រតនគិរីៈ ជនជាតិដើមភាគតិចមាន កួយ ព្នង ព្រៅជាដើម ដែលរស់នៅប្រកបរបរ ធ្វើស្រែចម្ការ ឬក៏រកផលានុផលព្រៃឈើនៅក្នុងព្រៃសម្រាប់ចិញ្ចឹមជីវិត ដែលកាលពីជំនាន់មុនៗ កូនចៅរបស់ជនជាតិដើមភាគតិចស្ទើរតែមិនបានរៀនសូត្រចេះដឹងអ្វីឡើយ។
ប៉ុន្តែបច្ចុប្បន្នមានជនជាតិដើមភាគតិចមួយចំនួន បានរៀនសូត្រជ្រៅជ្រះ រហូតបានទៅបន្តការសិក្សានៅបរទេស។ តួយ៉ាងដូចជាកញ្ញា សយ ពិសី ដែលជាជនជាតិដើមភាគតិចព្រៅ បានខំសិក្សារៀនសូត្រ រហូតទទួលបានអាហារូបករណ៍ និងបានបញ្ចប់ការសិក្សាពីប្រទេសន័រវែស និងពីសហរដ្ឋអាមេរិកទៀតផង។
កញ្ញា សយ ពិសី បាននិយាយថា៖ «ខ្ញុំមើលឃើញថា មិនចំពោះតែជនជាតិដើមភាគតិចទេនៅពេលដែលយើងមិនទទួលបានការអប់រំជាចំណេះដឹងទូទៅ និងការចាប់យកមុខជំនាញ គឺយើងគ្មានឱកាសរកការងារបានធ្វើក្នុងសង្គមទេ»។
ជាកូនស្រីច្បងក្នុងចំណោមបងប្អូន ៣ នាក់នៃគ្រួសារមួយដែលមានជីវភាពក្រីក្រ កាលពីវ័យ ១២ ឆ្នាំ ឪពុករបស់កុមារី សយ ពិសី បានលែងលះម្តាយរបស់នាង។ ចាប់តាំងពីពេលនោះមក ម្តាយនាងត្រូវរកស៊ីចិញ្ចឹមកូនៗយ៉ាងត្រដាបត្រដួសបំផុត។ ធ្លាប់ត្រូវប្តីមើលងាយនិងមិនឱ្យតម្លៃដោយសារតែខ្លួនមិនចេះអក្សរសូម្បីតែ ១ តួផងនោះ ម្តាយកុមារីសយ ពិសី បានបញ្ជូននាង និងប្អូនប្រុសនាង ២ នាក់ទៀតឱ្យចូលរៀននៅសាលាបឋមសិក្សាប៊ូថងទេសអន្លង់ ស្ថិតក្នុងភូមិ ៥ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនគិរី។
ពិសី ដែលនៅពេលនេះ មានវ័យ ២៦ ឆ្នាំបានរំឭកប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើទោះបីជាជួបការលំបាកយ៉ាងខ្លាំងខាងជីវភាពក៏ដោយ ប៉ុន្តែម្តាយរបស់នាងដាច់ខាតមិនឱ្យកូនទាំង ៣ ឈប់ពីការសិក្សាឡើយ។ ក្រោយពីរៀនចប់ថ្នាក់ទី ៦ ពិសីត្រូវផ្លាស់ទៅរៀននៅអនុវិទ្យាល័យឡាបានសៀក និងបន្តរៀននៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងខេត្តរតនគិរី។
ប៉ុន្តែនៅទីនោះកញ្ញា ពិសី រៀនបានតែត្រឹមថ្នាក់ទី ១១ ក៏ជាប់អាហារូបករណ៍ បានទៅបន្តការសិក្សាបំពេញបន្ថែមសម្រាប់ថ្នាក់ទី ១២ នៅប្រទេសន័រវែសរយៈពេល ២ ឆ្នាំដែលជាការសិក្សាតាមបែបអន្តរជាតិ និងបានរៀនចប់ថ្នាក់ទី ១២ នៅឆ្នាំ ២០១៦។ បន្ទាប់មកកញ្ញាទទួលបានអាហារូបករណ៍ ១ ទៀត ទៅសិក្សានៅអាមេរិក ៤ ឆ្នាំថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រង។
ពិសីនិយាយថា៖ «កាលពីខ្ញុំទៅបន្តការសិក្សានៅប្រទេសន័រវែសរាល់សិស្សសាលាដែលខ្ញុំរៀនហ្នឹងសុទ្ធតែជាប់ឈ្មោះអាចមានឱកាសបន្តយកអាហារូបករណ៍នៅប្រទេសណាក៏បានដែរ។ សម្រាប់ខ្ញុំដោយសារអ៊ីចឹងហើយទើបខ្ញុំមើលឃើញឱកាសហ្នឹង ខ្ញុំក៏រៀនតទៅ ទាន់គេឱ្យយើងរៀន្រហ្វ៊ី»។
បើទោះបីជាជីវភាពគ្រួសារមិនសូវជាធូរធារយ៉ាងណាក៏ដោយ ក៏កញ្ញា ពិសី មិនមានការលំបាកក្នុងការរៀនសូត្រនោះដែរ ដោយសារតែនាងទទួលបានអាហារូបករណ៍ពេញក្នុងការទៅសិក្សានៅសហរដ្ឋអាមេរិក។ តែប្រាក់សម្រាប់ចាយវាយផ្ទាល់ខ្លួនសម្រាប់ការធ្វើដំណើរ ឧទារហណ៍ចង់មកលេងផ្ទះក្នុងពេលវិស្សមកាល គឺមិនអាចទេ។ ជំនាន់កញ្ញារៀនអាហារូបករណ៍គឺកញ្ញាមានកញ្ចប់លុយ (pocket money) តិចតួចដែលតម្រូវឱ្យនាងត្រូវធ្វើការក្រៅម៉ោងក្នុងសាលាទើបទទួលបានប្រាក់បន្ថែម។
កញ្ញាបានធ្វើជាជំនួយការក្នុងបណ្ណាល័យនៅក្នុងសាលា ១ រយៈ បន្ទាប់មកធ្វើជាជំនួយការសាស្ត្រាចារ្យហើយលុយត្រូវចាយវាយគឺត្រូវត្បិតត្បៀតខ្លះដែរទើបនាងអាចសន្សំលុយបានមកលេងផ្ទះ ក្នុងរយៈពេល ២ ឆ្នាំម្ដង។
បន្ទាប់ពីសិក្សាចប់នៅសហរដ្ឋអាមេរិក កញ្ញាបានត្រឡប់មកស្រុកកំណើតវិញហើយបានចូលបម្រើការងារជាបុគ្គលិកទំនាក់ទំនង (communication officer) ក្នុងគម្រោងអប់រំផ្នែកសាងសង់សាលារៀនតាមសហគមន៍ នៅអង្គការមួយឈ្មោះ United World School នៅខេត្តរតនគិរី។ ប៉ុន្តែកញ្ញាធ្វើការបានតែត្រឹមពាក់កណ្តាលឆ្នាំ ២០២២ ក៏ប្តូរមកធ្វើការនៅអង្គការឈ្មោះ Swisscontact វិញម្តង ដែលផ្តោតលើការបណ្តុះបណ្តាលដល់យុវវ័យដែលមានការងារធ្វើស្រាប់តែពួកគេចង់រៀនបំពេញវិជ្ជាជីវៈបន្ថែម។
កញ្ញាពិសីនិយាយថា យុវវ័យគ្រប់រូបមិនថាតែជនជាតិដើមភាគតិចទេ ត្រូវតែខិតខំរៀនសូត្រតាំងពីថ្នាក់មូលដ្ឋានក្នុងសាលាចំណេះដឹងទូទៅ ហើយបន្ទាប់ពីមានចំណេះដឹងជាមូលដ្ឋានគ្រឹះហើយ ត្រូវតែរៀនជំនាញ។ ប៉ុន្តែបើយុវវ័យមិនទទួលបានចំណេះដឹងមូលដ្ឋានរឹងមាំ ប្រាកដជាមានការពិបាកក្នុងការចូលប្រឡូកនៅក្នុងសង្គម ។ «អ៊ីចឹងបើយើងអត់មានទទួលបានការអប់រំទាំងអស់ហ្នឹងទេ គឺជីវិតរបស់យើងមានការពិបាក។ យើងដឹងហើយគឺមានទំនាក់ទំនង ឱកាសរកការងារធ្វើ ចំណេះដឹងដែលយើងមានត្រូវឱ្យគេទទួលយើងធ្វើការងារ»។
កញ្ញាថា នៅខេត្តរតនគិរី ជាខេត្តមួយឆ្ងាយ ហើយពីមុនមករដ្ឋាភិបាលបានលើកទឹកចិត្តដល់យុវជនយ៉ាងហោចណាស់បានរៀនត្រឹមថ្នាក់ទី ៩ ដើម្បីឱ្យគាត់មានសញ្ញាបត្រអាចចូលបម្រើការងារផ្សេងៗ។ ប៉ុន្តែនៅពេលប្រទេសកាន់តែមានការអភិវឌ្ឍ អ្នករៀនសូត្រក៏មានកាន់តែច្រើនក៏មានការប្រកួតប្រជែងកាន់តែខ្ពស់។ ហេតុដូច្នេះហើយកញ្ញាសម្លឹងឃើញថា យ៉ាងហោចណាស់យុវជនក៏ត្រូវរៀនចប់ថ្នាក់ទី ១២ ដែរ ដែលទាបបំផុតដើម្បីមានឱកាសអាចរករៀនយកជំនាញផ្សេងៗឬអាចឱ្យយុវជនបន្តទៅយកបរិញ្ញាបត្រទៀត ទើបងាយស្រួលរកការងារធ្វើខណៈដែលឱកាសការងារនៅមានកម្រិត។
លោកស្រី ជឿន ស្រីមុំ ប្រធានសមាគមស្រី្តជនជាតិដើមភាគតិចកម្ពុជា ដែលមានទីតាំងនៅសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្ន ស្ត្រីជាពិសេសយុវតីជនជាតិដើមភាគតិច មានឱកាសក្នុងការបន្តការសិក្សានៅមហាវិទ្យាល័យ ហើយគាត់អាចជ្រើសរើសយកជំនាញដែលគាត់ស្រឡាញ់ និងអាចចូលរួមក្នុងកិច្ចការសង្គមបានច្រើនជាងពីមុនៗ។ លោកស្រីក៏ជាជនជាតិដើមភាគតិចរស់នៅតំបន់ដាច់ស្រយាលម្នាក់ដែរ ហើយក៏ដូចជាស្ត្រីជាជនជាតិដើមភាគតិចផ្សេងទៀត ដែលអាចជម្នះពុះពារបាននូវឧបសគ្គ និងបានបន្តការសិក្សាបានខ្ពង់ខ្ពស់។
លោកស្រីថ្លែងថា៖ «អាចថា ទាំងទីតាំងភូមិសាស្ត្ររបស់យើង ក៏នៅឆ្ងាយទាក់ទងជាមួយជីវភាពរបស់យើងក៏ខ្សត់ខ្សោយតែក៏យើងព្យាយាមពុះពារនូវឧបសគ្គទាំងអស់ហ្នឹងទើបបន្តការសិក្សាបានខ្ពស់»។ បើប្រៀបធៀបពេលនេះនិងពីមុន ឃើញថា ពីមុនពួកគាត់មិនសូវមានឱកាសក្នុងការទទួលបានព័ត៌មានខាងក្រៅ ទាក់ទងនឹងការអប់រំ ឱកាសក្នុងការបន្តការសិក្សាទេ។ ប៉ុន្តែបច្ចុប្បន្ននេះ ឃើញថា កំណើនយុវជនជនជាតិដើមភាគតិច មានឱកាសសិក្សាច្រើនជាងមុនដោយសារមានការចូលរួមក្នុងការលើកកម្ពស់ពីស្ថាប័នពាក់ព័ន្ធ។
កាលពីមិនទាន់មានទូរស័ព្ទប្រើ ជនជាតិដើមភាគតិចមិនទទួលបានព័ត៌មានដែលអាចឱ្យពួកគាត់មានទំនុកចិត្តក្នុងការរៀនជំនាញណាមួយនោះទេ។ មួយវិញទៀតអាចថា កត្តាទំនៀមទម្លាប់ប្រពៃណីក្នុងគ្រួសារដែរនៅក្នុងសហគមន៍ដែលជនជាតិដើមភាគតិចបារម្ភពីកូនរបស់គាត់ នៅពេលដែលកូនៗរបស់គាត់បន្តការសិក្សានៅឆ្ងាយពីភូមិស្រុក បារម្ភពីសុវត្ថិភាព និងអំពីការចាញ់បោកគេផ្សេងៗ។
បើតាមរបាយការណ៍ថ្នាក់ជាតិបង្ហាញថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ជនជាតិដើមភាគតិចមាន ២៤ ក្រុមរស់នៅ ១៥ ខេត្តតែនៅពេលដែលជួបគ្នាម្តងៗ គឺប្រើប្រាស់ភាសាខ្មែរ សម្រាប់ទាក់ទងគ្នាព្រោះភាសារបស់ជនជាតិដើមភាគតិចទាំងនោះ មិនអាចទំនាក់ទំនងពីក្រុម ១ ទៅក្រុម ១ បានទេ។
ខេត្តដែលមានជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ គឺនៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ៕