ភ្នំពេញៈ ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក បើទោះបីជាឆ្នាំនេះក្រសួងមិនបានចាត់ចែងរៀបចំកម្មវីធីដោយផ្ទាល់ក៏ដោយ ប៉ុន្តែក្រសួងនឹងចាត់តាំងអ្នកតំណាង ដើម្បីទៅចូលរួមជាមួយដៃគូពាក់ព័ន្ធនានា ក្នុងការប្រារព្ធទិវានេះ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានដឹងនៅថ្ងៃទី២៧ខែមេសានេះថា ពាក់ព័ន្ធនឹងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ក្រសួងព័ត៌មាន តែងតែផ្តល់តម្លៃនិងសារៈសំខាន់ចំពោះទិវានេះ និងតែងតែគាំទ្រដល់ដៃគូរពាក់ព័ន្ធនានាក្នុងការរៀបចំប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។
លោកបន្តថា ទោះបីជាក្រសួងព័ត៌មានមិនបានចាត់ចែងរៀបចំកម្មវិធីនេះក៏ដោយ ប៉ុន្តែក្រសួងអាចចាត់អ្នកតំណាងពីក្រសួងព័ត៌មាន ដើម្បីទៅចូលរួមកម្មវិធីប្រារព្ធទិវានេះ ខណៈដែលមានការរៀបចំដោយភាគីពាក់ព័ន្ធនានា ដូចបណ្តាឆ្នាំកន្លងៗមកផងដែរ។
លោក មាស សុភ័ណ្ឌ បញ្ជាក់ថា៖ «សម្រាប់ឆ្នាំនេះ ដោយសារមានភាពមមាញឹកខ្លាំងក្នុងការត្រៀមរៀបចំការផ្សព្វផ្សាយព្រឹត្តិការណ៍ការប្រកួតកីឡស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងពុំបានចាត់តាំងរៀបចំកម្មវិធីដូចឆ្នាំ២០២២កន្លងទៅនោះទេ ប៉ុន្តែអាចចាត់តាំងតំណាងក្រសួងព័ត៌មានចូលកម្មវិធីប្រារព្ធទិវានេះ ដែលរៀបចំដោយភាគីពាក់ព័ន្ធនានា ដូចបណ្តាឆ្នាំកន្លងៗមកផងដែរ»។
លោកបន្ថែមថា សម្រាប់ទិវានេះ នៅកម្ពុជាក៏តែងតែទទួលបានការយកចិត្តទុកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ហើយឆ្នាំនេះក៏អាចមិនខុសពីបណ្តាឆ្នាំកន្លងមកដែរ ពីព្រោះនាយករដ្ឋមន្ត្រីនៃកម្ពុជា អាចនឹងចេញសារលិខិតអបអរសាទរទិវាសេរីភាពពិភពលោកនេះដូចបណ្តាឆ្នាំមុនៗជាដើម។
លោកបញ្ជាក់ទៀតថា ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា មានស្ថានភាពល្អប្រសើរជាលំដាប់ ហើយលម្ហសេរីភាពសារព័ត៌មាននៅតែរក្សាបានយ៉ាងពេញលេញស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ ចំនួនអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានប្រកបដោយភាពចម្រុះ និងទស្សនៈគ្រប់និន្នាការ មានចំនួនកើនឡើងពី១ថ្ងៃទៅ១ថ្ងៃព្រមទាំងបាននិងកំពុងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានា ដោយសេរីគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយគ្មានការរើសអើងរឹតត្បិត គំរាមកំហែង ឬធ្វើទុក្ខបុកម្នេញនោះឡើយ។
លោក ហួន ផន ជាមន្ត្រីសម្របសម្រួលគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំសកម្មភាពមួយចំនួន ដើម្បីចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលក្នុងនោះមានការរៀបចំផ្សព្វផ្សាយជីវប្រវត្តិរបស់អ្នកសារព័ត៌មាន និងអ្នកដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ដែលលះបង់ទៅលើកិច្ចការងារសារព័ត៌មាន។ លោកថា៖«ក៏មានបង្ហាញនូវវីដេអូខ្លី ដែលទាក់ទងនឹងអ្វីទៅដែលហៅថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្វីទៅដែលហៅថាសេរីភាពបញ្ចេញមតិ ក៏ដូចជាកម្មវិធីវិទ្យុដែលទាក់ទងជាមួយនឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជា»។
ទិវាសេរីភាពសារព័ត៌មានពិភពលោកនឹងប្រារព្ធឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣៕