កំពង់ស្ពឺៈ ក្រុមយុវជន និងប្រជាសហគមន៍ភ្នំខ្នងវាលបានអះអាងថា បទល្មើសព្រៃឈើនៅតែបន្តកើតមានគួរឱ្យបារម្ភនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាពិសេសព្រៃឈើធំៗនៅតាមដងផ្លូវឡើងទៅកាន់ភ្នំខ្នងវាល ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តំណាងសហគមន៍ភ្នំខ្នងវាល លោក វី រ៉ាន់ ដែលមានលំនៅក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ថា ក្នុងអំឡុងពេលចុះល្បាត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសហគមន៍របស់លោកបានប្រទះឃើញដើមឈើធំៗប្រភេទដើមគគីរថ្ម និងដើមរាជកុល ដែលដុះនៅតាមដងផ្លូវឡើងទៅកាន់ភ្នំខ្នងវាល ត្រូវបានគេកាប់បំផ្លាញអស់ប្រមាណ ៣០ ដើម ។
លោក វី រ៉ាន់ បានបញ្ជាក់ថា៖ «យើងមិនទាន់ដឹងច្បាស់ថា ដើមឈើទាំងនោះ ត្រូវបានគេកាប់បំផ្លាញនៅពេលណានោះទេ ប៉ុន្តែតាមរយៈស្នាមកាប់ និងស្នាមអារច្រៀក នៅកន្លែងកើតហេតុ គឺពួកវាទើបតែត្រូវបានគេកាប់ថ្មី ពោលគឺប្រមាណ២-៣ថ្ងៃមុនពេលដែលអ្នកភូមិយើងនាំគ្នាចុះល្បាតប៉ុណ្ណោះ»។
បើតាមលោក វី រ៉ាន់ ករណីកាប់បំផ្លាញព្រៃឈើនាពេលថ្មីៗនេះ ទំនងជាស្នាដៃរបស់ពលរដ្ឋ ដែលមកពីខេត្តកំពតដោយលោកអះអាងថា កាលពីថ្ងៃទិ២៥ ខែមេសា កន្លងទៅថ្មីៗនេះ មានបុរស៣នាក់បាននាំគ្នាចូលមកទិញស្បៀងអាហារ និងភេសជ្ជៈមួយចំនួនពីក្នុងភូមិរបស់លោក ដោយប្រាប់ថា ពួកគេជាអ្នករស់នៅក្នុងខេត្តកំពតហើយបាននាំគ្នាមកបោះតង់លេងនៅក្នុងតំបន់ភ្នំខ្នងវាលចំនួន៣ថ្ងៃមកហើយ ដើម្បីទស្សនាសត្វព្រៃ និងគយគន់ទេសភាព ព្រៃព្រឹក្សា និងទឹកជ្រោះនៅក្នុងតំបន់ភ្នំនេះ ។
ជុំវិញករណីនេះ លោក តាន់ គឹមសួរ ប្រធានក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវរវៀរស៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅក្រុមជនប្រព្រឹត្តបទល្មើសតែងតែក្លែងបន្លំគ្រប់រូបភាពដើម្បីបំភាន់ភ្នែកនិងចំណាប់អារម្មណ៍ពីអ្នកភូមិខណៈបច្ចុប្បន្នមានពលរដ្ឋជាច្រើនជាពិសេសក្រុមយុវជនមានការចាប់អារម្មណ៍ដើរកម្សាន្តបោះតង់តាមព្រៃភ្នំ ដើម្បីទស្សនាព្រៃព្រឹក្សា សត្វព្រៃ និងលេងតាមទឹកធ្លាក់ ទឹកជ្រោះធម្មជាតិនេះ ហើយក្រុមជនប្រព្រឹត្តបទល្មើសក៏ឆ្លៀតឱកាសបន្លំខ្លួនចូលព្រៃប្រព្រឹត្តបទល្មើសព្រៃឈើ និងសត្វព្រៃផងដែរ។
លោកបានបញ្ជាក់ថា៖«ករណីនេះ បានកើតឡើងស្ទើរគ្រប់ទីកន្លែងទាំងអស់នៃតំបន់ការពារ និងអភិរក្សព្រៃឈើនិងសត្វព្រៃនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល ដែលអ្នកភូមិភាគច្រើននិយម ធ្វើស្រែចម្ការ និងការរុករកអនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ»។
លោកបានបន្ថែមថា ភ្នំខ្នងវាល ជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលសម្បូរដោយដើមឈើតូចធំ ទឹកជ្រោះ និងសត្វព្រៃជាច្រើនប្រភេទរស់នៅ ក្នុងនោះក៏មានប្រភេទសត្វកម្រនិងជិតផុតពូជផងដែរ ដូចជា សត្វខ្ទីង ទន្សោង ខ្លាឃ្មុំ ដំរី និងសត្វក្រពើភ្នំ។ តំបន់នេះ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកគឹមសួរបាននិយាយទៀតថា កាលពីខែមីនា ក្រុមការងាររបស់លោក បានរកឃើញមានបទល្មើសកាប់រានដីព្រៃជាច្រើនហិកតា និងបទល្មើសឡធ្យូងនៅក្នុងចំណុចភូមិសាស្ត្រ ឃុំត្រពាំងជង ស្រុកឱរ៉ាល់។
ជុំវិញករណីកាប់បំផ្លាញព្រៃឈើថ្មីនេះ លោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ទទួលបន្ទុកតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១ ខែឧសភាថា លោកនឹងចាត់ឱ្យមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារដែនជម្រកនេះ សហការជាមួយសហគមន៍ និងក្រុមយុវជន ចុះស្រាវជ្រាវរកមុខសញ្ញានៃក្រុមជនប្រព្រឹត្តបទល្មើស ដើម្បីចាត់ការតាមនីតិវិធី។
លោកបានថ្លែងថា៖«នៅពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានសេចក្ដីរាយការណ៍ពិស្ដារជាលាយលក្ខណ៍អក្សរពីមន្ត្រីឧទ្យានុរក្សប្រចាំតំបន់នៅឡើយទេ »។
បើតាមលោក នៅ ណាក់ បច្ចុប្បន្ន ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងប្រជាសហគមន៍បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងការចុះល្បាតការពារព្រៃឈើ និងសត្វព្រៃ ដើម្បីការពារធនធានធម្មជាតិនៅក្នុងតំបន់នេះ៕