ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឆ្លើយតប​នឹង​អ្នក​រិះគន់​ដែល​លោក​បាន​លើកឡើងថា មិនមាន​ការយាង​ព្រះមហាក្សត្រ​ទៅ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដោយ​លោក​ពន្យល់ថា នៅ​ប្រទេស​ដែលមាន​នាយករដ្ឋមន្ត្រី ឬ​របប​សភា​គឺ​នាយករដ្ឋមន្ត្រី​ចេញប្រកាស​បើក​ព្រឹត្តិការណ៍​បែបនេះ​។​

​លោក ហ៊ុន សែន ថ្លែងថា ​«​វា​ថា អត់​យាង​ព្រះមហាក្សត្រ​ទៅ​បើក​ស៊ី​ហ្គេម​»​។ ប៉ុន្តែ​លោក​ឆ្លើយតប​វិញ​ថា ព្រះមហាក្សត្រ​បាន​ប្រទាន​ភ្លើង​គប់​រួចហើយ​។ នៅក្នុង​ប្រទេស​អាស៊ាន មានតែ​ប្រទេស​ចំនួន​៣​ទេ ដែល​ប្រមុខរដ្ឋ​ទៅ​ប្រកាស​បើក​ព្រឹត្តិការណ៍​បែបនេះ​។ លោក​លើកឡើងថា ទី​១ គឺ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដោយ​ប្រទេស​នេះ ជា​របប​ប្រធានាធិបតី មិនមាន​នាយករដ្ឋមន្ត្រី​ទេ​។ ទី​២​ គឺ​ហ្វីលីពីន ដែល​ប្រទេស​នេះ មិនមាន​នាយករដ្ឋមន្ត្រី ប៉ុន្តែ​មាន​ប្រ​ធានា​ធិបតី និង​អនុ​ប្រធានាធិបតី​។ ទី​៣ គឺ​ស៊ុ​លត​ង់​ (​មហាក្សត្រ​ប្រ៊ុ​យ​ណេ​)​ ដែល​ព្រះអង្គ​កាន់​ជា​ប្រមុខរដ្ឋ​ផង និង​ជា​នាយករដ្ឋមន្ត្រី​ផង​។ ក្រៅពីនោះ​គឺ​នាយករដ្ឋមន្ត្រី​ចេញទៅ​ប្រកាស​បើក ពីព្រោះ​របប​សភា​គឺ​បែបនេះ​។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ ឧសភា ពិធីបើកការដ្ឋាន​សាង​សង់​ចំណត​ផែ​កុងតឺន័រ​នៅ​ខេត្ត​ព្រះសីហនុ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​ដែល​ធ្វើឡើង​នៅ​ចំណត​កំពង់ផែ​ក្រុង​ព្រះសីហនុ នា​ថ្ងៃទី ​១ ឧសភា​។​

​លោក​ថ្លែងថា​៖ «​នៅ​ប្រទេស ដែលមាន​នាយករដ្ឋមន្ត្រី គឺ​របប​សភា​គឺ​នាយករដ្ឋមន្ត្រី​ចេញប្រកាស​។ អ៊ីចឹង សុំ​អ្នក​ល្ងង់​ទាំង​​ឡាយ​ហ្អើ​យ កុំ​ល្ងង់​តទៅទៀត​។ បើ​អស់លោក​មិនចេះ​ខ្មែរ​ច្បាស់​អំពី​របប​ប្រធានាធិបតី ឬ​របប សភា​ទេ​អស់លោក​គួរតែ​ចេះ​ថា រ៉េ​ហ្សី​ម ប៉ា​ឡា​ម៉​ង់​ទែ​រ (regime parlamentare) ឬ​រ៉េ​ហ្ស៊ី​ម ប្រេ​ស៊ី​ដង់​ស្យែ​ល (regime presidentiel)​។ អ្នកឯង​ស្គាល់​ឱ្យ​ច្បាស់​ទៅ​! បើ​ស្គាល់​មិន​ច្បាស់​ទេ​កុំ​ធ្វើជា​អ្នកចេះ ហើយ​កុំ​ធ្វើជា​អ្នក​ព្រហើន ញុះញង់​ឱ្យមាន​ជម្លោះ​រវាង​ព្រះមហាក្សត្រ​ជាមួយ​នាយករដ្ឋមន្ត្រី​»​។

​លោក ហ៊ុន សែន បន្តថា​៖ «​ព្រះមហាក្សត្រ​ព្រះអង្គ​មិន​ដណ្តើម​តួនាទី​របស់​នាយករដ្ឋមន្ត្រី​ទេ ហើយ​នាយករដ្ឋមន្ត្រី​ក៏​មិន​ដណ្តើម​តួនាទី​ព្រះមហាក្សត្រ​ដែរ ដូចជា​ប្រទាន​ភ្លើង គឺ​ព្រះ​-​មហាក្សត្រ​យាង​។ នាយករដ្ឋមន្ត្រី​ដង្ហែ​»​។​

​បន្ថែម​ពីនេះ លោក​ ហ៊ុន សែន ​បាន​លើកឡើងថា នៅ​ប្រទេស​ជប៉ុន ក៏​នាយករដ្ឋមន្ត្រី​ចេញទៅ​ប្រកាស​ដែរ មិនមែន​ព្រះ​ចៅ​អធិរាជ​ចេញទៅ​ប្រកាស​នោះទេ ហើយ​លោក​បន្ថែមថា​៖ «​អាហ្នឹង​និយាយ​គ្នា​ឱ្យ​ច្បាស់​។ ប្រទេស​ចិន អាហ្នឹង​ករណី​មួយ​ផ្សេង​។ គាត់​ជា​ប្រធាន​បក្ស​គាត់​ជា​ប្រធាន​រដ្ឋ​គាត់​ចេញប្រកាស​»​។

​កាលពី​ខែមីនា ព្រះ​រាជពិធី​ព្រះរាជទាន​ «​ព្រះ​អគ្គិ​ជ័យ​កីឡា​» ​របស់​ព្រះមហាក្សត្រ នៅ​ប្រាសាទអង្គរវត្ត​ត្រូវបាន​រៀបចំឡើង ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​កម្ពុជា និង​ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​ប្រចាំ​នៅ​តំបន់​អាស៊ាន​ជាច្រើនរូប​។​

​ជាមួយគ្នានេះ​លោក​ ហ៊ុន សែន ក៏បាន​ឆ្លើយតប​នឹង​មតិ​រិះគន់​ដែល​បានលើកឡើង​អំពី​ការមិន​យក​កម្រៃ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​​ហ្គេម​នេះ​ដោយ​លោក​បញ្ជាក់ថា ការដែល​កម្ពុជា​បង្កើត​ការមិន​យកប្រាក់​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ទាញយក​មនុស្ស​ទាំងឡាយ​ចូលមក​ស្គាល់​កម្ពុជា​។

​លោក​ថ្លែងថា​៖ «​កម្ពុជា​ក្រ តែ​បេះដូង​វា​ធំ​។ រួចហើយ​មាន​អា​ខ្លះ ខំ​សម្ភាស​ជាមួយ​អា​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​ [​ថា​] បេះដូង​ធំ​ទាល់តែ​បេះដូង​វា​រីក​។ លុយ​ ៧​ លាន​ដុល្លារ យើង​ចាយ​ថែម​ដើម្បី​ចិញ្ចឹម​កីឡាករ កីឡាការិនី​របស់​បរ​ទេស​។ យើង​មិន​ទាមទារ​មកវិញ​តែ​ខ្ញុំ​ជឿ​ចំណុច​មួយ​។ ដល់ពេល​ទៅ​ស៊ី​ហ្គេម​លើក​ក្រោយ​នៅ​ប្រទេស​ដទៃ គេ​ក៏​អត់​យកលុយ​ពី​កម្ពុជា​វិញ​ដែរ ចាំមើលៗ ចាំមើល​។ កាប់​ថ្ម​ចំណាំ​!»​។​

​លោក ហ៊ុន សែន បន្ថែមថា ប៉ុន្តែ​អ្វីដែល​កម្ពុជា​ចង់បាន គឺ​កម្ពុជា​ចង់បង្ហាញ​ទឹកចិត្ត​មួយ​ដូចដែល​កម្ពុជា​ធ្លាប់ធ្វើ​ចំពោះ​នាវា Westerdam កន្លងមក ហើយ​ថា បើទោះបី​យកប្រាក់ ​៥០​ ដុល្លារ ក្នុង​កីឡាករ​ម្នាក់ ក៏​វា​មិន​ក្លាយទៅជា​អ្នកមាន​បានដែរ​។ លោក​បន្ថែមថា​៖ «​អា​ក្រុម​ចូលចិត្ត​ជេរ​ហ្នឹង​ធ្វើ​ម៉េច ធ្វើ​ឱ្យតែ​ផ្ទុយ​។ អឺ​! ឯង​ផ្ទុយ​ចំនួន​ភាគតិច​ណាស់​អាពៅ​! បើ​ប្រៀបធៀប​ជាមួយនឹង​ប្រជា​​ជនកម្ពុជា​ដែល​កំពុងមាន​មោ​ទ​នភា​ព​»​។​

​គួររំឭកថា នាវា​ទេសចរណ៍ Westerdam ដែល​ផ្ទុក​អ្នក​ដំណើរ​ជាង ១ ៤០០​ នាក់ ត្រូវបាន​កម្ពុជា​អនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ប្រទេស​ចំនួន ៥ រួមមាន ជប៉ុន កោះ​តៃវ៉ាន់ កោះ​ហ្គា​ម​របស់​សហ​​រដ្ឋ​អាមេរិក ហ្វីលីពីន និង​ថៃ​បាន​បដិសេធ​មិនឱ្យ​នាវា​នេះ​ចូល​ចត​នៅ​កំពង់ផែ​របស់​ពួកគេ​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩៕