ភ្នំពេញៈ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពបន្តយកចិត្តទុកដាក់លើការបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ ឱ្យបានដាច់ខាតនូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌ ឬសកម្មភាពដែលបង្កអសន្តិសុខ និងអស្ថិរភាពសង្គម។
ការឯកភាពបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានប្រកាសឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១ ខែឧសភា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ២៨-៣០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ក្នុងស្មារតីបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះដែរ ក្រសួងទាំង២ក៏បានចុះហត្ថលេខាលើ «ផែនការស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ផងដែរ» រវាងលោក ស ខេង និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «ភាគីទាំង២ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ, ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង, ល្បែងស៊ីសងអនឡាញ, អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍, ការជួញដូរមនុស្ស, ការរត់ពន្ធអាវុធ, ការជួញដូរគ្រឿងញៀនតាមរយៈការលើកកម្ពស់ យន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដែលមានស្រាប់រវាងភាគីទាំង២»។
ជាមួយគ្នានេះភាគីទាំង២ បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក លើការកសាង និងបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យអនុវត្តច្បាប់ និងការគាំទ្រផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបង្កើនសមត្ថភាព និងលទ្ធភាព នៅក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប បទល្មើស កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសការថែរក្សាសន្តិសុខសម្រាប់ព្រឹត្តិការណ៍ ជាតិ-អន្តរជាតិសំខាន់ៗ ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លោក ស ខេង និងលោក វ៉ាង ស៊ាវហុង ក៏បានកត់សម្គាល់សមិទ្ធផល និងបទពិសោធន៍ជាច្រើន លើកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ ក្នុងរយៈពេល ជាង១ឆ្នាំកន្លងមក តាមរយៈកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក និងការប្រាស្រ័យទំនាក់ទំនងគ្នាជិតស្និទ្ធ ស្របតាមការប្ដេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
លោកស ខេង និងលោក វ៉ាង ស៊ាវហុង បានវាយតម្លៃខ្ពស់ចំពោះការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងកម្លាំងអនុវត្តច្បាប់នៃភាគីទាំង២ ក្នុងកិច្ចការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ផងដែរ។
បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក លើការកសាង និងបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យអនុវត្តច្បាប់ និងការគាំទ្រផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបង្កើនសមត្ថភាព និងលទ្ធភាព នៅក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសការថែរក្សាសន្តិសុខសម្រាប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ។
ចំណែកក្នុងការបំពេញទស្សនកិច្ចនៅទីក្រុងធានជីង លោក ស ខេង បានជួបសំណេះសំណាលជាមួយលោក ចាង កុង អភិបាលក្រុងធានជីង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយលោក ចាង កុង បានលើកឡើងពីស្ថានភាពទូទៅ និងសក្តានុពលនៃកត្តាភូមិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងធានជីង ជាមួយរាជធានី-ខេត្ត នៃប្រទេសកម្ពុជាផងដែរ៕