ព្រះសីហនុៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ បានចុះទៅពិនិត្យមើលសមិទ្ធផលការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ នៅពេលដែលស្ថានីយបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ MABR របស់ប្រទេសអ៊ីស្រាអែល ១ នេះសាងសង់បានប្រមាណជិត ៩០ ភាគរយហើយគ្រោងបញ្ចប់ការសាងសង់ នៅចុងខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ។
អំឡុងពេលអមដំណើរលោកនាយករដ្ឋមន្ត្រី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងតែធ្វើការជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹក អានកូ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការអនុវត្តចេញវិក្កយបត្រទឹកស្អាត និងទឹកស្អុយ ដូចនៅភ្នំពេញ ដោយកំពុងតែស្វែងរកវិធីសាស្ត្រ ដើម្បីឱ្យពលរដ្ឋទាំងអស់ក្នុងក្រុងបង់ថ្លៃសេវាប្រព្រឹត្ដិកម្មទឹកកខ្វក់តាមច្រកចេញចូលតែ ១។ លោកអភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ មានចំនួន ៣ ដោយ ២ បានធ្វើរួចរាល់ និងកំពុងតែដំណើរការ ខណៈដែលស្ថានីយទី ៣ កំពុងសាងសង់បានជិត ៩០ ភាគរយហើយ។
លោកបញ្ជាក់ថា៖ «ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ របស់យើងនេះធ្វើឡើងដោយបំពាក់បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍របស់អុីស្រាអែល ដោយគ្រោងចំណាយថវិកាជាង២០លានដុល្លារអាមេរិក។ ស្ថានីយនេះ គឺជាផ្នែកសំខាន់មួយដើម្បីធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart City) នៅក្នុងប្រទេសយើង»។
លោក គួច ចំរើន បានឱ្យដឹងទៀតថា អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាឱ្យប្រជាជនក្នុងក្រុងទាំងអស់ត្រូវបង់ថ្លៃសេវាទឹកប្រព្រឹត្ដិកម្មទឹកកខ្វក់ដូចទៅនឹងការបង់ថ្លៃសេវាប្រើប្រាស់ទឹកស្អាត និងតម្រូវឱ្យពលរដ្ឋទាំងអស់ តបណ្ដាញបង្ហូរទឹកស្អុយចូលប្រព័ន្ធលូប្រព្រឹតិ្តកម្មទឹកកខ្វក់ គឺមិនត្រូវតបណ្ដាញបង្ហូរចូលលូប្រព្រឹត្ដិកម្មទឹកភ្លៀងនោះទេ ព្រោះការតបណ្ដាញប្រព័ន្ធទឹកកខ្វក់ចូលប្រព័ន្ធលូទឹកភ្លៀងនឹងធ្វើឱ្យទឹកកខ្វក់ហូរចូលក្នុងទឹកសមុទ្រជាមិនខាន។ ការសាងសង់ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់នេះជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ឱ្យគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ចាត់ចែងអនុវត្តគម្រោង និងសាងសង់ដោយក្រុមហ៊ុន Xwater Technology Co,Ltd។
លោកអភិបាលខេត្តព្រះសីហនុបញ្ជាក់ថា ៖ «កាសាងសង់ស្ថានីយប្រព្រឹត្ដិកម្មមទី ៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដាបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR ដែលត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យា មានស្ថិរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ ម្យ៉ាងវិញទៀត ដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ»។
នៅក្នុងឱកាស ដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចនៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ និងទី៣ កាលពីសប្តាហ៍មុន លោក លី រិទ្ធ អគ្គនាយកក្រុមហ៊ុន xwater technology ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ប្រចាំខេត្តព្រះសីហនុបានថ្លែងឱ្យដឹងថា ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ទី៣ នេះត្រូវបានសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាចុងក្រោយ MABR (membrane aerated biofilm reactor) មានសមត្ថភាពខ្ពស់ក្នុងការដកសមាសធាតុពុល COD, BOD, TN, TP បានលឿនដោយប្រើរយៈពេលតែ ២០ ម៉ោងប៉ុណ្ណោះ។ ធៀបនឹងបច្ចេកវិទ្យាចាស់មុនៗ គឺប្រើពេលរហូតដល់ទៅ ២០ ថ្ងៃ។
លោកបញ្ជាក់ថា៖ «បច្ចេកវិទ្យា MABR បានដំណើរការប្រកបដោយប្រសិទ្ធខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ លទ្ធផលមានស្ថិរភាព និងសន្សំសំចៃថាមពល។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បានប្រមាណ ២ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃ។ ទទួលរងទឹកកខ្វក់ពីតំបន់ទី ៥ និងតំបន់ទី ៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ៤»។
បើតាមលោក លី រិទ្ធ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី ៥ និងតំបន់ទី ៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៤ សាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។ ចំពោះការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ បែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល បញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ ២០២៣។
រីឯដំណាក់កាលទី ២ គឺការសាងសង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែលពី ៣ ទៅ ៤ ខែបន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ជាមុនសិន។
គួររំឭកថា ស្ថានីយប្រព្រឹត្ដិកម្មមទឹកកខ្វក់ទី ៣ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០ គ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ ២០២៣។ គិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ សម្រេចបានប្រមាណ ៨៩ ភាគរយហើយ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ សាងសង់លើផ្ទៃដីតែ ១ ហិកតាប៉ុណ្ណោះ។ ស្ថានីយប្រព្រឹត្តិកម្មនេះបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ មានសោភ័ណភាព ដែលអាចនឹងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ ដោយមានស្ថិរភាពប្រសិទ្ធភាពសន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែកដល់ការថែរក្សាបរិស្ថាន។
សូមជម្រាបដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣៕