ព្រៃឡង់ៈ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ បានប្រកាសពីលទ្ធផលនៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់នាររយៈពេល ២ ថ្ងៃ កន្លងមកនេះថា បានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសចំនួន ១២ នាក់ និងវត្ថុតាងជាមធ្យោយបាយដឹកជញ្ជូនបទល្មើស (រថយន្ត គោយន្ត និងម៉ូតូ) ជាច្រើនគ្រឿង រួមទាំងឈើ រាប់សិបម៉ែត្រគុប ។
ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានទទួលសេចក្ដីរាយការណ៍ព័ត៌មានពិតប្រាកដមួយ ពីភ្នាក់ងារស្រាវជ្រាវបទល្មើសកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា មានបទល្មើសធនធានធម្មជាតិកើតឡើងយ៉ាងពេញបន្ទុក នៅក្នុងខេត្តជុំវិញតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ហើយលោកក៏បានចេញបញ្ជាឱ្យដាក់កម្លាំងអន្តរាគមន៍ពីថ្នាក់ជាតិចំនួន១៥០នាក់ ចុះទៅកាន់ទីតាំងដែលមានបទល្មើសទាំងនោះ ដើម្បីធ្វើការស្រាវជ្រាវ និងបង្ក្រាបដោយគ្មានការលើកលែង។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមកម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ «បានបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន ៧គ្រឿង គោយន្តកន្ត្រៃចំនួន ១៣គ្រឿង ម៉ូតូចំនួន ១គ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន ១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី»។
តាមរយៈសារសំឡេងរបស់លោក សៅ សុខា ដែលចេញបទបញ្ជាឱ្យកម្លាំងអន្តរាគមន៍ពីថ្នាក់ជាតិចំនួន១៥០នាក់ និងបែងចែកជា១៥ក្រុម ប្រដាប់ដោយអាវុធក្នុងដៃផងនោះ ចុះទៅកាន់គោលដៅដែលភ្នាក់ងារបានរាយការណ៍ថា មានការដឹកជញ្ជូនឈើ និងទីតាំងដែលមានការកាប់បំផ្លាញព្រៃឈើទាំងនោះ ដោយមិនចាំបាច់ ជូនដំណឺងដល់រដ្ឋបាលថ្នាក់ខេត្តមកចូលរួមសហការនោះឡើយ ។
តាមរយៈសារសំឡងនោះ លោក សៅ សុខា បានថ្លែងថា៖«បើព័ត៌មានកំពុងកើតឡើងទេ ខ្ញុំសុំឱ្យលោក ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបកម្លាំង១៥០នាក់ រួមទាំងអាវុធ បើសិនជាត្រូវប្រើរថពាសដែកក៏បានដែរ ទៅសង្រ្គុបពួកអាអស់ហ្នឹងមើល វាមានប៉ុន្មាននាក់ ពួកអាបំផ្លាញព្រៃឈើហ្នឹង? វាយខ្នោះចងឱ្យអស់មើល ហើយចាំមើលអាណាខ្លះវាចេញមុខកាងបទល្មើសព្រៃឈើហ្នឹង។ ... បើអាស្រុក អាខេត្តមិនធ្វើទេ យើងធ្វើ មិនបាច់ហៅពីណាទៅទេ អាវុធហត្ថទៅធ្វើ ហើយបើ[ពួកវា]មានកាំភ្លើងបាញ់តដៃ បាញ់កម្ទេចគ្រវាត់ចោលតែម្ដងទៅ!»។
លោកបានថ្លែងបន្តទៀតថា៖«មិនចាំបាច់សួរស្រុក សួរខេត្តអីទៀតទេ សួរអាណាក៏អត់បានការដែរ បើពួកវាអត់ធ្វើការផងហ្នឹង ហើយចាំមើលអាណាចេញមុខមក វាអាងអាណាកាប់បំផ្លាញព្រៃឈើហ្នឹង»។
ជុំវិញសារសំឡេងនៃបទបញ្ជារបស់លោក សៅ សុខា ដែលត្រូវបានបណ្ដាញសង្គមមួយចំនួនយកទៅផ្សព្វផ្សាយ ដែលមានការគាំទ្រ និងការរិះគន់ផងដែរនោះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានពន្យល់ថា ជាទូទៅ កិច្ចការងារជាប្រចាំក្នុងការក្តាប់ព័ត៌មាន ស្រាវជ្រាវទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសព្រៃឈើ គឺថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។ ក្នុងករណីខ្វះកម្លាំង ខ្វះមធ្យោបាយ ថ្នាក់ខេត្ត អាចស្នើសុំមកគណៈកម្មការជាតិ គឺថ្នាក់ជាតិ នឹងផ្តល់កម្លាំង មធ្យោបាយចុះទៅសហការបង្ក្រាបភ្លាម។
ប៉ុន្តែករណីបទល្មើសជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ ខែមេសា មិនមានសេចក្តីរាយការណ៍ ឬការស្នើសុំកម្លាំង មធ្យោបាយពីថ្នាក់ខេត្ត ក្រុង ស្រុក មកថ្នាក់ជាតិនោះទេ គឺថ្នាក់ជាតិទទួលព័ត៌មានច្បាស់ការណ៍ពីជំនាញស្រាវជ្រាវព័ត៌មានដោយផ្ទាល់ ទើបបានលោកប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចបញ្ជាកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបភ្លាមៗដោយផ្ទាល់ ដោយ«មិនចាំបាច់ជូនដំណឹងទៅថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីរក្សាការសម្ងាត់ក្នុងការបង្ក្រាបឱ្យមានប្រសិទ្ធភាព» ជាលទ្ធផលដូចបានជម្រាបជូនខាងលើ។
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ និងអ្នកសារព័ត៌មាន និងបានលើកទឹកចិត្ត ពួកគេឱ្យបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់៕