ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ លោក ​ឌិ​ត ទីណា និង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់​ដេ​ត នៅ​ថ្ងៃទី​ ២ ខែឧសភា បាន​ចុះ​អនុស្សរណៈ​​យោគយល់​គ្នា សម្រាប់​ការគាំទ្រ​ការ​ ដាក់​ដំណើរការ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៅ​ក្របខ័ណ្ឌ​ក្រសួងកសិកម្ម​។​

​ការចុះ​អនុស្សរណៈ​ក្រោម​វត្ត​មាននៃ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ទាំង​ ២ ប្រមាណ​ ២៥០ ​រូប​បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ សម្រាប់​ដំណើរការ​នៃ​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម ដែល​លោក ឌិ​ត ទីណា បាន​លើកឡើងថា ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh ដោយ​គ្រាន់តែ​ស្កេ​ន «​ឃ្យួ​.​អ​.​កូដ ស្តង់ដា​» ដែលមាន​ភាពងាយស្រួល កាន់តែ​ទំនើប និង​កាន់តែ​រហ័ស​។

​លោករដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់ថា តាមរយៈ​ខ្លឹមសារ​នៃ​អនុ​ស្យ​រណៈ​ដ៏​សំខាន់​នេះ ក្រសួង​ប្រៃសណីយ៍​នឹង​ជំរុញ​ការតភ្ជាប់​អី​ុ​ន​ធឺ​ណិ​តទៅ​គ្រប់​ការិយាល័យ​ចំណុះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងពេល​ខាងមុខ ឱ្យមាន​ល្បឿន​លឿន ងាយ​​ស្រួល​ដល់​ការបំពេញ​កិច្ចការ និង​មាន​ប្រសិទ្ធភាព​។

​លោក​មានប្រសាសន៍ថា​៖ «​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ផ្តើមចេញពី​ការជជែក​សហការ រវាង​ឯក​​ឧ​ត្ត​ម ជា វ៉ាន់​ដេ​ត ក្នុងការ​ពិនិត្យ​លទ្ធភាព​ធ្វើ​ទំនើបកម្ម ក្នុង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​យើង​។ ចំណុច​សំខាន់​មួយ គឺ​ការផ្តល់​នូវ​លទ្ធភាព​ក្នុងការ​រៀបចំ​ជា ឃ្យូ​.​អ​.​កូដ (QR Code) ដើម្បី​ផ្ទៀងផ្ទាត់​ទៅលើ​ឯកសារ​មួយ​​ចំនួន ដើម្បី​ធានា​នូវ​ការបន្លំ​ឯកសារ ជាដើម​»​។

​ឆ្លើយតប​សំណួរ​របស់​អ្នក​សារព័ត៌​​មាន​ក្នុងពេល​សន្និសីទ​សារព័ត៌មាន លោក​ឌិ​ត ទីណា បាន​លើកឡើងថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន មានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ទោះ​ក្នុង​កម្រិត​ណាក៏ដោយ ប៉ុន្តែ​អ្នកប្រើប្រាស់​ជាពិសេស​កសិករ អាចមាន​លទ្ធភាព​ស្វែងយល់​ពី​ការធ្វើ​ទំនើបកម្ម​ក្នុង​ការងារ​កសិកម្មរ​បស់​ខ្លួន​។

​លោក​បន្តថា តាមរយៈ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្រសួងកសិកម្ម នឹង​រៀបចំ​កសិកម្ម​ផ្សាភ្ជាប់​ឌីជីថល ដោយ​ផ្សារភ្ជាប់​ការងារ​កសិកម្ម​តាំងពី​កសិករ​រហូតដល់​អ្នក​នាំចេញ ប្រកបដោយ​ព័ត៌មាន​ច្បាស់លាស់ និង​កាត់បន្ថយ​បាន​នូវ​ផ្នែក​ដែល​មិនចាំបាច់​ណាមួយ ក្នុង​ដំណើរ​ការបញ្ចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​។ លោក​បាន​គូសបញ្ជាក់ថា​៖ «​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ឌីជីថល​នេះ នឹង​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ប្រជាកសិករ​របស់​យើង​នៅពេល​ខាងមុខ ក្នុង​ការប្រើ​​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បីឱ្យ​គាត់​ដឹង​ព័ត៌មាន​ពី​ទីផ្សារ​ច្បាស់លាស់​»​។

​ជាមួយគ្នានេះ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ក៏បាន​ថ្លែង​ដែរ​ថា កម្ពុជា​ជា​ប្រទេស​ទី ២ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ដែល​ដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ឯកសារ ដោយ​ប្រើ​បច្ចេកវិទ្យា​ប្លុក​ឆេន ដែលជា​សំណុំ​​ប្រតិបត្តិការ​ជា​ប្លុក ត​ភ្ជាប់​គ្នា​ពីមួយ​ទៅមួយ​ដោយ​សុវត្ថិភាព តាមរយៈ​ការប្រើ​លេខ​សម្គាល់​សម្ងាត់ និង​កំណត់ត្រា​ពេលវេលា​នៃប្រតិបត្តិ​ការដែល​មិនអាច​កែ​បាន និង​ត្រូវបាន​ចែករំលែក នៅក្នុង​បណ្តាញ​ពាក់ព័ន្ធ​។​

​លោករដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ក៏បាន​សន្យា​ជួយ​លើកកម្ពស់​ផលិត​​ផល​កសិកម្ម​កម្ពុ​ជាតា​មរយៈ​ការគាំទ្រ​ដល់​ការបង្កើត​ផ្សារ​បែប​ប្រពៃណី និងការបង្កើត​ផ្សារលើ​ថ្នាល់​បច្ចេកវិទ្យា​។ លោក​បញ្ជាក់ថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​ទាំង​ ២​ នឹង​ចាប់ផ្តើម​ធ្វើការ​ងារ​ជាមួយគ្នា ហើយ​នៅក្នុង​រយៈពេល​ ១ ​ទៅ​២​ ខែ​ខាងមុខ នឹង​អាចដាក់​ដំណើរការ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​នេះ​។

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ប្រៃសណីយ៍​នា​ថ្ងៃទី ​២ ខែឧសភា បញ្ជាក់ថា ក្រសួង​ប្រៃសណីយ៍​នឹង​ផ្តល់​ការ​​គាំទ្រ​ដល់​ក្រសួងកសិកម្ម​លើ​ការដាក់​ឱ្យប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh សម្រាប់​ផ្ទៀងផ្ទាត់​ឯកសារ ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ត​ភ្ជាប់​អ៊ី​ន​ធឺ​ណិ​ត​នៅក្នុង​ក្រសួងកសិកម្ម ព្រមទាំង​ការសហការ​រៀបចំ​ថ្នាល​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​។ ការផ្ទៀងផ្ទាត់​ឯកសារ​នៅលើ​ថ្នាល verify.gov.kh ត្រូវធ្វើឡើង​តាមរយៈ​ការដាក់បញ្ចូល QR Code ស្តង់ដា ដោយ​ប្រើ​បច្ចេកវិទ្យា​ប្លុក​ឆេន (Blockchain) ដែលមាន​សុវត្ថិភាព​ខ្ពស់​នៅលើ​សន្លឹក​នៃ​ឯកសារ​នីមួយៗ​។ ការប្រើ​ឯកសារ​ដែលមាន​ដាក់បញ្ចូល QR Code ស្តង់ដា​នេះ​មិន​តម្រូវឱ្យមាន​ការធ្វើ​នីត្យានុកូលកម្ម​លើ​ឯកសារ​ថត​ចម្លង​ក្នុង​ទម្រង់​ជា​ក្រដាស​ឡើយ​។​

​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ៣ ខែមីនា​ឆ្នាំនេះ បានចេញ​អនុក្រឹត្យ ដោយ​ដាក់​ឱ្យប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh របស់​រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​ក្នុង​គោលបំណង​លុបបំបាត់​ការ​ក្លែងបន្លំ​ឯកសារ ផ្តល់​ភាពងាយស្រួល​ក្នុងការ​​ប្រើប្រាស់ និង​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ឯកសារ ផ្តល់​ទំនុកចិត្ត ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​នានា ព្រមទាំង​ជំរុញ ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​សេវាសាធារណៈ​៕