ភ្នំពេញៈ លោក កែវ សុជាតិ នាយកប្រតិបត្តិអង្គការសន្សំម្លប់ព្រៃបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ នេះ សមាជិក កសិករ IBIS ដាំស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃកើនឡើងជិតដល់ ២ ០០០ គ្រួសារ ខណៈឆ្នាំមុនមាន ១ ៥០០ គ្រួសារនៅតំបន់គោលដៅនៃខេត្តចំនួន ៤ គឺខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដើម្បីគាំទ្រផលិតផលស្រូវគ្មានជាតិគីមី អភិរក្សព្រៃឈើ និងការពារសត្វព្រៃ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែឧសភា នាយកប្រតិបត្តិអង្គការសន្សំម្លប់ព្រៃ លោក កែវ សុជាតិ បានឱ្យដឹងថា ការដាំស្រូវក្នុងឆ្នាំ ២០២៣ នេះ ចាប់ផ្តើមនៅខែមិថុនា នៅតំបន់គោលដៅសំខាន់ៗដូចជា នៅដែនជម្រកសត្វព្រៃលំផាត់ និងឧទ្យានជាតិវឺនសៃសៀមប៉ាង ខេត្តរតនគិរី ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ក៏ដូចជាដែនជម្រកសត្វព្រៃសៀមប៉ាងនិងព្រៃឡង់នៅខេត្តស្ទឹងត្រែង ជាពិសេសគឺដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរកា និងដែនជម្រកសត្វព្រៃស្រុកឆែបដែលស្ថិតនៅខេត្តព្រះវិហារ។
លោកថ្លែងថា៖ «តំបន់ហ្នឹងយើងធ្លាប់ដាំ ប៉ុន្តែគ្រាន់តែយើងរើសសមាជិកថ្មីបន្ថែម ហើយឥឡូវយើងកំពុងតែសិក្សាតំបន់ថ្មីខាងជួរភ្នំក្រវាញ។ ឆ្នាំនេះយើងសិក្សាសិន បើលទ្ធភាពអាចទៅរួចបានយើងធ្វើនៅឆ្នាំក្រោយ»។ នាយកប្រតិបត្តិអង្គការសន្សំម្លប់ព្រៃប្រាប់ថា ការដាំស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃគឺមិនប្រើប្រាស់ថ្នាំពុល និងជីគីមីទេបើសមាជិកណាមិនអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវដូចជា ទៅបរបាញ់សត្វព្រៃ កាប់រានដីថ្មីជាដើម នឹងត្រូវដកចេញពីសមាជិកវិញ ប៉ុន្តែបើសមាជិកដែលធ្លាប់ធ្វើខុសលក្ខខណ្ឌហើយកែតម្រូវវិញបាននោះពួកគាត់នៅតែអាចចូលរួមនិងបន្តដាំស្រូវវិញបាន។ លោកបញ្ជាក់ថា ជាទូទៅក្នុង១ ឆ្នាំ មានសមាជិកធ្វើខុសលក្ខខណ្ឌ ១០ ភាគរយ។
លោកថ្លែងថា៖ «បើយើងអត់អនុវត្តលក្ខខណ្ឌទេគាត់លក់ស្រូវបានហើយគាត់កាប់ព្រៃឈើគាត់កាប់យកដីធ្វើស្រែកាន់តែច្រើន អ៊ីចឹងយើងត្រូវមានលក្ខខណ្ឌទើបអាចរក្សាការពារព្រៃឈើ សត្វព្រៃបាន»។
បើតាមលោក កែវ សុជាតិ ការចូលជាសមាជិក IBIS ពលរដ្ឋនឹងផលិតបានអង្ករសរីរាង្គដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃប្រភេទងាយរងគ្រោះជិតផុតពូជ ហើយតាមរយៈគម្រោង IBIS នឹងជួយលើកកម្ពស់ជីវភាពប្រជាជនតាមភូមិ ព្រោះលក់ស្រូវបានតម្លៃខ្ពស់ជាងទីផ្សារ។
លោកបញ្ជាក់ថា៖ «រដូវមុនយើងសហការជាមួយក្រុមហ៊ុន IBIS គេទិញ ១ គីឡូជាមធ្យមបានចន្លោះពី ១ ៧០០ ដល់ ១ ៩០០ រៀល ប្រភេទស្រូវផ្ការំដួល។ ឥឡូវតម្លៃមិនផ្លាស់ប្តូរទេប៉ុន្តែយើងធ្វើមិនបានគ្រប់ផង យើងមានតម្រូវការតែអ្នកដាំមួយចំនួនធ្វើខុសលក្ខខណ្ឌ អ៊ីចឹងយើងពិបាកនឹងផ្គត់ផ្គង់ឱ្យគេគ្រប់»។
លោក ដូង តាំងគូ អ្នកសម្របសម្រួលគម្រោងនៃអង្គការម្លប់ព្រៃប្រចាំខេត្តព្រះវិហារ ថ្លែងនៅថ្ងៃទី ២ ខែឧសភាថា ក្រោយធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋ៨០គ្រួសារ ចូលជាសមាជិកកសិករ IBIS ដាំស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ តាមរយៈការផ្សព្វផ្សាយជ្រើសរើសសមាជិកដាំស្រូវនេះ ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ប៉ុន្តែ អ្នកខ្លះមានបញ្ហាខ្វះដីដាំដុះមិនអាចចូលរួមដាំដុះដើម្បីលក់បានពោលគឺមានត្រឹមដីដាំដុះប្រមូលផលតែសម្រាប់ទទួលទានប៉ុណ្ណោះ។
អ្នកសម្របសម្រួលនៃអង្គការម្លប់ព្រៃប្រចាំខេត្តព្រះវិហារបានឱ្យដឹងថា ការចូលជាសមាជិក កសិករ IBIS កសិករនឹងទទួលបានការណែនាំពីបច្ចេកទេសនៃការរក្សា និងបង្កើនជីជាតិដី ការដាំដំណាំគម្របដី ការធ្វើជីកំប៉ុសការរៀបចំពូជស្រូវ និងរបៀបដាំដុះស្រូវសរីរាង្គ។ លោកបន្ថែមទៀតថា ការដាំដុះស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃនេះកសិករទទួលបានប្រយោជន៍ ជាច្រើនដូចជា មានទីផ្សារច្បាស់លាស់ និងតម្លៃខ្ពស់ បង្កើនចំណូលគ្រួសារ អាហារមានសុវត្ថិភាព ចូលរួមការពារព្រៃឈើ សត្វព្រៃនិងបានចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកបានមានប្រសាសន៍ថា៖ «យោងតាមដែលខ្ញុំធ្វើការជាមួយគាត់ប្រមាណ ៥ ឆ្នាំមកនេះ ឃើញថា ពលរដ្ឋដែលបានចូលមកក្នុងគម្រោងនេះមិនមានការចូលកាប់ព្រៃ ចាប់សត្វ ដាក់អន្ទាក់ទៀតទេ គាត់វិលមកដាំស្រូវ និងដំណាំផ្សេងៗទៀត។ បើសិនជាប្រជាពលរដ្ឋចូលរួមដាំដុះស្រូវនេះកាន់តែច្រើននោះនិរន្តរភាពនៃការថែរក្សាព្រៃឈើសត្វព្រៃនឹងកាន់តែប្រសើរថែមទៀត»។
តាមហ្វេសប៊ុករបស់អង្គការសន្សំម្លប់ព្រៃបានឱ្យដឹងថា ការជ្រើសរើសសមាជិក កសិករ IBIS នឹងត្រូវបញ្ចប់ត្រឹមដាច់ខែឧសភា ឆ្នាំ ២០២៣ នេះ។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការក្លាយខ្លួនជាកសិករដាំដុះស្រូវសរីរាង្គ ក៏ដូចជាក្លាយជាសមាជិកកសិករ IBIS សូមធ្វើការទាក់ទងមកកាន់អ្នកសម្របសម្រួលគម្រោងនៅតាមតំបន់គោលដៅនីមួយៗដើម្បីស្វែងយល់បន្ថែមពីដំណើរការនៃកម្មវិធីទាំងមូល៕