ភ្នំពេញៈ ដោយមានការសហការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ កាកបាទក្រហមកម្ពុជាបានរៀបចំពិធីអប់រំផ្សព្វផ្សាយមួយស្តីពី «ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល» ដល់និស្សិតឆ្មបនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ២០០នាក់។
យោងតាមកាកបាទក្រហមកម្ពុជា ការរៀបចំពិធីនេះឡើងដើម្បីចូលរួមអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៣។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានអនុញ្ញាតឱ្យនិស្សិតឆ្មប បានចូលរួមវគ្គអប់រំផ្សព្វផ្សាយនេះ។
សូមរំឭកថា អង្គការសហប្រជាជាតិ បានប្រគល់ជូនលោកស្រី ប៊ុន រ៉ាហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានូវគោរមងារចំនួន២ក្នុងនោះទី១ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានទទួលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។
ចំណែកគោរមងារទី២ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានទទួលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ៖ «ការសម្រេចចិត្តទទួលយកគោរមងារនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលយកនូវភារកិច្ចដ៏
ឧត្តុង្គឧត្តមចំពោះការងារឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងសុខភាពមាតា ទារក និងកុមារ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាយើង»។
លោកស្រីបន្តថា កាតព្វកិច្ចទាំងនោះគឺធ្វើយ៉ាងណាឱ្យអត្រាមរណភាពមាតា និងទារក ធ្លាក់ចុះទាបបំផុត ដែលប្រការនេះ តម្រូវឱ្យមានការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសចំពោះស្ត្រីជាមាតាឱ្យមានការយល់ដឹងខ្ពស់អំពីសារប្រយោជន៍នៃពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង មុនពេលសម្រាលនិងការទៅសម្រាលកូននៅមូលដ្ឋានសុខាភិបាល។
លោកស្រីបានបន្ថែមទៀតថា៖«កាតព្វកិច្ចសំខាន់ៗមួយចំនួនទៀតដូចជា ការអប់រំផ្សព្វផ្សាយដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយមកកូនក៏ដូចជាទប់ស្កាត់ជំងឺផ្សេងៗដែលអាចឆ្លងពីម្តាយមកកូន,ទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ដោយមិនបានប្រើថ្នាំប្រឆាំងមេរោគអេដស៍នោះឡើយ និងការមិនឱ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍»។
បើតាមលោកស្រី ម៉ែន នារីសោភ័គ វឌ្ឍនភាពដ៏ល្អប្រសើរក្នុងការងារសុខភាពមាតា ទារក កុមារ តាមរយៈការអង្កេតប្រជាសាស្ត្រ និងសុខភាព អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការកើនឡើងពី ៣៤ភាគរយនៅឆ្នាំ២០០០ ដល់៩៩ភាគរយ នៅឆ្នាំ២០២១-២២។
កត្តានេះធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី៤៣៧ករណីនៅឆ្នាំ២០០០ មកនៅ១៥៤ករណី ក្នុង ១សែនកំណើតរស់នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី៣៧ករណី នៅឆ្នាំ២០០០ មកនៅ៨ករណី ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០២១-២២។ អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំបានថយចុះពី១២៤ករណីនៅឆ្នាំ២០០០ ដល់១៦ករណី ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០២១-២២។
ទាក់ទងនឹងអត្រានេះ លោកស្រី ប៊ុន រ៉ានី បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
លោកស្រីបានលើកឡើងដូចនេះតាមរយៈសារលិខិតក្នុងឱកាសទិវាឆ្មបជាតិអន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៣ ដែលកម្ពុជា និងពិភពលោក នឹងរួមគ្នាប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាជាថ្មី៖ ពីភ័ស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ»។
លោកស្រី ប៊ុន រ៉ានី បានថ្លែងតាមរយៈសារលិខិតថា៖ «យើងមិនត្រូវស្កប់ស្កល់នឹងវឌ្ឍនភាពនេះឡើយ ដូចនេះហើយខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់សូមចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាន គោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់»៕