អ្នកពាក់ព័ន្ធទូទាំងរាជធានី/ខេត្តចំនួន ១៥០ នាក់ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ពីថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។
លោក សោម សូរីដា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ថា គ.ជ.ប នឹងរៀបចំ ជូនដល់ប្រធានគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ដែរថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ភាគីពាក់ព័ន្ធដែលចូលរួមទាំងអស់ ពិសេសតំណាងគណបក្ស នឹងបានយល់ដឹងពីគោលការណ៍សំខាន់ៗ នៃការឃោសនាបោះឆ្នោតកាន់តែច្បាស់លាស់ ដែលពាក់ព័ន្ធនឹងក្រមសីលធម៌ ពេលវេលានៃដំណើរការឃោសនាបោះឆ្នោត នីតិវិធីនៃគោលការណ៍បោះឆ្នោត និងការដាក់អ្នកសង្កេតការក្នុងការឃោសនាបោះឆ្នោតជាដើម។
លោកមានប្រសាសន៍ថា ៖ «នេះគឺវគ្គបណ្តុះបណ្តាលធម្មតា ដែល គ.ជ.ប តែងបានរៀបចំឡើង វាសំខាន់ណាស់ ដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងពីពេលវេលានៃការឃោសនាបោះឆ្នោត ដែលមានរយៈពេល ២១ ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ និងបានយល់ពីសកម្មភាព និតិវិធី បទបញ្ជា ពេលវេលាដែលត្រូវបញ្ឈប់ការឃោសនាបោះឆ្នោត និងគោលការណ៍ដែលគណបក្សនយោបាយត្រូវអនុវត្តន៍ និងមិនត្រូវអនុវត្តន៍ ពិសេសបានយល់ដឹងពីតួនាទី និងភារកិច្ចរបស់ភាគីនីមួយៗកាន់តែស៊ីជម្រៅថែមទៀត»។
លោក សោម សូរីដា បន្តថា គ.ជ.ប រំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយជំរុញដល់ដំណើរការនៃការឃោសនាបោះឆ្នោតនាពេលខាងមុខ កាន់តែមានសណ្តាប់ធ្នាប់ រលូន និងពោរពេញសន្តិសុខ និងសុវត្ថិភាព។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១ ខែឧសភា បានឱ្យដឹងថា គណបក្សនយោបាយចំនួន ៧ ហើយ ត្រូវបានទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ៨ (ប្រាំបី) គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសាររបស់គណបក្សនយោបាយ ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ៧។ គណបក្សទាំងនោះមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ។
សេចក្តីប្រកាសបន្តថា ដោយឡែក គណបក្សខ្មែរអភិរក្ស នៅខ្វះលក្ខខណ្ឌដែលបានកំណត់ តាមនីតិវិធីតម្រូវឱ្យគណបក្សបំពេញបន្ថែមតាមកំណត់នៃច្បាប់។
តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ដែរថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រពឹ្រត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕