កំពតៈ ស្នងការនគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ដើម្បីបន្តនីតិវិធីទៅតុលាការ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើភរិយា ក្រោយចូលខ្លួនបំភ្លឺនៅថ្ងៃទី ២៥ មេសា ជុំវិញពាក្យបណ្តឹងរបស់ស្ត្រីជាភរិយា។
កាលពីថ្ងៃទី ២៥ មេសា អ្នកស្រីម៉ាត់ លក្ខិណា ដែលជាភរិយាលោកគឹម បញ្ញា មានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត បានបង្ហោះនូវសារ ១ដោយភ្ជាប់ជាមួយវីដេអូ និងរូបថតដែលនាងបានរងនូវអំពើហិង្សា ជាមួយនឹងការរៀបរាប់ពីការឈឺចាប់។ ការបង្ហោះសារនោះ ក៏បានអំពាវនាវឱ្យសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចជួយរកយុតិ្តធម៌ដល់រូបនាង បន្ទាប់ពីទទួលរងនូវអំពើហិង្សាជាញឹកញាប់ បើទោះជាស្វាមី ធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាក្តីក៏អ្នកស្រីនៅតែបន្តទទួលរងអំពើហិង្សាដដែល ដែលជាហេតុធ្វើឱ្យអ្នកស្រីទ្រាំលែងបាន។
អ្នកស្រី ម៉ាត់ លក្ខិណា បានសរសេរក្នុងន័យដើមថា៖ «នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពីឆ្នាំ ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រឡាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត។ គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ។ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំនឹងអស់ការទ្រាំបន្តទៀត»។
ក្រោយមានការចែកចាយនូវសំណេរទាំងនោះជាបន្តបន្ទាប់ មិនដល់ ២៤ ម៉ោងផង ស្នងការនគរបាលខេត្តកំពតបានធ្វើការកោះអញ្ជើញលោក គឹមបញ្ញា ដែលជាអភិបាលរងក្រុងបូកគោទៅឆ្លើយបំភ្លឺ ជុំវិញករណីហិង្សាលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពត។ មិនដល់ ១ ម៉ោងផង លោក គឹម បញ្ញា បានទៅបង្ហាញខ្លួនតាមការកោះអញ្ជើញ ហើយក្រោយមកត្រូវបានស្នងការនគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនដើម្បីបន្តនីតិវិធីទៅតុលាការ ពាក់ពន្ធ័ករណីហិង្សាលើភរិយា។
ស្នងការនគរបាលខេត្តកំពត បានប្រកាសនៅលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី ២៥ ខែមេសាថា៖ «ក្រោយធ្វើការសាកសួរបំភ្លឺ នឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថកិច្ចបានសុំគោលការណ៍ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពីឯកឧត្តមព្រះរាជអាជ្ញា សម្រេច ឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនីតិវិធីទៅតុលាការពាក់ព័ន្ធករណីហិង្សាលើភរិយា»។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមេសាថា លោក គឹម បញ្ញា នឹងត្រូវបញ្ជូនទៅតុលាការ នៅថ្ងៃទី ២៧ ខែមេសា ពាក់ព័ន្ធនឹងបទល្មើសហិង្សា។ លោកបានបញ្ជាក់ថា នៅពេលដល់នីតិវិធីនៃការឃុំខ្លួន ឬចោទប្រកាន់ក្នុងករណីដែលគាត់ជា អ្នករាជការសាធារណៈ បានប្រព្រឹត្តបទល្មើស នោះសាមីខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋហើយ។
លោកបានបញ្ជាក់ថា៖ «អំពើហិង្សាមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេ ទោះបីយើងជាមន្ត្រីរាជការដូចគ្នា ត្រូវតែអនុវត្តតាមផ្លូវច្បាប់។ យើងមានភ័ស្តុតាងទី ១ គឺរូបភាព និងវីដេអូដែលគ្រួសារគាត់ បានបង្ហោះដូចអ៊ីចឹង ហើយ ១ ទៀត គឺយើងបានហៅគាត់មកសួរនាំពីករណីហ្នឹង ហើយកើតមានច្រើនលើកច្រើនសា ពេក ហើយគាត់បានសារភាពថា ខ្លួនបានប្រើប្រាស់អំពើហិង្សា»។
លោកស្រី ស ស៊ីណែត អគ្គនាយិការង នៃក្រសួងកិច្ចការនារី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៥ មេសា ថា ក្រោយទទួលបានព័ត៌មានភ្លាមៗ ក្រសួងកិច្ចការនារី បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីមានចំណាត់ការលើករណីនេះ និងក៏បានទាក់ទងដោយផ្ទាល់ជាមួយនឹងជនរងគ្រោះផងដែរ។ លោកស្រី បានបន្តថា មកដល់ពេលនេះ ក្រុមការងារផ្នែកយេនឌ័រ និងទប់ស្កាត់អំពើហិង្សា បានចូលទៅការពារជនរងគ្រោះ រួមទាំងផ្តល់សេវាមួយចំនួន ដែលជនរងគ្រោះត្រូវការផងដែរ។
លោកស្រី បានរៀបរាប់ថា៖ «យើងសំណូមពរ និងចង់ឱ្យជនរងគ្រោះ ត្រូវបំបែកភាពស្ងៀមស្ងាត់ ចាប់ផ្តើមពីខ្លួនយើង រឹងមាំ ត្រូវស្វែងរកសេវាដែលនៅជិតខ្លួនបំផុត ព្រោះការស្វែងរកសេវា គឺអាចជួយយើងឱ្យរួចផុតពីអំពើហិង្សាបាន»។
លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ បាននិយាយថា អំពើហិង្សានៅក្នុងគ្រួសារ មិនថានៅក្នុងឋានៈ និងតួនាទីណានោះទេ ជនប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែលោកស្រី លើកឡើងថា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅពេលអ្នកប្រព្រឹត្ត មានតួនាទីជាមន្ត្រីរាជការ នោះផលវិបាកដែលសង្គមទទួលបាន គឺធ្ងន់ធ្ងរខ្លាំងជាងមនុស្សទូទៅប្រព្រឹត្ត ខណៈមន្ត្រីរាជការ ត្រូវធ្វើជាគំរូល្អ ទៅដល់សាធារណជននៅក្នុងប្រទេស។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំអបអរសាទរ ចំពោះចំណាត់ការ ១ នេះ ដោយសារតែនេះ គឺជាការឆ្លើយតបទៅនឹងការទទួលបានយុត្តិធម៌ ទៅលើជនរងគ្រោះ។ វានៅមានករណីដែលយើងដឹង និងមិនដឹងច្រើនណាស់ ដែលបានកើតឡើងពាក់ព័ន្ធនឹងស្ថានភាពគ្រួសារនេះ។ ដូច្នេះចំណាត់ការ ១នេះ ខ្ញុំគិតថា ជាចំណាត់ការបន្ទាន់ និងល្អ នៅពេលឃើញមានរឿងរ៉ាវហ្នឹងកើតឡើង ហើយយើងមានចំណាត់ការភ្លាមៗ។ ការដែលធ្វើបែបនេះ គឺបានបង្ហាញទៅកាន់សាធារណជន និងជនដែលប្រព្រឹត្តថា អ្វីដែលប្រព្រឹត្តហ្នឹង គឺមិនអាចរួចពីសំណាញ់ច្បាប់បានទេ»៕