ព្រះវិហារៈ ប្រជាសហគមន៍ក្នុងឃុំកំពង់ស្រឡៅ ២ នៃស្រុកឆែប បាននិយាយថា យ៉ាងហោចណាស់ដីព្រៃសហគមន៍របស់ពួកគេប្រមាណ២០០ ហិកតា ត្រូវបានក្រុមជនខិលខូច មកពីបណ្ដាខេត្ត ផ្សេងៗសរុបប្រមាណជាង ១០០ គ្រួសារ នាំគ្នាលួចចូលទន្ទ្រានកាន់កាប់ដោយគ្មានការអនុញ្ញាតម្ដងហើយម្ដងទៀត បើទោះជាមានការព្រមានចាត់វិធានការតាមច្បាប់រដ្ឋបាល ពីអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញក៏ដោយ ។
លោក កេន សុគន្ធ ប្រធានសហគមន៍ព្រៃឈើកំពង់ព្រះឥន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ ខែមេសា ថា ព្រៃសហគមន៍របស់ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្រឡៅ២ ស្ថិតនៅចំណុចត្រពាំងក្បាលដំរី និង ចង្ហាធំ ឈមនឹងចំណុចត្រពាំងគគីរ និងប្រឡាយរំដេង ដែលស្ថិតក្នុងភូមិសាស្ត្រឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ប្រមាណ២០០ហិកតា ត្រូវបានក្រុមជនខិលខូចលួចកាប់ទន្ទ្រាន និងសាងសង់ជាលំនៅឋានដោយគ្មានការអនុញ្ញាត។
លោក សុគន្ធ បានបញ្ជាក់ថា៖«កាលពីដើមខែមេសា កន្លងទៅនេះ ក្រុមការងារយើងរកឃើញមានការលួចចូលទន្ទ្រានកាន់កាប់និងសង់លំនៅឋានប្រមាណជា៤-១០ខ្នងផ្ទះប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះស្រាប់តែមានការលួចចូលសាងសង់ផ្ទះនិងកូនខ្ទមប្រមាណជាង១០០ខ្នង»។
បើតាមលោក សុគន្ធ ក្រុមជនខិលខូចទាំងនោះ ភាគច្រើនជាអ្នកមកពីបណ្ដាខេត្តផ្សេងៗ រួមមាន ខេត្តស្ទឹងត្រែង ត្បូងឃ្មុំ រតនគិរី ឧត្តរមានជ័យ កំពង់ឆ្នាំង និងអ្នកមកពីស្រុករវៀង ខេត្តព្រះវិហារ។ ពួកគេធ្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋាន និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ ធ្វើការបង្ក្រាបចាប់រឹបអូសសម្ភារ និងធ្វើការអប់រំណែនាំ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់នេះ ម្ដងរួចមកហើយ ប៉ុន្តែពួកគេនៅតែបន្តលួចធ្វើសកម្មភាពល្មើសច្បាប់នេះ ដោយមានការកែនគ្នីគ្នាកាន់តែច្រើនឡើងថែមទៀត។
ការកើនឡើងនៃចំនួនខ្នងផ្ទះនៅក្នុងព្រៃសហគមន៍ ក្នុងភូមិសាស្ត្រខាងលើនេះ បានធ្វើឱ្យមានក្ដីព្រួយកង្វល់កាន់តែខ្លាំងឡើង សម្រាប់ប្រជាសហគមន៍ក្នុងឃុំកំពង់ស្រឡៅ២។
លោក ហម លីហៀង ប្រធានសហគមន៍ព្រៃឈើកំពង់ជ្រៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមការងាររបស់លោកបានធ្វើការស្រាវជ្រាវ រកឃើញមានជនសង្ស័យជាមេខ្យល់ចំនួន៤នាក់ រួមមានឈ្មោះ សាន តឿង, ហំ កុសល, ឡុញ ចេក និង សុខ សុជាតិ កំពុងដើរចលនាពលរដ្ឋពីបណ្ដាស្រុក-ខេត្តនានា ឱ្យចូលមកកាប់រាន និងសង់ផ្ទះនៅក្នុងចំណុចត្រពាំងក្បាលដំរី និង ចង្ហាធំយ៉ាងអនាធិបតេយ្យ។
លោកថ្លែងថា៖«ពួកគេមិនត្រឹមតែនាំគ្នាកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃតាមរយៈការសង់ផ្ទះយ៉ាងអនាធិបតេយ្យនៅក្នុងព្រៃរបស់សហគមន៍យើងខ្ញុំទេ ថែមទាំងលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ថែមទៀត»។
បើតាមលោក លីហៀង ថ្មីៗនេះ ប្រជាសហគមន៍បានជួយសង្គ្រោះសត្វទន្សោង១ក្បាលពីអន្ទាក់ ហើយក៏បានប្រទះឃើញនិងដោះអន្ទាក់សត្វព្រៃបានប្រមាណជិត១០០អន្ទាក់ផងដែរ នៅចំណុចត្រពាំងក្បាលដំរី និងចង្ហាធំ ដែលស្ថិតនៅជាប់ព្រំប្រទល់នៃចំណុចត្រពាំងគគីរ និងប្រឡាយរំដេងក្នុងភូមិសាស្ត្រនៃឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលក្រុមជនខិលខូចបានលួចដាក់បង្កប់នៅក្នុងព្រៃ ដើម្បីចាប់សត្វព្រៃ។
ជាមួយគ្នានេះ លោកបានអំពាវនាវ សុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ ជួយអន្តរាគមន៍ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ទៅលើក្រុមជនខិលខូចទាំងនោះ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅក្នុងសហគមន៍ ដែលកំពុងរងការយាយី ពីសំណាក់ជនខិលខូចទាំងនោះ។
ជុំវិញករណីនេះ លោក ង៉ែត សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើស្តីទី កំពង់ស្រឡៅ-ម្លូព្រៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីនេះ ក្រុមការងាររបស់លោក កំពុងចាត់វិធានការតាមនីតិវិធីហើយ។ លោកបានបន្តថា កន្លងមក ក្រុមការងាររបស់លោក បានសហការជាមួយប្រជាសហគមន៍ចុះល្បាតព្រៃ ដោយបានប្រទះឃើញនិងបង្ក្រាបបទល្មើសទាំងនោះជាបន្តបន្ទាប់។
លោកថ្លែងថា៖«ករណី ពលរដ្ឋមកពីតំបន់ផ្សេងមកចូលកាប់រានដីព្រៃសហគមន៍នៅក្នុងឃុំកំពង់ស្រឡៅ២នេះ គឺយើងបានបង្ក្រាប ចាប់រឹបអូសវត្ថុតាង និងបានអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់ជាបន្តបន្ទាប់។ នៅពេលនេះ ក្រុមការងារយើងកំពុងធ្វើការស្រាវជ្រាវ ប្រមូលភ័ស្ដុតាង ទៅតាមនីតិវិធី ដើម្បីចងក្រងឯកសារបញ្ជូនឱ្យ ថ្នាក់ដឹកនាំ ពិនិត្យនឹងមានវិធានការបន្តតាមនីតិវិធី»។
យ៉ាងណាក៏ដោយ លោក ប៉ឹក សោភណ ប្រធានអង្គការពន្លកខ្មែរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាជ្ញាធរហាក់ដូចជាមានការស្ទាក់ស្ទើរនៅក្នុងការចុះប្រតិបត្តិការបង្ក្រាប ទៅលើក្រុមជនឱកាសនិយមទាំងនោះ ឱ្យចេញពីព្រៃការពាររបស់សហគមន៍ ខណៈករណីនេះ បានកើតឡើងជាបន្តបន្ទាប់ ហើយព្រៃឈើនឹងសត្វព្រៃជាច្រើន បានរងការកាប់បំផ្លាញ និងបរបាញ់ដាក់អន្ទាក់។
លោកថ្លែងថា៖«ការអូសបន្លាយពេលនៅក្នុងការចាត់វិធានការរដ្ឋបាល បង្ក្រាបចំពោះបទល្មើសខាងលើនេះ នឹងធ្វើឱ្យជនឱកាសនិយមទាំងនោះ កាន់តែបានចិត្ត និងធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងព្រៃសហគមន៍ឃុំកំពង់ស្រឡៅ២ កាន់តែច្រើនថែមទៀត»។
ប៉ុន្តែលោក ផិង ថុង មេឃុំកំពង់ស្រឡៅ២ បានថ្លែងថា ការអនុវត្តវិធានការរដ្ឋបាល គឺមិនអាចធ្វើដោយភាពតក់ក្រហល់បានទេ ខណៈទីតាំងដែលមានការរំលោភបំពាននោះ នៅមិនទាន់មានការកំណត់ភាពច្បាស់លាស់នៅឡើយ ដោយសារទីតាំងនោះ វាស្ថិតនៅឈមនឹងព្រំប្រទល់រវាង ឃុំកំពង់ស្រឡៅ២ នៃស្រុកឆែប ខេត្តព្រះវិហារ និងឃុំព្រះរំកិល នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកថ្លែងថា៖«អាជ្ញាធរយើងកំពុងមានចំណាត់ការលើករណីនេះហើយ»៕