ស្ទឹងត្រែងៈ រដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានកត់ត្រាកូនផ្សោតថ្មី ១ ក្បាលទើបនឹងកើត ជាកូនផ្សោតទី៣ ក្នុងរយៈពេល ៤ ខែ ចាប់តាំងពីខែមករាដល់ខែមេសា ឆ្នាំ ២០២៣ ខណៈដែលមន្ត្រីអភិរក្សថា ឆ្នាំនេះចំនួនអត្រាងាប់នៃសត្វផ្សោតមានការថយចុះប្រមាណ ៥០%។
តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ថ្ងៃទី ២៥ ខែមេសា បានធ្វើការប្រកាសពីការរកឃើញនូវកូនផ្សោតទើបកើតថ្មី ១ ក្បាលដែលមានអាយុប្រមាណ ១ សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ ២ ក្បាលផ្សេងទៀត។ តាមការអង្កេតរបស់ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាវត្តមានកូនផ្សោតទើបនឹងកើតថ្មីនេះ ជាកូនផ្សោតទី ៣ ហើយ បើគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ នេះ។
ក្រសួងបញ្ជាក់ថា៖ «ក្រុមអ្នកស្រាវជ្រាវ បានកត់ត្រាកូនផ្សោតថ្មីនេះ នៅម៉ោង ១៣:៤២ នាទី នាថ្ងៃទី ២៥ មេសា ឆ្នាំ ២០២៣ ដែលកំពុងហែលជាមួយផ្សោតពេញវ័យ ២ ក្បាលទៀត នៅចំណុច ០៦០០-០៧៦,១ ៤៧២ ៥០០ នៃអន្លង់កោះកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង»។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៦ ខែមេសា ថា ក្នុងនាមជាអង្គភាពទទួលខុសត្រូវ និងជាមន្ត្រីរដ្ឋបាលជលផល ដែលទទួលបន្ទុកលើការងារអភិរក្ស គឺពិតជាអបអរសាទរ និងសប្បាយរីករាយជាពន់ពេក។ លោកបន្តថា លោក និងមន្ត្រីពាក់ព័ន្ធមានការសប្បាយពេលទទួលបានកូនផ្សោតទើបនឹងកើតថ្មីម្ដងៗ ហើយនេះ គឺជាកូនផ្សោតលើកទី ៣ ដែលកម្ពុជាមានកូនផ្សោតសរុបចំនួន ៣ ក្បាលគិតចាប់ពីដើមឆ្នាំក្នុងខែមករាមក បើធៀបទៅនឹង ១ ឆ្នាំពេញ ក្នុងឆ្នាំ ២០២២ គឺកម្ពុជាមានកូនផ្សោតទើបកើតសរុប ៦ ក្បាល។
ប៉ុន្តែបើទោះបីជាកន្លងមក មានកូនផ្សោត ១ ក្បាលបានងាប់ក៏ដោយ លោក អ៊ុក វិបុលថា ចំនួនដែលនៅសល់ទាំងនេះ ក៏ជារឿងដែលសាទរផងដែរ ពីព្រោះនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជាអាចមានកូនផ្សោតទើបកើតចំនួន ៣ ក្បាល។ លោកបន្តថា បើប្រៀបធៀបជាមួយសត្វផ្សោតដែលងាប់វិញ ក្នុងរយៈពេល ៤ ខែ ឆ្នាំនេះ មានសត្វផ្សោតចំនួន ២ ក្បាល គឺផ្សោតធំ ១ និងកូនផ្សោត ១ ប៉ុន្តែបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានសត្វផ្សោតងាប់សរុបចំនួន ៦ ក្បាល។ ដូច្នេះលោកថា អត្រានៃការងាប់សត្វផ្សោតក្នុងឆ្នាំនេះ គឺមានការថយចុះជាងឆ្នាំមុន។
លោក អ៊ុក វិបុល បញ្ជាក់ថា៖ «អ៊ីចឹង! យើងអាចថា វាមានការថយចុះជាងឆ្នាំមុន ជាង ៥០% ប៉ុន្តែ យើងនៅតែប្រឹងប្រែងបន្តទៀត ដោយត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយការស្លាប់របស់សត្វផ្សោតឱ្យបាននៅទាបបំផុត ដែលអាចធ្វើទៅបាន»។
លោកបន្តថា ៖ «មួយវិញទៀត យើងក៏មិនអាចប្រឆាំងជាមួយនឹងធម្មជាតិបានទេ បើកាលណាផ្សោតវាស្លាប់ដោយកត្ដាធម្មជាតិ ប៉ុន្តែបើស្លាប់ដោយសារមង ដោយសារឆក់ វាជារឿងមួយដែលយើងមិនអាចទទួលយកបាន អ៊ីចឹងហើយបានយើងខំទប់ស្កាត់»។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២២ ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតចំនួន ៦ ក្បាល ហើយនៅឆ្នាំ ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតចំនួន ៦ ក្បាលដូចគ្នាដែរ៕