ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានៅតែបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ខណៈស្ថានទូតប្រទេសមួយចំនួន ក្រុមអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកក្នុងឆ្នាំនេះដើម្បីរំឭកដល់វីរភាពរបស់អ្នកសារព័ត៌មានក្នុងសកលលោក។
ថ្ងៃទី ៣ ខែឧសភា គឺជាថ្ងៃដែលពិភពលោកបានប្រារព្ធរួមគ្នានូវទិវាសារព័ត៌មានពិភពលោក ដើម្បីលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ហើយឆ្នាំនេះ ពិភពលោកបានកំណត់ប្រធានបទ ការកំណត់អនាគតនៃសិទ្ធិ៖សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត។
ថ្លែងក្នុងសារលិខិតអបអរទិវានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា មានហេតុការណ៍ជាច្រើនដែលបានកើតឡើងនៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ន ហើយហេតុការណ៍ទាំងនោះក៏បានធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រចាំរបស់ប្រជាជន រួមទាំងអ្នកសារព័ត៌មានផងដែរ។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃប្រទេសកម្ពុជា។ តាមរយៈការប្ដេជ្ញាចិត្តនេះ លោកបានអះអាងថា រដ្ឋាភិបាលបានធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈដោយមធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេល និងគ្រប់ទីកន្លែង។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា៖ «ទន្ទឹមនឹងការរីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើនលើសលប់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏យើងត្រូវគិតគូរអំពីគុណភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ»។
ទន្ទឹមនឹងនេះលោក ហ៊ុន សែន ក៏ចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយគឺជាអាវុធមុខ ២ ដែលធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនតាម រយៈការចូលរួមរបស់អ្នកសារព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ ការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ ក៏ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយក៏អាចធ្វើឱ្យប្រទេសជាតិជួបប្រទះភាពចលាចល វឹកវរ នៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បំពុលសង្គម ដែលទាមទារឱ្យរួមគ្នាដោះស្រាយ។
លោកបានបញ្ជាក់ថា៖ «យើងទាំងអស់គា្ន ជាពិសេសសា្ថប័នព័ត៌មាន និងអ្នកសារព័ត៌មានត្រូវតែចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយម មួយក្ដាប់តូច និងជនខិលខូចជ្រកក្រោមស្លាកសារព័ត៌មានដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងសា្ថប័នសារព័ត៌មានទាំងមូល»។
ជាមួយនឹងសារអបអររបស់លោកនាយករដ្ឋមន្ត្រី នៅថ្ងៃទី ៣ ឧសភា ស្ថានទូតបារាំង សហរដ្ឋអាមេរិក ជប៉ុន និងដៃគូនានានៅកម្ពុជាបានជួបជុំគ្នានៅមុខស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មានក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកនេះផងដែរ។ ជាមួយនឹងព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី ២ ខែឧសភា អង្គការសមាគមចំនួន ១៣ ក៏បានរួមគ្នាប្រារព្ធទិវានេះ ដោយមានអ្នកចូលរួមជាង ២០០ នាក់ដើម្បីជជែក និងលើកឡើងពីបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយផងដែរ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា ការជួបជុំនេះ គឺដើម្បីរំឭកដល់អ្នកសារព័ត៌មានចំនួន៣៧នាក់ មកពីប្រទេសចំនួន ១១ ដូចជាប្រទេសជប៉ុន បារាំង សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដែលត្រូវបានសម្លាប់ឬបាត់ខ្លួននៅក្នុងសង្គ្រាមនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ក្នុងពេលដែលយើងរំឭកដល់អ្នកសារព័ត៌មានដ៏ក្លាហាននៅទីនេះ និងនៅជុំវិញពិភពលោក យើងសូមសម្តែងការគាំទ្រចំពោះសេរីភាពសារព័ត៌មាន ហើយឈរនៅជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលស្វែងរកការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។
ចំណែកលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងដែរថា សារព័ត៌មានសេរី គឺមានតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គណនេយ្យភាព និងតម្លាភាព។ លោកបានអះអាងថា ការចូលរួមរបស់លោកជាមួយអ្នកសារព័ត៌មាននៅទិវាអន្តរជាតិនេះ គឺដើម្បីបង្ហាញការប្តេជ្ញាចិត្តចំពោះសារព័ត៌មានសេរី និងដើម្បីបង្ហាញការគាំទ្រចំពោះប្រជាជនកម្ពុជានិងសេចក្តីប៉ងប្រាថ្នារបស់គេដែលចង់ឱ្យប្រទេសមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ។
លោក បានបញ្ជាក់ថា៖ «យើងសូមសម្ដែងសាមគ្គីភាពដ៏ស្មោះស្ម័គ្រជាមួយអ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រយុទ្ធដើម្បីបំពេញមុខងាររបស់ខ្លួនដោយសេរី ហើយយើងនឹងបន្តធ្វើឱ្យសេរីភាពសារព័ត៌មានត្រូវបានធានាដោយគ្មានលក្ខខណ្ឌដោយរដ្ឋាភិបាលទាំងអស់នៅលើពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ»។
យោងតាមអង្គការអ្នកកាសែតគ្មានព្រំដែនបានប្រកាសថា នៅឆ្នាំ ២០២២ កន្លងទៅ អ្នកសារព័ត៌មានចំនួន ៥៥ នាក់ ត្រូវបានសម្លាប់នៅជុំវិញពិភពលោក ក្នុងនោះអ្នកសារព័ត៌មានចំនួន ៦ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជារំពឹងថា កម្ពុជានឹងបង្កើនការយកចិត្តទុកដាក់បញ្ចប់អំពើនិទ្ទណ្ឌភាពនូវរាល់បទឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មាន ដើម្បីពង្រឹងភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំប្រាថ្នាចង់ឃើញកម្ពុជាមានសេរីភាពពេញលេញមិនរងនូវការគាបសង្កត់ គំរាមកំហែង ដាក់សម្ពាធ ហើយប្រែក្លាយយ៉ាងឆាប់រហ័សដូចប្រទេសជាច្រើននៅក្នុងពិភពលោកដែលបានតម្កល់យកសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាគុណតម្លៃស្នូល»៕