កោះកុងៈ ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ ក្បាល ត្រូវបានប្រជាពលរដ្ឋក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងប្រទះឃើញក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។
យោងតាមក្រសួងបរិស្ថាននៅថ្ងៃទី២៨ខែមេសានេះបានឱ្យដឹងថា ក្រពើភ្នំនេះមានទម្ងន់៣,៥គីឡូក្រាម ប្រវែង ១,១៥ម៉ែត្រ ហើយក្រោយពីបានពិនិត្យដោយសហការជាមួយមន្ត្រីជំនាញរបស់អង្គការសត្វព្រៃនិងរុក្ខជាតិ អន្តរជាតិ(Fauna and Flora International) ឃើញថាក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ ដែលមិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំខាងលើ ទៅលែងនៅទីជម្រកធម្មជាតិវិញ។
ក្រុមមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានយល់ពីតម្លៃនៃសត្វក្រពើភ្នំ ដែលជាសត្វកម្រលើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។
តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង៕