ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) នឹងបន្តសហការគ្នាទៅលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការគ្រប់គ្រងត្រួតពិនិត្យតំបន់ព្រំដែន ដើម្បីការពារ និងជួយសង្គ្រោះជនរងគ្រោះដែលរងអំពើពីការជួញដូរ។ នេះបើយោងតាមជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជាមួយលោកស្រី Sarah Lou Arriola ប្រធាន (IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះ លោក ស ខេង បានថ្លែងស្វាគមន៍ចំពោះអង្គការ IOM ដែលបានជួយគាំទ្រដល់កម្ពុជាពាក់ព័ន្ធនឹងការងារទេសន្ដរប្រវេសន៍ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដែលអង្គការ IOM មានជាមួយបណ្ដាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងមហាផ្ទៃ។
បន្ថែមពីនេះលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញការជឿជាក់ថា៖«ក្រសួងមហាផ្ទៃ និងអង្គការ IOM នឹងបន្ដពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធរវាងភាគីទាំង២ឱ្យកាន់តែរីកចម្រើនឡើងថែមទៀតផងដែរ»។
ជាការឆ្លើយតប លោកស្រីSarah Lou Arriola ប្រធានអង្គការ IOM បានចូលរួមអបអរសាទរចំពោះកម្ពុជា ដែលបានជាប់ជយលាភីក្នុងការធ្វើទេសន្ដរប្រវេសន៍ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ ហៅកាត់ថា (GCM country)ខណៈដែលនៅក្នុងតំបន់អាស៊ីមានប្រទេសតែ៦ប៉ុណ្ណោះដែលទទួលបានជយលាភីនេះ។
លោកស្រីថា៖«អង្គការ IOMធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាសមិទ្ធផលដែលកម្ពុជា បានខិតខំសម្រេចក្នុងការក្លាយជាប្រទេសជយលាភីក្នុងការធ្វើទេសន្ដរប្រវេសន៍ ដោយមានសុវត្ថិភាពនេះ»។
ជាមួយគ្នានេះ លោកស្រីក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ដោយដើរស្របតាមផែនការយុទ្ធសាស្ដ្រថ្នាក់ជាតិ ដែលបានកំណត់លើការងារនេះ។
ចំពោះអាជ្ញាធរអន្តោប្រវេសន៍កម្ពុជាវិញ លោកស្រីបានកោតសរសេរលើកិច្ចសហការបានល្អ ជាពិសេសក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ១៩ដែលមន្ត្រីបំពេញតួនាទីអន្តោប្រវេសន៍នៅតាមព្រំដែន។ក្នុងនោះបានផ្តល់កិច្ច
សហការដ៏ល្អក្នុងការគ្រប់គ្រង ត្រួតពិនិត្យព្រំដែន ក៏ដូចជាការផ្តល់ការថែទាំយកចិត្តទុកដាក់ចំពោះជនទេសន្ដរប្រវេសន៍ចូលមកកម្ពុជា ការត្រួតពិនិត្យឯកសារឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀតដែលជាការរួមចំណែកមួយទៅដល់ការការពារ និងការប្រឆាំងអំពើជួញដូរមនុស្សផងដែរ។
ជាមួយគ្នានេះលោកស្រីក៏បានជម្រាបជូនអំពីស្ថានភាពក្រុមការងារប្រឆាំងការជួញដូរមនុស្សនៅប្រទេសហ្វីលីពីន ដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរ និងសង្ឃឹមជឿជាក់ថា លោកស្រីអាចយកបទពិសោធន៍ល្អទាំងនោះមកចែករំលែកជូនបណ្ដាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ។
ប្រធានអង្គការ IOMបានបញ្ជាក់ថា៖«ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាជិតស្និទ្ធ ជាពិសេសប្រទេសក្នុងតំបន់មេគង្គដែលមានព្រំដែនជាប់ៗគ្នារវាងប្រទេសមួយទៅប្រទេសមួយ ទាមទារជាចាំបាច់នូវការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស»។
នាឱកាសនោះដែរលោក ស ខេង បានឯកភាពចំពោះអ្វីដែលលោកស្រីបានលើកឡើង ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនិងការជួយសង្គ្រោះជនរងគ្រោះជាកិច្ចការមួយដ៏មានសារៈសំខាន់។
ទន្ទឹមនេះលោកក៏បានបញ្ជាក់ជូនប្រធានអង្គការ IOMដោយសង្ខេបអំពីកិច្ចការមួយចំនួនទៀតដែលកម្ពុជាបាននិងកំពុងខិតខំធ្វើ គឺទី១ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ដែលកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះកាលពីដើមឆ្នាំនេះ ហើយនិងពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សស្របពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះយ៉ាងសកម្ម។
សូមបញ្ជាក់ថា កម្ពុជាកំពុងត្រៀមសម្រេចផែនជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្ដរប្រវេសន៍ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ (GCM) ដែលកតិកាសញ្ញាពិភពលោកនេះត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨៕