ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ការប្រើប្រាស់ថាមពលសូឡា សម្រាប់បូមទឹកស្រោចស្រព កំពុងក្លាយជាជម្រើសកាន់តែល្អប្រសើរសម្រាប់កសិករ ដោយសារការចំណាយលើការវិនិយោគកាន់តែថយចុះហើយប្រសិទ្ធភាពកាន់តែកើនឡើង។
លោកបានសរសេរលើបណ្តាញសង្គមរបស់លោកថា លោកនឹងពិនិត្យមើលលើសក្តានុពលក្នុងការពង្រីកប្រព័ន្ធស្រោចស្រពនេះ។ កម្ពុជាពិតជាត្រូវការប្រព័ន្ធស្រោចស្រពឱ្យបានកាន់តែច្រើនថែមទៀត ហើយការប្រើថាមពលសូឡា សម្រាប់បូមទឹកពីបឹង និងទន្លេនឹងដើរតួកាន់តែសំខាន់។ ដូចនេះការប្រើថាមពលសូឡា ពិតជាអាចដោះស្រាយបញ្ហាទឹកសម្រាប់កសិកម្ម។
លោក យ៉ង សាំងកុមារ បានឱ្យដឹងបន្ថែមថា ក្រសួងបាននិងកំពុងអនុវត្តការងារជួយសម្របសម្រួលច្រើនលើការងារនេះ តាមរយៈការបណ្តុះបណ្តាល និងជួយស្វែងរកដៃគូវិនិយោគជាពិសេសលើកទឹកចិត្តដល់កសិករក្នុងការប្រើប្រាស់ឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទដែលមានអត្រាការប្រាក់សមរម្យ ដើម្បីប្រើប្រាស់ដើមទុនទាំងនោះ មកវិនិយោគលើថាមពលសូឡានេះ។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតតែការវិនិយោគលើកដំបូង ត្រូវការដើមទុនច្រើនមែន ប៉ុន្តែផលចំណេញយូរអង្វែង ជាពិសេសការបន្ថយការចំណាយ ជួយដល់បរិស្ថានដែលអាចធ្វើឱ្យកសិករយើងចំណេញបានច្រើនក្នុងការដាំដុះដំណាំផ្សេងៗ ជាពិសេសដំណាំដែលមានសក្តានុពលសម្រាប់ការនាំចេញ»។
ជាមួយគ្នានេះដែរ លោក សួស ស៊ីយ៉ាត ប្រធានសមាគមមៀនប៉ៃលិនបានថ្លែងថា ការប្រើប្រាស់ថាមពលសូឡា ពិតជាចំណេញច្រើនមែនហើយ ប៉ុន្តែកសិករត្រូវការចំណាយទុនច្រើន នៅពេលវិនិយោគលើកដំបូង។ លោកថា៖«កន្លងទៅ មានការណែនាំច្រើនដែរពីមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម តែងតែណែនាំដល់សមាគម កសិកររបស់យើងដែរ ចំពោះអត្ថប្រយោជន៍នៃការប្រើប្រាស់ថាមពលសូឡានេះ ប៉ុន្តែដោយសារតែការខាតបង់នាឆ្នាំកន្លងទៅកសិករយើងភាគច្រើនមិនមានលទ្ធភាពក្នុងការប្រើប្រាស់។ ម្យ៉ាងវិញទៀតខាងយើងខ្វះខាតប្រព័ន្ធធារាសាស្ត្រដែរ ដែលសព្វថ្ងៃកំពុងស្នើក្រសួងស្ថាប័នពាក់ព័ន្ធគិតគូរលើបញ្ហាធារាសាស្ត្រនេះ»។
លោក វណ្ណ ឫទ្ធី ប្រធានផ្នែកនាំចេញ នៃក្រុមហ៊ុន អង្គរ ហ្រ្គីន ក៏បានប្រាប់ឱ្យដឹងដែរថា ការប្រើប្រាស់ថាមពលសូឡា សម្រាប់ការបូមទឹកស្រោចស្រពដំណាំ ពិតជាបានផ្តល់ផលប្រយោជន៍ច្រើនណាស់ និងទទួលបានផលចំណេញច្រើន ប៉ុន្តែកសិករត្រូវការដើមទុនច្រើនក្នុងការវិនិយោគលើកដំបូង។ លោកបន្ថែមថា តាមដែលលោកសង្កេតមើល ការប្រើប្រាស់ថាមពលសូឡារបស់ប្រជាកសិករ ឬម្ចាស់ចម្ការស្វាយ ជាដៃគូរបស់ក្រុមហ៊ុន គឺនៅមានកម្រិតនៅឡើយ និងចាប់ផ្តើមមានការចាប់អារម្មណ៍ច្រើន ប៉ុន្តែពួកគាត់នៅខ្វះលទ្ធភាព។
លោក ឫទ្ធី បានថ្លែងថា៖ «ការប្រើប្រាស់ថាមពលសូឡានេះ វាត្រូវការដើមទុនច្រើន ហើយវាមានតម្លៃថ្លៃ ហើយកសិករភាគច្រើន មិនមានលទ្ធភាពវិនិយោគមុនទេ ព្រោះថា តម្លៃដែលបានពីការលក់ផលិតផលកសិករតិចតួច មិនទាន់មានលទ្ធភាពក្នុងការចំណាយនៅឡើយ។ ចំពោះកម្ចីវិញ យើងឃើញថា កសិករសុទ្ធតែត្រូវការកម្ចី ប៉ុន្តែដោយសារកសិករភាគច្រើនសុទ្ធតែមានបំណុល រួចទៅហើយ ដូចនេះទើបគាត់ពិបាកក្នុងការទទួលបានកម្ចីបន្ថែមទៀត»។
សូមជម្រាបថា សូឡាជាប្រភេទថាមពលមួយ ក្នុងចំណោមថាមពលកកើតឡើងវិញ ដែលបានទាញយកពីថាមពលពន្លឺព្រះអាទិត្យខណៈដែលថាមពលកកើតឡើងវិញដទៃទៀត អាចទាញយកបានពីធម្មជាតិអាចកកើតឡើងវិញជាប្រចាំដូចជា កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដី៕