ភ្នំពេញៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨។
នៅក្នុងកិច្ចប្រជុំលើកទី២១គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានលើកឡើងថា គោលការណ៍សំខាន់នៃការផ្ទេរមូលនិធិនេះ ក៏ត្រូវលើកយកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ។
យោងតាមក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ក្នុងរយៈពេលកន្លងទៅនេះ ក្រុមការងារអន្តរក្រសួងដោយបានការសម្របសម្រួលពី គ.ជ.អ.ប បានរៀបចំសិក្សាវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានរៀបចំជារបាយការណ៍ ស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃនេះ។
លោកបានបញ្ជាក់ផងដែរថា៖ «ការងារដ៏មានសារៈសំខាន់មួយទៀតដែរដែល គ.ជ.អ.ប. សម្រេចបាន គឺការព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨»។
យោងតាមក្រសួងមហាផ្ទៃបានលើកឡើងដែរថា ផ្អែកលើការសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. កាលពីខែធ្នូ ឆ្នាំ២០២២មក គ.ជ.អ.ប. បានបំពេញភារកិច្ចទទួលបានលទ្ធផលយ៉ាងច្រើន ក្នុងនោះរួមមាន ការអនុម័តឯកសារផែនការអនុវត្តរយៈពេល៥ឆ្នាំដំណាក់កាលទី១ (២០២១-២០២៥) នៃកម្មវិធីជាតិដំណាក់កាលទី២ ព្រមទាំងបានសម្រេចនិងដាក់ឱ្យអនុវត្តផ្លូវការនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ របស់ គ.ជ.អ.ប.។
លោកថា គ.ជ.អ.ប. ក៏បានរៀបចំនិងដាក់សំណើសុំគោលការណ៍អនុញ្ញាតពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបន្ថែមសមាជិកចំនួន៤រូបទៀត រួមមាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន បានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃបានដាក់ឱ្យអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការដោយផ្ទេរ
អំណាចទៅដល់ថ្នាក់ក្រោមបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែក៏មានបញ្ហាប្រឈមខ្លះដែរពាក់ព័ន្ធនឹងថវិកានេះ។
លោកបានថ្លែងថា៖«ចំពោះការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ នេះ គឺជារឿងល្អមួយសម្រាប់ឱ្យថ្នាក់ក្រោមមានកញ្ចប់ថវិកាក្នុងការរៀបចំអភិវឌ្ឍគម្រោងនានានៅក្នុងមូលដ្ឋានរបស់ខ្លួន»។
ទោះជាយ៉ាងណា លោកប៉ា ចន្ទរឿន ថា ការទម្លាក់កញ្ចប់ថវិកាទៅឱ្យមូលដ្ឋានសម្រាប់អភិវឌ្ឍ ក៏គួរតែក្រសួងមានយន្តការគ្រប់គ្រង និងបែងចែក ព្រមទាំងតាមដានរាល់ការចំណាយរបស់ឃុំសង្កាត់ និងក្រុងស្រុក ដើម្បីធានាដល់តម្លាភាព ប្រសិទ្ធភាពចំពោះការចំណាយថវិកាជាតិ៕