គណ:ប្រតិភូនៃប្រទេសឡាវ បានមកធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារលើសកម្មភាពមីននៅកម្ពុជា ដោយបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធលើការគ្រប់គ្រង និងប្រមូលព័ត៌មានពីសកម្មភាពមីន ការរៀបចំផែនការ និងការចាត់អាទិភាពសកម្មភាពមីននៅកម្ពុជា។
ការបំពេញទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នេះ ធ្វើឡើងបន្ទាប់ពីភាគីឡាវបានធ្វើការស្នើសុំកម្ពុជា និងក្រោមការសម្របសម្រួលដោយអង្គការជំនួយប្រជាជន ន័រវែស (NPA) កម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា អាជ្ញាធរមីនកម្ពុជាបានផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងខាងគណៈប្រតិភូឡាវ លើវិស័យសំខាន់ៗ ទាក់ទងនឹងការបោសសម្អាតគ្រាប់មីន ដោយសារនៅប្រទេសឡាវ មានគ្រាប់នៅសេសសល់ច្រើន ជាពិសេសគ្រាប់បែកចង្កោម ។
លោក លី ធុជ មានប្រសាសន៍ថា ៖ «ប្រទេសកម្ពុជាក៏បានចែករំលែកពីបទពិសោធន៍របស់ខ្លួនជាមួយប្រទេសឡាវទាក់ទងនឹងរបៀបនៃការគ្រប់គ្រងវិស័យបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានចែករំលែកបទពិសោធន៍បណ្ដុះបណ្ដាល អប់រំដល់សហគមន៍មូលដ្ឋានកុំឱ្យមានគ្រោះថ្នាក់ ដោយមានការប្រុងប្រយ័ត្នផងដែរ ទៅកាន់ភាគីឡាវផងដែរ»។
បើតាមអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈប្រតិភូដែលមកផ្លាស់ប្ដូរបទពិសោធន៍ការងារសកម្មភាពមីននេះ មានចំនួន ១៤ រូបដែលមកពីអាជ្ញាធរសកម្មភាពមីនឡាវ ឬហៅថា NRA LAO PDR។
ទន្ទឹមនឹងការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសទាំងពីរនៅពេលនេះ លោក លី ធុជ ក៏បានប្រាប់ដែរថា វាពិតជាមានសារៈសំខាន់ដែលប្រទេសកម្ពុជា និងឡាវ គួរមានការផ្លាស់ប្ដូរបទពិសោធន៍ល្អៗជាមួយគ្នា ជាញឹកញាប់ ដើម្បីអាចបោសសម្អាតគ្រាប់មីននៃប្រទេសទាំងពីរ។
អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាដដែល ក៏បង្ហាញពីក្តីសង្ឃឹម ដោយលោកបានលើកឡើងថា ៖ «នៅថ្ងៃអនាគត កម្ពុជាក៏អាចធ្វើទស្សនកិច្ចស្រាវជ្រាវយល់ដឹង រៀនសូត្រពីមិត្តឡាវយើងទៅវិញទៅមកផងដែរ តាមរយៈប្រតិបត្តិករដែលសហការជាមួយប្រទេសយើងទាំងពីរ»។
សូមបញ្ជាក់ដែរថា កម្ពុជាបាននិងកំពុងបន្តចែករំលែកបទពិសោធន៍ការងារសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅប្រទេសដែលមានបំណងរៀនសូត្រ ខណៈប្រទេសកម្ពុជាជាប្រទេសដែលមានធនធានមនុស្សពោរពេញដោយបទពិសោធន៍ច្រើនក្នុងការងារសកម្មភាពមីនជាង ៣០ ឆ្នាំ មកនេះ។
បើតាមលោក លី ធុជ កន្លងមកប្រទេសដែលទទួលបានការចែករំលែកនូវបទពិសោធន៍ទាក់ទងនឹងការងារមីនពីកម្ពុជា មានដូចជា ប្រទេសមីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន កូឡុំប៊ី អ៊ីរ៉ាក់ អ៊ីស្រាអែល អាហ្វហ្គានីស្ថាន និងថ្មីៗនេះ កម្ពុជាក៏បានបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញអ៊ុយក្រែនផងដែរ៕
ទិត្យ រានុពិចិត្រ