ភ្នំពេញៈ នៅក្នុងខួប ២០ឆ្នាំ នៃការបង្កើតឱ្យមានក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគីសម្រាប់ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ មជ្ឈដ្ឋានពាក់ព័ន្ធនានា បានវាយតម្លៃខ្ពស់ចំពោះស្ថាប័ន ១ នេះថា ពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរក្សាបាននូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងកំណើនការងារសម្រាប់ប្រជាពលរដ្ឋ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរខួប ២០ឆ្នាំ នៃការបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្កើនឱ្យមានភាពជឿទុកចិត្តពីដៃគូ ជាពិសេស អ្នកវិនិយោគ អ្នកបញ្ជាទិញអន្តរជាតិ ដែលបាននាំឱ្យមានកំណើននៃការវិនិយោគ កំណើនការងារ កំណើនការនាំចេញ កំណើនប្រាក់ឈ្នួល ក៏ដូចជាធ្វើឱ្យលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរ។ នេះបើយោងតាមផេកហ្វេសប៊ុក ក្រសួងការងារ។
លោកបានឱ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលដោះស្រាយសំណុំរឿងវិវាទការងាររួមចំនួន ៣ ០៤២ ករណី ជាមួយនឹងអត្រាជោគជ័យប្រមាណ ៧៥% ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ អំពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងាររួមដែលមានអត្រាសះជាខ្ពស់។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានទទួលស្គាល់ថា កាន់តែមានភាពចាស់ទុំ ដែលនេះសុទ្ធសឹងតែជាសមិទ្ធផលនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងវិស័យការងារ ជាពិសេស ច្បាប់ស្តីពីការងារ និងយន្តការនៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលជាអ្នកប្រើប្រាស់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ជាមួយគ្នានេះ លោកស្រីអាជ្ញាកណ្តាល ស៊ីម គីមស៊ាន តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាភិបាលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលបានថ្លែងនៅក្នុងពិធីនេះថា ចាប់តាំងពីក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ មកដល់ត្រឹមខែធ្នូ ឆ្នាំ ២០២២ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបំពេញតួនាទីក្នុងការដោះស្រាយវិវាទការងាររួម មានសំណុំរឿង ៣ ០៤២ករណី ដែលគ្របដណ្តប់ចំនួន ១ ១៨៩ ៨៣២ កម្មករនិយោជិតធ្វើការនៅរាប់រយរោងចក្រ សហគ្រាស អត្រាជោគជ័យមានចំនួន ៧៥,១៦ ភាគរយ បានចេញសេចក្តីបង្គាប់ចំនួន ២ ១០៦សំណុំរឿង និងបានជួយសម្របសម្រួលគូភាគីបានឈានទៅដល់កិច្ចព្រមព្រៀងចំនួន ៩៣៥ សំណុំរឿង។
លោកស្រីបានគូសបញ្ជាក់តាមរយៈសុន្ទរកថា ថា៖«ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបំពេញការងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ទាន់ពេលវេលាមានតម្លាភាព និងអព្យាក្រិត្យភាព។ បានទទួលលទ្ធផលគួរជាទីមោទនៈ ដោយអនុវត្តតាមគោលការណ៍នៃគុណតម្លៃ ៣សំខាន់ៗ ទី១ ឯករាជ្យភាព ទី២ ភាពជឿជាក់ និងទី៣ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរបស់ខ្លួន»។
លោក សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និង សមាគមពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងក្នុងពិធីនេះដែរថា ៖«ប្រសិទ្ធភាព តម្លាភាព និងភាពស៊ីសង្វាក់គ្នានៃសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីសំណាក់ត្រីភាគី ក្នុងន័យនេះផងដែរ ក៏មានវិនិយោគិនជាច្រើនបានបង្ហាញនូវភាពកក់ក្តៅជាមួយដំណោះស្រាយវិវាទការងារតាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
ចំណែកលោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានថ្លែងថា ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានជួយរក្សានូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ «ក្នុងនាមកម្មករនិយោជិត យើងពិតជាទទួលស្គាល់នូវលទ្ធផលការងារដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចបានក្នុងរយៈពេល ២០ឆ្នាំមកនេះ»។
បើតាមក្រសួងការងារ អនុលោមតាមច្បាប់ស្តីពីការងារ ការដោះស្រាយវិវាទការងារ តាមរយៈការផ្សះផ្សាដោយមន្ត្រីផ្សះផ្សា នៃក្រសួងការងារ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺត្រូវធ្វើឡើងដោយឥតគិតថ្លៃ៕