ភ្នំពេញៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទទួលបានការចុះឈ្មោះចូលជាសមាជិកសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ពីបុគ្គលស្វ័យនិយោជន៍ជិត ១ ០០០ នាក់ ខណៈមន្ត្រីអំពាវនាវឱ្យបុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកបើកបរត្រីចក្រយានយន្ត (ម៉ូតូកង់ ៣) ចុះឈ្មោះចូលជាសមាជិកដើម្បីទទួលបានអត្ថប្រយោជន៍។
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកបើកបរត្រីចក្រយានយន្ត (ម៉ូតូកង់ ៣) ក្នុងរាជធានីភ្នំពេញ អាចទទួលបានការធានារ៉ាប់រងសុខភាព ចាប់ពីថ្ងៃទី ១ ខែមេសា តទៅ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ មេសាថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្ត គឺរហូតមកដល់ពេលនេះ មានបុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកបើកបរម៉ូតូកង់ ៣ ជិត ១ ០០០ នាក់បានចុះឈ្មោះចូលជាសមាជិករបស់ ប.ស.ស។
លោកបញ្ជាក់ថា៖ «សម្រាប់ការអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ ដែលទើបចាប់ផ្តើមចុះបញ្ជិកាចាប់ពីថ្ងៃទី ១ មេសា រហូតមកដល់ពេលនេះ គឺមានអ្នកមកចុះបញ្ជីចំនួន ៩៧២ នាក់ ហើយសម្រាប់ការទទួលផល គឺមិនទាន់មានអ្នកទៅទទួលសេវាទេ ព្រោះវាទើបតែដំណើរការ»។
លោក ហេង សុផាន់ណារិទ្ធ និយាយថា គម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ នឹងក្លាយជាយន្តការសិក្សាសម្រាប់ការពង្រីកនៃការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់គ្រប់បុគ្គលស្វ័យនិយោជន៍នៅក្នុងប្រទេសកម្ពុជា ហើយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមកម្ពុជា។ ដូច្នេះលោកអំពាវនាវដល់បុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកបើកបរម៉ូតូកង់ ៣ នៅក្នុងរាជធានីភ្នំពេញ ឱ្យមកចុះឈ្មោះចូលជាសមាជិក ហើយបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស។
ដើម្បីចុះឈ្មោះចូលជាសមាជិកនោះ អ្នកបើកបរម៉ូតូកង់ ៣ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបណ្ណសម្គាល់យានយន្តមកកាន់ទីស្នាក់ការកណ្តាលរបស់ ប.ស.ស ឬចុះឈ្មោះតាមរយៈកម្មវិធី NSSF-PilotScheme រីឯថ្លៃភាគទានប្រចាំខែ ដែលត្រូវបង់ គឺមានចំនួន ១៥ ៦០០ រៀល ហើយបន្ទាប់ពីបង់ថ្លៃភាគទានចំនួន ២ ខែជាប់គ្នា ពួកគាត់នឹងអាចទទួលបានសេវាព្យាបាលជំងឺក្នុងមណ្ឌលសុខភាពដែលទទួលស្គាល់ដោយ ប.ស.ស.ក៏ដូចជា សេវាសម្ភព និងសេវាសង្គ្រោះបន្ទាន់។ នេះបើតាមការណែនាំអំពីនីតិវិធីរបស់ ប.ស.ស។
គម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពពីបុគ្គលស្វ័យនិយោជន៍ គឺជាផ្នែកមួយនៃកិច្ចសហការរវាង ប.ស.ស និងអង្គការហ្រេ្គត ដោយមានការគាំទ្រពី AFD ដើម្បីសម្រេចបាននូវប្រព័ន្ធសន្តិសុខសង្គមរួមបញ្ចូលគ្នាសម្រាប់អ្នកបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបម្រើការតាមផ្ទះ ខណៈបច្ចុប្បន្ននេះ អ្នកបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជាង៦៥ភាគរយនៃសេដ្ឋ-កិច្ចកម្ពុជា។
លោក Emmanuel Dollfus នាយករងប្រចាំប្រទេសនៃ AFD កម្ពុជា បាននិយាយថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយដែល ប.ស.ស កំពុងពង្រីកវិសាលភាពដើម្បីរួមបញ្ចូលអ្នកបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅក្នុងរបបថា្នក់ជាតិមួយនេះ។
លោកបានបញ្ជាក់ថា៖ «មានភារកិច្ចសំខាន់មួយនៅពេលខាងមុខ ដើម្បីពង្រីកការគ្របដណ្ដប់ និងភាពគ្រប់គ្រាន់នៃការគាំពារសង្គម។ ភារកិច្ចនេះគឺជាអាទិភាព»។
ចំណែកលោក Damien Thibaut អគ្គនាយករងអង្គការ ហ្រ្គេត ដែលជាស្ថាប័នចូលរួមអនុវត្តគម្រោងនេះ បានរំពឹងថា៖ «(គម្រោងនេះ) វានឹងបង្កើនសាមគ្គីភាពរវាងប្រជាជន ក៏ដូចជាការធានាឱ្យមានសង្គមដែលមានភាពរួបរួមគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»៕