រយៈពេល ៤ ខែ ប្រជាពលរដ្ឋចំនួន ១៦ ភូមិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី បានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកជ ដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយគម្រោង USAID-មរតកបៃតង និងអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយពីគម្រោងរេដបូកដល់ពួកគាត់។
យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីខែមករា ដល់បំណាច់ខែមេសា ឆ្នាំ២០២៣ ក្រោមជំនួយថវិកាពីអង្គការជីវិតសត្វស្លាបអន្តរជាតិ និងគម្រោង USAID-មរតកបៃតង អង្គការនេះបានរៀបចំការពិគ្រោះយោបល់ ផ្សព្វផ្សាយគម្រោង និងស្នើសុំការព្រមព្រៀងពីប្រជាពលរដ្ឋទាំង ១៦ ភូមិ ដែលជាភូមិគោលដៅនៃគម្រោង។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបន្តថា ដំណើរការពិគ្រោះយោបល់ ការផ្សព្វផ្សាយ និងស្នើសុំការព្រមព្រៀងនេះ អនុវត្តទៅបានដោយរលូនក៏ដោយសារមានការគាំទ្រ និងសហការពីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋានពីថ្នាក់ខេត្ត ដល់ភូមិ និងប្រជាពលរដ្ឋទាំង ១៦ ភូមិ ក្នុងខេត្តទាំងពីរ គឺខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ដំណើរការនេះត្រូវបានរៀបចំជា ការជួបប្រជុំក្រុមធំ ក្រុមតូច និងចុះផ្សព្វផ្សាយតាមខ្នងផ្ទះ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបញ្ជាក់ថា ៖ «ជាលទ្ធផលក្នុងរយៈពេល ៤ ខែនេះ បានផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ កម្មវិធីរេដបូក និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ដល់ប្រជាពលរដ្ឋសរុបចំនួន ២៥៣៥ នាក់ ដែលក្នុងនោះមានអ្នកភូមិចំនួន ១៣៤២ នាក់ រួមទាំងជនជាតិដើមភាគតិច ដែលតំណាងឱ្យប្រជាជនក្នុងភូមិចំនួន៩ បានផ្តល់ការយល់ព្រមជាមុនដោយគ្មានការបង្ខិតបង្ខំ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់ពីគម្រោង តាមរយៈការផ្តិតមេដៃ»។
ចំណែកចំនួន ៧ ភូមិទៀតបានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដោយតាមរយៈការកិច្ចប្រជុំលើកដៃ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែឧសភាថា គម្រោងឥណទានកាបូនក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ ជាគំនិតផ្ដួចផ្ដើមថ្មីដែលគាំទ្រដោយរាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន ដែលជាអ្នកគ្រប់គ្រងព្រៃឈើ និងសត្វព្រៃឱ្យមាននិរន្តរភាព។
លោកបន្តថា មុននឹងទទួលបានលទ្ធផលពីការយល់ព្រមពីប្រជាពលរដ្ឋទាំង ១៦ ភូមិនេះ គឺភាគីពាក់ព័ន្ធបានសហការគ្នា ដើម្បីធ្វើការផ្សព្វផ្សាយនូវគម្រោងរេដបូកឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃគម្រោងឥណទានកាបូននេះ។
ដើម្បីអនុវត្តគម្រោងរេដបូកនេះបាន គឺត្រូវការយល់ស្របពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានដោយសារការចូលរួម និងការធ្វើសេចក្ដីសម្រេចចិត្ត តាមរយៈការព្រមព្រៀងដោយសេរី មុនការអនុវត្តគម្រោង និងដោយទទួលបានព័ត៌មានគ្រប់គ្រាន់ពីគម្រោងនេះ គឺមានភាពចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដើម្បីអាចបញ្ចៀសនូវផលប៉ះពាល់ដែលអាចកើតមានពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។
លោក ប៊ូ វរសក្ស លើកឡើងថា ៖ «ចំពោះការព្រមព្រៀងនេះ ភាគីពាក់ព័ន្ធនឹងធ្វើការបន្តទៀតជាមួយប្រជាពលរដ្ឋដែលមិនទាន់ព្រមព្រៀង ព្រោះដើម្បីឱ្យឈានដល់ការកំណត់ទំហំកាបូន និងអាចយកកាបូនទៅផ្គត់ផ្គង់នៅលើទីផ្សារបានក្នុងគម្រោងឥណទានកាបូននេះ»។
លោកបញ្ជាក់ទៀតថា ៖ «អ៊ីចឹងថវិកាដែលយើងយកបានពីការលក់ឥណទានកាបូននេះ គឺយើងគិតថាយ៉ាងតិចក៏ ៧៥% ផងដែរ ដែលបម្រើឱ្យការងារអភិរក្ស និងការពារព្រៃឈើ ក៏ដូចជាបង្កើនជីវភាពសហគមន៍នៅក្នុងមូលដ្ឋាន ហើយតាមរយៈទាំងអស់នេះ គឺជាយន្តការមួយដែលអាចធ្វើឱ្យយើងទប់ស្កាត់ការបាត់បង់ព្រៃឈើ និងការពារសត្វព្រៃបាន ដែលនេះគឺជាអ្វីដែលយើងរំពឹងទុក ដូចនៅខាងដែនជម្រកកែវសីមាដែរ»។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៃតំបន់ខ្ពង់រាបភាគបូព៌ា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៩៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៥ ម៉ឺនហិកតា ក្នុងនោះប្រហែល ៨០% ស្ថិតនៅក្នុងខេត្តរតនគិរី និងចំនួន ២០% ទៀតនៅក្នុងខេត្តមណ្ឌលគិរី។ ដែនជម្រកសត្វព្រៃលំផាត់ ក៏ជាទីតាំងដ៏សំខាន់មួយសម្រាប់ការអភិរក្សសត្វព្រៃ និងធនធានជីវៈចម្រុះ ជាពិសេសប្រភេទសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក៕