្ទះប្រជាពលរដ្ឋដែលនៅអមនឹងច្រាំងទន្លេបាសាក់បានបាក់ស្រុតនេះ ជាប្រភេទផ្ទះអ្នកលក់ដូរ និងប្រកបអាជីវកម្មផ្សេងៗ។
លោក ហាក់ មករា បន្ថែមថា៖ «ក្នុងករណីដែលការបាក់ស្រុតនៅតែបន្តកើតមានប្រជាពលរដ្ឋមិនអាចរស់នៅ និងបន្តការប្រកប អាជីវកម្មនៅលើទីតាំងដែលមានហានិភ័យនេះបានឡើយ ព្រោះវាអាចបង្កឱ្យកើតមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ»។
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលបានឱ្យដឹងនៅថ្ងៃទី ២៥ ខែមេសាថា មកដល់ពេលនេះ អាជ្ញាធរបានរៀបចំជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងផ្ដល់កន្លែងដែលមានសុវត្ថិភាពជូនពួកគាត់ស្នាក់នៅ ប៉ុន្តែចំពោះការចាត់ចែងនៃទំហំផលប៉ះពាល់យ៉ាងណា អាជ្ញាធរទុកមួយឡែកសិនដោយសារពួកគាត់មានលំនៅឋាននៅតាមដងទន្លេទាំងអស់។ លោកថា៖«អ្វីដែលសំខាន់ ដែលអាជ្ញាធរត្រូវធ្វើ គឺការចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពយើងសង្គ្រោះគាត់កុំឱ្យគាត់មានគ្រោះថ្នាក់ជាមុនសិន»។
លោក នូវប៉េង ច័ន្ទតារា បន្តថា ចំពោះការខាតបង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមានទំហំប៉ុនណាអាជ្ញាធរត្រូវការពិភាក្សា និងប្រជុំគ្នាជាមួយអភិបាលខេត្ត ដើម្បីត្រូវអនុវត្តអ្វីខ្លះក្នុងការដោះស្រាយលើករណីនេះ ខណៈដែលអាជ្ញាធរ បាននិងកំពុងជួយសង្គ្រោះ និងការពារប្រជាពលរដ្ឋ កុំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ជុំវិញរឿងនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងថា វាជារឿងសោកស្ដាយ និងគួរឱ្យបារម្ភដោយសារពលរដ្ឋបានបាត់បង់ទ្រព្យសម្បត្តិ លំនៅឋាន ពិសេសបើសិនជាករណីនេះបានកើតឡើងនៅពេលយប់នោះ វាអាចបង្កគ្រោះថ្នាក់ទៅដល់អាយុជីវិតជាមិនខាន។ លោកលើកឡើងថា អាជ្ញាធរដែលពាក់ព័ន្ធ ពិសេសអ្នកជំនាញ គួរតែចុះសិក្សា និងពិនិត្យឱ្យបានច្បាស់លាស់ហើយនិងរកមធ្យោបាយ ដើម្បីធ្វើការការពារទៅដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង បានចុះពិនិត្យ និងសួរសុខទុក្ខគ្រួសារពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបាក់ស្រុតផ្ទះនៅតាមដងទន្លេបាសាក់ នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង។
យោងតាមរដ្ឋបាលខេត្តកណ្តាល នាឱកាសនោះលោកសុខុន បានស្នើឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ពីសុវត្ថិភាព អាយុជីវិត ជួយសង្គ្រោះ និងការពារបញ្ចៀសកុំឱ្យមានការរងគ្រោះដល់អាយុជីវិត ត្រូវចាត់កម្លាំងការពារសុវត្ថិភាពសម្ភាររបស់ពលរដ្ឋ ដែលនៅសល់។
លោក ប្រាក់ សុខន ក៏បានស្នើឱ្យអាជ្ញាធរ ត្រូវរៀបចំក្រុមការងារស្រាវជ្រាវរកពីមូលហេតុពិតប្រាកដនៃការបាក់ស្រុតច្រាំងទន្លេ ដែលបានធ្វើឱ្យមានការខូចខាតផ្ទះប្រជាពលរដ្ឋនេះ និងវាយតម្លៃពីស្ថានភាពផ្ទះ ឱ្យបានឆាប់រហ័ស និងរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ជាតិ និងជម្រាបជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានដឹងផងដែរ៕