ភ្នំពេញៈ បណ្តាញយុត្តិធម៌នៅអាស៊ីអាគ្នេយ៍ (South East Asia Justice Network-SEAJust) បានរៀបចំកិច្ចប្រជុំពេញអង្គនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើបញ្ហាប្រឈមនានា និងការចែករំលែកឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យព្រហ្មទណ្ឌ។
យោងតាមការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ក្រសួងយុត្តិធម៌ កិច្ចប្រជុំពេញអង្គដែលសហការរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េនេះ មានរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើម នៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ និងមានអ្នកចូលរួមចំនួន៩៥នាក់ ដែលសុទ្ធសឹងជាមន្ត្រីជំនាញក្នុងវិស័យយុត្តិធម៌មកពី ១៥ ប្រទេស ក្នុងនោះក៏មានតំណាងពីកម្ពុជាចូលរួមផងដែរ ។
តាមរយៈរបាយការណ៍ព័ត៌មានដដែលនោះ តំណាងពីកម្ពុជាដឹកនាំដោយលោក តាន់ហ៊ាង ដាវ័ណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ រួមទាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ចំនួន៣រូបទៀត។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនោះ ក្រុមមន្ត្រីជំនាញបានរួមគ្នាពិភាក្សាលើបញ្ហាប្រឈមមួយចំនួនដែលទាក់ទងនឹងករណី «ឧក្រិដ្ឋកម្មឆ្លងដែន ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឌីជីថល កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងបញ្ហាព្រហ្មទណ្ឌដែលជាគន្លឹះដើម្បីដោះស្រាយការប្រើប្រាស់ឧក្រិដ្ឋកម្មនៃទ្រព្យសម្បត្តិឌីជីថល រួមទាំងគ្រីបតូ»។
ជាមួយគ្នានេះ អង្គប្រជុំទាំងមូលក៏បានចែករំលែកគ្នាទៅវិញទៅមកនូវឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យព្រហ្មទណ្ឌ ជាពិសេសការជួយគ្នាទៅវិញទៅមកលើជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងបណ្តាប្រទេសជាសមាជិកនៃបណ្តាញយុត្តិធម៌នៅអាស៊ីអាគ្នេយ៍។
របាយការណ៍បានបន្តថា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំពេញអង្គនេះ លោក តាន់ហ៊ាង ដាវ័ណ្ណ និងប្រធានគណៈប្រតិភូនៃប្រទេសជាសមាជិកផ្សេងទៀត ក៏បានជួបសម្តែងការគួរសមជាមួយ លោក Han Dong Hoon រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងព្រមទាំងបានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា ដើម្បីចូលរួមជំនួបពិភាក្សាការងារទ្វេភាគីជាមួយក្រសួងយុត្តិធម៌កូរ៉េ ដែលដឹកនាំ ដោយ លោក Lee Ji Hyung នាយកកិច្ចការព្រហ្មទណ្ឌអន្តរជាតិ។
បណ្តាញយុត្តិធម៌អាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយមានមូលនិធិពីរដ្ឋាភិបាលជប៉ុននិងដោយមានការគាំទ្រពីលេខាធិការដ្ឋានសន្ធិសញ្ញាជំនួយផ្នែកច្បាប់ទៅវិញទៅមកអាស៊ាន បណ្តាញ SEAJust នឹងបម្រើជាវេទិកាក្រៅផ្លូវការសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តល្អលើជំនួយផ្លូវច្បាប់ទៅវិញទៅមករវាងអ្នកអនុវត្តយុត្តិធម៌ព្រហ្មទណ្ឌពីអាស៊ីអាគ្នេយ៍និងតំបន់ផ្សេងទៀតផងដែរ៕