សៀមរាបៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា នាពេលនេះ កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ ២០២២-២០៣០ (CIT-MP) ដែលក្នុងនោះមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូល ដោយត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក។
លោកបានលើកឡើងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
បើយោងតាមផេកហ្វេសប៊ុកក្រសួងសាធារណការ លោកស៊ុន ចាន់ថុល បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍សម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី (Sustainable Infrastructure Programme in Asia) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមជាមួយលោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃវេទិកាពាណិជ្ជកម្មអន្តរជាតិ (International Trade Forum – ITF) នៅក្រុងសៀមរាបនៅថ្ងៃទី២៨ខែមេសានេះ។
ជាមួយគ្នានេះលោកស៊ុន ចាន់ថុល ក៏បានជម្រាបបន្ថែមទៅកាន់អង្គពិធី ពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ ទី២ និងទី៣ ដែលនឹងត្រូវប្រកាសបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ។
បើតាមក្រសួងសាធារណការ កម្ពុជាគឺជាប្រទេសដំបូងគេ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានចូលរួមជាសមាជិកវេទិកាពាណិជ្ជកម្មអន្តរជាតិ (International Trade Forum – ITF) ក្នុងឆ្នាំ២០២២។
ក្នុងនាមសមាជិក កម្ពុជាអាចចូលរួមចំណែកចែករំលែក និងរៀនសូត្រពីបណ្ដាសមាជិកប្រទេសអភិវឌ្ឍន៍ នូវបទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីកែលម្អប្រព័ន្ធភ័ស្ដុភារកម្ម និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងប្រទេស៕