ភ្នំពេញៈ អង្គការភ្លែនអន្តរជាតិកម្ពុជាណែនាំពីគន្លឹះមួយចំនួនដល់អាណាព្យាបាល ដើម្បីរក្សាសុវត្ថិភាពកុមារនៅលើប្រព័ន្ធអ៊ីនធឺណិត ដោយអះអាងថា សុវត្ថិភាពកុមារនៅលើប្រព័ន្ធអ៊ីនធឺណិតនៅតែជាកត្តាព្រួយបារម្ភ ដែលត្រូវយកចិត្តទុកដាក់ និងអាចទប់ស្កាត់បានតាមរយៈការចូលរួម។
លិខិតណែនាំរបស់អង្គការភ្លែនបានលើកឡើងថា ក្នុងនាមអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល និងគ្រូបង្រៀន គឺត្រូវចូលរួម និងដឹងពីរបៀបដែលអាចការពារសុវត្ថិភាពកុមារបាននៅលើប្រព័ន្ធអ៊ីនធឺណិត ហើយវិធីសាស្ត្រទាំងនោះ នឹងអាចជួយកុមារ និងយុវជនឱ្យគេចចេញពីហានិភ័យ ឬគ្រោះថ្នាក់ដែលអាចជះឥទ្ធិពលអាក្រក់ដល់កុមារ និងយុវជន។
អង្គការភ្លែន បានណែនាំថា៖«សូមលើកទឹកចិត្តកុមារ និងយុវជនឱ្យបង្ហាញអ្នកអំពីសកម្មភាពដែលពួកគេចូលចិត្តធ្វើនៅលើប្រព័ន្ធអ៊ីនធឺណិត។ សូមបង្កើត និងមានការព្រមព្រៀងលើវិន័យក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងផ្ទះរបស់អ្នក។ សូមណែនាំ និងលើកទឹកចិត្តកុមារ និងយុវជនឱ្យចេះកំណត់ភាពឯកជន ដោយមិនបង្ហាញឈ្មោះពេញ អាសយដ្ឋាន លេខទូរស័ព្ទ ព័ត៌មានផ្ទាល់ខ្លួន ឬរូបថតដែលអាចកំណត់អត្តសញ្ញាណ»។
អង្គការនោះ ក៏បានណែនាំឱ្យអាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកុមារ និងយុវជនគិតគូរឱ្យបានច្បាស់លាស់ មុននឹងបង្ហោះខ្លឹមសារនៅលើប្រព័ន្ធអ៊ីនធឺណិត មានដូចជា រូបថត វីដេអូ ពាក្យពេចន៍ ឬអត្ថបទនានា ហើយចូលពិភាក្សាជាមួយកុមារ និងយុវជនអំពីហានិភ័យនានាដែលអាចកើតមានឡើងពាក់ព័ន្ធនឹងការជួបដោយផ្ទាល់ជាមួយ “មិត្តភក្តិ” ដែលស្គាល់តាមរយៈប្រព័ន្ធអ៊ីនធឺណិត។
ក្រៅពីវិធីសាស្ត្រទាំងនេះ អង្គការភ្លែន ក៏បានណែនាំដែរថា អាណាព្យាបាលត្រូវបង្រៀនកុមារ និងយុវជនឱ្យចេះពិចារណា និងវាយតម្លៃព័ត៌មាននៅលើប្រព័ន្ធអ៊ីនធឺណិត និងត្រូវតាមដានពីគោលបំណងនៃការប្រើប្រាស់ ប្រវត្តិនៃការប្រើប្រាស់ និងប្រភពនៃការស្វែងរកព័ត៌មានរបស់កុមារ និងយុវជននៅលើប្រព័ន្ធអ៊ីនធឺណិត។
អង្គការភ្លែន បានបន្តថា៖«ត្រូវលើកទឹកចិត្តកុមារ និងយុវជន បង្កើតទំនាក់ទំនងនៅលើប្រព័ន្ធអ៊ីនធឺណិតជាមួយតែជនណា ឬ បុគ្គលណាដែលពួកគេធ្លាប់ស្គាល់នៅខាងក្រៅប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះ។ ត្រូវចូលរួមជាមួយកុមារ និងយុវជនក្នុងការប្រើប្រាស់ និងស្វែងរកព័ត៌មាននានានៅលើប្រព័ន្ធអ៊ីនធឺណិត។ ត្រូវបិទតំណភ្ជាប់ ឬវេបសាយណាដែលមិនផ្តល់អត្ថប្រយោជន៍ និងមិនគួរឱ្យទុកចិត្ត»។
ជាមួយនឹងវិធីសាស្ត្រទាំងនោះ អង្គការភ្លែន ក៏បានណែនាំឱ្យអាណាព្យាបាលទាំងអស់ មិនត្រូវបដិសេធខ្លាំងហួសហេតុពេកចំពោះការប្រើប្រាស់របស់កុមារ និងយុវជននៅលើប្រព័ន្ធអ៊ីនធឺណិតនោះទេ។
លោកយី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣ ឧសភាថា ការចេញសារ និងគន្លឹះណែនាំអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអ៊ីនធឺណិតក្នុងពេលនេះ ក៏ព្រោះតែដើម្បីចូលរួមអបអរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិ (ICT)។
លោកបានបន្តថា គន្លឹះទាំងនោះ គឺជាវិធីសាស្ត្រដ៏ចាំបាច់ ដើម្បីជួយរំឭកទៅដល់អាណាព្យាបាល និងមាតាបិតាក្នុងការការពារកុមារឱ្យចៀសផុតពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត ព្រោះការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត គឺជារឿងមួយដ៏រសើប និងត្រូវយកចិត្តទុកដាក់ ស្របពេលដែលមានកុមាររងគ្រោះគួរឱ្យព្រួយបារម្ភ។
លោកបានបញ្ជាក់ថា៖«ឪពុកម្តាយ គឺជាតួអង្គមួយសំខាន់ នៅក្នុងការជួយទៅដល់កូនគាត់ ដើម្បីធ្វើម៉េចឱ្យកូនគាត់ចៀសផុតពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ ដោយសារឪពុកម្តាយ គឺជាអ្នកដែលនៅជិតកូន និងជាអ្នកដែលដើរតួនាទីតាមដានផ្តល់ឱវាទទៅដល់កូន។ កន្លងមក យើងមើលឃើញថា ឪពុកម្តាយមួយចំនួន គាត់មិនបានចាប់អារម្មណ៍ និងយល់នោះទេ»។
តាមលទ្ធផលនៃការសិក្សាក្នុងឆ្នាំ២០២២ របស់ UNICEF សហការជាមួយ Interpol និង EPACT បានបង្ហាញថា មានកុមាររាប់រយនាក់នៅក្នុងប្រទេសកម្ពុជា កំពុងទទួលរងនូវការកេងប្រវ័ញ្ចផ្លូវភេទ ហើយការ
រំលោភបំពានលើអ៊ីនធឺណិត មានដល់១១ ភាគរយ នៃកុមារដែលប្រើអ៊ីនធឺណិត ដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ។
ការសិក្សានេះ ក៏បានរកឃើញដែរថា កុមាររងគ្រោះទាំងនោះ គឺត្រូវបានទទួលរងយ៉ាងច្បាស់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត និងការរំលោភបំពាននៅក្នុងឆ្នាំដែលពួកគេត្រូវបានអង្កេត។ នេះបើតាមការសិក្សារបស់អង្គការទាំងនោះ បន្ទាប់ពីបានសិក្សាទៅលើកុមារប្រមាណ១៦០ ០០០នាក់៕