ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកអគ្គរាជទូតជប៉ុន ក្នុងការធ្វើសមាហរណកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស នៅជាប់គ្នាតែម្តង ដើម្បីទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេស ជាពិសេស វិនិយោគិនជប៉ុន។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣។
លោកបន្តថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន លោកតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ។ កម្ពុជា-ជប៉ុន បានយកចិត្តទុកដាក់លើផ្នែកភ័ស្តុភារកម្ម និងពន្លឿនដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបានដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។
លោក ហ៊ុន សែន បន្ថែមថា៖ «ខ្ញុំតែងតែអំពាវនាវឱ្យជប៉ុនពង្រីកឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាននូវផែទឹកជ្រៅ។ កាលណោះ ខ្ញុំបានអំពាវនាវដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលបានទទួលមរណភាពទៅហើយនោះ គួរឱ្យសោកស្តាយណាស់គឺអំពាវនាវឱ្យពន្លឿនឱ្យធ្វើយ៉ាងម៉េច ឱ្យទឹកមានជម្រៅកាន់តែជ្រៅ»។
លោកបញ្ជាក់ថា៖ «ជម្រៅទឹករបស់យើងនេះ មានតែជាង៨ម៉ែត្រទេ ប៉ុន្តែជប៉ុនបានធ្វើឱ្យយើងដល់ទៅ ៩,២ ម៉ែត្រ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ៩,២ ម៉ែត្រនេះ យើងទទួលបានទំនិញត្រឹមតែ ១៨ ភាគរយទេ ព្រោះនាវាធំៗ អត់បានចូលមកដល់ទេ។ ពិតមែន តែយើងពង្រីកចំណតកុងតឺន័រ ៣៥០ ម៉ែត្រ ហើយចំនួនកុងតឺន័រ ដែលចូលមក នឹងមានចំនួនពី ៥៥០ ០០០ ដល់ ១ លាន ប៉ុន្តែនៅតែទទួលក្នុងបរិមាណ ១៨ ភាគរយដដែល នៃសមត្ថភាពទទួលក្នុងកំពង់ផែនេះ ដូចនេះយើងនៅតែខាត ២០០ ដុល្លារ ក្នុង ១ កុងតឺន័រដដែល»។
លោកបន្តថា នៅជំហានខាងមុខ ឆ្នាំ ២០២៦ ចំណតផែកុងតឺន័រថ្មីជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ មនិងជំហានទី ២ ប្រវែង ៤០០ ម៉ែត្រ ជម្រៅទឹក សាងសង់ ១៦,៥ ម អនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលចតបាន កាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០$/TEUs បង្កើនភាពប្រកួតប្រជែង នោះកំពង់ផែកម្ពុជាដូចគេដូចឯងដែរហើយ។
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជាក៏បានលើកឡើងដែរថា កម្ពុជា-ជប៉ុន បានគិតរួមគ្នាក្នុងការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែសេរី ដែលមានទំនាក់ទំនងគ្នារវាងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ លោកមានប្រសាសន៍ថា ៖ «ចាប់តាំងពីឆ្នាំ ១៩៩៦ មក ប្រទេសជប៉ុនបានបន្តគាំទ្រដល់ការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកំពង់ផែនេះ អាចដំណើរការទៅបានល្អ»។
ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានលើកឡើងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបាននិងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ លោកបញ្ជាក់ថា៖ «បរិមាណទំនិញឆ្លងកាត់នៅឆ្នាំ ២០២២ មានចំនួនប្រមាណ ៧ លានតោន កើនឡើង ០,១៨ ភាគរយ និងចំណូលសរុបមានប្រមាណ ៣៤៤ ប៊ីលានរៀល (ប្រមាណ ៨៤ លានដុល្លារ អាមេរិក) កើនឡើង ០,៤១ ភាគរយ បើធៀបនឹងឆ្នាំ ២០២១»។
នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ថា ការសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគតដោយការសាងសង់នឹងចែកចេញជា ៣ ជំហាន។
លោកបានបញ្ជាក់ថា៖ «គម្រោងទាំង ៣ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០ លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២ លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១ លានដុល្លារអាមេរិក»។
លោកបានបន្តថា ដោយផ្អែកតាមការសិក្សាសមិទ្ធលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះនឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។
លោក លូ គឹមឈន់ បន្តថា គម្រោងទាំងនេះ នឹងផ្តល់ផលចំណេញដល់សេដ្ឋកិច្ ច(EIRR) ប្រមាណ ២៣,៣ ភាគរយ និងផលប្រយោជន៍ហិរញ្ញវត្ថុ(FIRR) ប្រមាណ ៧,៧ ភាគរយផងដែរ៕