ភ្នំពេញៈកម្ពុជា និងក្រុមហ៊ុនដ៏ធំរបស់ចិនដែលមានប្រវត្តិកកើតឡើងជាង ៧០ ឆ្នាំ មកហើយគ្រោងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាតទាំងខ្នាតធំ និងខ្នាតតូចសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងទីប្រជុំជន និងតាមជនបទដាច់ស្រយាល។
ការពិភាក្សាលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយនឹងជាមួយនឹងប្រតិភូសាខាការិយាល័យក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd ដែលជាក្រុមហ៊ុន ដ៏ធំរបស់ចិនកាលពីចុងសប្តាហ៍មុន នាទីស្តីការក្រសួង។
យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី៣០ ខែមេសា លើកឡើងថា ការពិភាក្សារវាងភាគីទាំង២ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាតទាំងខ្នាតធំនិងខ្នាតតូចសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ទាំងតបន់ទីក្រុងទីប្រជុំជនជនបទតំបន់ដាច់ស្រយាល និងតំបន់កោះផងដែរ។
លោកចម ប្រសិទ្ធ បានថ្លែងក្នុងជំនួបនោះថា៖ «កម្ពុជា ពិតជាមានតម្រូវការខ្លាំងណាស់លើការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួននិងគោលដៅអភិវឌ្ឍ ន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០២៥ គឺទីប្រជុំជនមានទឹកស្អាតប្រើប្រាស់១០០%និងឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។
ជាមួយគ្នានោះដែរ លោកក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពការផលិតទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គដែលពួកគាត់បច្ចុប្បន្នកំពុងប្រើប្រភពក្រោមដី បឹងបួ ស្រះ ត្រពាំងដែលជាប្រភពទឹកមិនស្អាត។
លោក ចម ប្រសិទ្ធ បានបន្ថែមថា ជាពិសេសប្រភពទឹកដែលពលរដ្ឋប្រើនោះរងឥទ្ធិពលជាតិគីមីពុលដោយសារ ការទម្លាក់គ្រាប់បែកនិងរោយម្សៅពណ៌ទឹកក្រូចពីសហរដ្ឋអាមេរិកក្នុងចុងទសវត្សរ៍ទី៦០និងដើមទស្សវត្សរ៍ទី៧០។
នេះជាគម្រោងធំដែលត្រូវមានកិច្ចសហការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនចិន និងដៃគូអភិវឌ្ឍន៍ឬក៏ជាជំនួយឥតសំណងរបស់ចិន ហើយអនុវត្តដោយក្រុមហ៊ុនចិន តែម្តង។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ចម ប្រសិទ្ធ។
ដោយឡែក នៅតំបន់កោះដែលមិនធ្លាប់មានការផលិតទឹកស្អាតទាល់តែសោះនោះលោកចមប្រសិទ្ធក៏បានស្នើឱ្យក្រុមហ៊ុននេះ ពិនិត្យលទ្ធភាពដំឡើង ម៉ាស៊ីន ចម្រោះ ទឹកខ្នាតតូចដាក់នៅជិតតំបន់ប្រជាពលរដ្ឋរស់នៅឬអាចប្រើបច្ចេកវិទ្យាចម្រោះទឹកសមុទ្រផលិតចេញជាទឹកស្អាតបាន។
តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក LIU JIANG ប្រធានប្រតិភូសាខាការិយាល័យ ក្រុមហ៊ុន Branch China Railway ១១thBueau Corporation Ltd បានបង្ហាញនូវជំហរចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យទឹកស្អាតដើម្បីកម្ពុជា សម្រេចបានតាមគោលដៅសម្រាប់ឆ្នាំ២០៣០។
លោក LIU JIANG លើកឡើងថា៖«នៅពេលខាងមុខ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេទេសមកសិក្សាស្វែងយល់ពីឱកាស វិនិយោគ និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ហើយភាគីទាំង២នឹងឈានទៅចុះអនុស្សរណ:យោគយល់គ្នាមួយ ដើម្បីបើកផ្លូវឱ្យការអនុវត្តគម្រោងការ នានាប្រកបដោយជោគជ័យ ឈរលើផលប្រយោជន៍ទៅវិញទៅមក និងមិត្តភាពយូរអង្វែង»៕