
សត្វផ្សោតដែលកំពុងរស់នៅក្នុងដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ រូបថត WWF
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ បានប្រកាសនិរាករណ៍អនុក្រឹត្យលេខ ៤៧ អ.ន.ក្របក ស្តីពី «ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ» ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយបង្គាប់ឱ្យបន្តប្រើប្រាស់ អនុក្រឹត្យចាស់ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១២ ឡើងវិញ ដោយបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងហាមឃាត់ដាច់ខាតការប្រើប្រាស់មងក្រឡាធំ និងឧបករណ៍ឆក់ត្រី។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា អនុក្រឹត្យថ្មីនោះ មិនចាំបាច់អនុវត្តនោះទេ ដោយសារក្នុងអំឡុងពេល ២ ខែមកនេះ សត្វផ្សោតនៅតែបន្តរកឃើញងាប់ជាបន្តបន្ទាប់ ហើយអ្នកភូមិរាប់ពាន់គ្រួសារបានជួបប្រឈមផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ព្រោះតែការហាមនេសាទត្រី។
លោកថ្លែងថា៖ «ដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោត និងការចៀសវាងប៉ះពាល់នូវផលប្រយោជន៍ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ យើងត្រូវលុបចោលអនុក្រឹត្យថ្មីចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ និងទុកឱ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១២ ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឱ្យប្រើប្រាស់នូវមងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី»។
គិតត្រឹមខែមេសា ឆ្នាំ ២០២៣ កម្ពុជាបានចុះបញ្ជីកំណើតសត្វផ្សោតទន្លេមេគង្គចំនួន ៣ ក្បាល និងងាប់ចំនួន ២ ក្បាល ខណៈនៅឆ្នាំ ២០២២ មានកូនកើតថ្មីចំនួន ៦ ក្បាល ប៉ុន្តែបានងាប់ចំនួន ១១ ក្បាល។ ករណីងាប់របស់សត្វផ្សោតទាំងនោះ ត្រូវបានគេរកឃើញថា ភាគច្រើនបណ្ដាលមកពីករណីជាប់មង។
យ៉ាងណាក៏ដោយ ជុំវិញករណីសត្វផ្សោតងាប់ដោយសារជាប់មងនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បណ្ដាលមកពីកង្វះភាពទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់ ដែលបណ្ដែតបណ្ដោយឱ្យកើតមានបទល្មើសនេសាទនេះឡើងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ជាពិសេសការបណ្ដោយឱ្យកើតមានការរាយមងក្រឡាធំ និង ការប្រើឧបករណ៍ឆក់ត្រីនៅក្នុងតំបន់គោលដៅនៃដែនការពារ និងអភិរក្សសត្វផ្សោត។
លោក ហ៊ុន សែន ថ្លែងថា៖ «រឿងវានៅកន្លែងហ្នឹង វាមិនស្ថិតនៅលើមងឬមិនមងនោះទេ វាស្ថិតនៅកន្លែងត្រង់ថា នាំគ្នាបណ្ដោយឱ្យមានការដាក់មងក្រឡាធំ ដែលវាជាប់ផ្សោត។ អាមងតូចៗវាមិនជាប់ផ្សោតទេហើយផ្សោតក៏វាមិនហែលមកកន្លែងហ្នឹងដែរ»។
ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង និងខេត្តក្រចេះ រួមទាំងស្ថាប័នពាក់ព័ន្ធនានាជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដល់សហគមន៍មូលដ្ឋាន ដែលរស់នៅតាមដងទន្លេមេគង្គនៃភូមិសាស្ត្រខេត្តទាំង ២ ឱ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ថែមទៀត ពីអត្ថប្រយោជន៍នៃសត្វផ្សោតទន្លេមេគង្គ និងចូលរួមការពារ និងអភិរក្សទាំងអស់គ្នាឱ្យបានពេញលេញ។
នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ១ ដោយអនុញ្ញាតឱ្យមានការនេសាទត្រីជាលក្ខណៈគ្រួសារឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញថា ការសាកល្បងអនុវត្តលើអនុក្រឹត្យលេខ ៤៧ អនក្រ បក ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ មួយរយៈមកនេះ ធ្វើឱ្យមានបញ្ហាប្រឈមមួយចំនួនប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់ប្រជានេសាទតាមដងទន្លេនៃខេត្តទាំង ២ នេះ។ ប៉ុន្តែបន្តហាមឃាត់ការប្រើប្រាស់មងក្រឡាធំ ឧបករណ៍ឆក់ និងឧបករណ៍នេសាទត្រីមួយចំនួនទៀត ដែលត្រូវបានហាមឃាត់ដោយច្បាប់ជលផល។
តាមសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ជាពិសេស អង្គការ WWF ចុះផ្សព្វផ្សាយច្បាប់នានា ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួម ចុះល្បាតការពារសត្វផ្សោត និងត្រីមេពូជ និងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាប្រើប្រាស់ឧបករណ៍ឆក់ មងក្រឡាធំ និងទប់ស្កាត់រាល់សកម្មភាពបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់សត្វផ្សោត និងត្រីមេពូជ»។
សត្វផ្សោតទន្លេមេគង្គ គឺជាកំណប់ធម្មជាតិដ៏មានជីវិតរបស់ប្រទេសកម្ពុជា ដែលមានចំនួនប្រហែល ៩០ ក្បាល ដែលបច្ចុប្បន្នរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ វាត្រូវបានចាត់ថ្នាក់ថា ជាប្រភេទសត្វរងការគំរាមកំហែងជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមរបស់ IUCN៕