ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ស្នើឱ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំប៉ោង ដែលអាចនឹងកើតមានច្រើននៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ក្នុងខែកក្កដាខាងមុខ។
ការអំពាវនាវឱ្យប្រុងប្រយ័ត្ននេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ២៦ មេសា។ លោកកាញារីទ្ធ លើកឡើងថា លោកបានចាត់ទុកវិស័យសារព័ត៌មានមានសារៈសំខាន់ និងរំជើបរំជួលយ៉ាងខ្លាំង ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខិតជិតមកដល់ហើយស្របពេលជាមួយគ្នានេះដែរ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំប៉ោងនឹងត្រូវគេផ្សព្វផ្សាយ។
ត្រង់ចំណុចនេះលោកបានឱ្យអ្នកសារព័ត៌មានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ។ លោកថា៖«យើងត្រូវយល់ថា នៅពេលជិតបោះឆ្នោតមកដល់ ដំណឹងក្លែងក្លាយ និងបំប៉ោងរឿងបុគ្គល ១ ពង្រីកទៅបុគ្គលច្រើន ឬបុគ្គលម្នាក់ ក្លាយទៅជារឿងរបស់ប្រទេសជាតិ។ អាហ្នឹងហើយដែលយើងត្រូវប្រុងប្រយ័ត្នឱ្យមែនទែននោះ»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានរំឭកពីព្រឹត្តិការណ៍នានានៅក្នុងសម័យកាលកូវីដដែលមានការពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ និងការបំប៉ោងព័ត៌មានបានកើតឡើងច្រើននៅពេលនោះដូចជាមានអ្នកសន្លប់ក៏ចាត់ទុកថា ជាជំងឹកូវីដ ឬមានអ្នកឈឺបន្តិចបន្តួចក៏ថា ជាជំងឺកូវីដ ១៩ ជាដើម។ ប៉ុន្តែប្រជាពលរដ្ឋនៅពេលនោះ មិនងាយនឹងជឿផ្តេសផ្តាស់នោះទេ ពួកគេបានស្វែងរកព័ត៌មានពិតនៅតាមក្រសួងស្ថាប័នជាតិសំខាន់ៗ ដើម្បីឱ្យដឹងការពិត ឬក្លែងក្លាយ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «អ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានប្រភពច្បាស់លាស់ដែលការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ព្រោះក្នុងនាមជាអ្នកសារព័ត៌មានមិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែ ត្រូវឈរនៅផ្លូវកណ្តាល ហើយត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោកណុប វី ថ្លែងថា លោកពិតជាឃើញមានការផ្សព្វផ្សាយព័ត៌មានដែលខ្លះក្លែងក្លាយ ហើយខ្លះទៀតមិនគ្រប់ជ្រុងជ្រោយ។ «ដូច្នេះហើយដែលយើងទាមទារឱ្យអ្នកសារព័ត៌មានមានសមត្ថភាពខ្ពស់ដើម្បីផ្ទៀងផ្ទាត់ ក៏ដូចជាតាមដាននូវការសន្យានានារបស់គណបក្សនយោបាយនីមួយៗ» ពេលយុទ្ធនាការឃោសនា បោះឆ្នោត៕