ភ្នំពេញៈ ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ី (ABD) បន្តជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងដំណើរការរៀបចំការប្រព្រឹត្តទៅ និងនីតិវិធីនៃតុលាការពាណិជ្ជកម្មនៅកម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បញ្ជាក់ថា កម្ពុជាកំពុងដំណើរការជាបណ្តើរៗហើយ ក្នុងការរៀបចំតុលាការពាណិជ្ជកម្មនេះ ដែលមាន ADB ជួយជំនួយផ្នែកបច្ចេកទេស។
ជំនួបពិភាក្សាពីដំណើរការរៀបចំតុលាការពាណិជ្ជកម្មនេះ ធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រវាងលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ABD) ២រូបគឺ លោកស្រី Fiona Connell ប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម និងលោកសាស្ត្រាចារ្យ Justice Anselmo Reyes និងការចូលរួមពីសមាជិកគណៈកម្មការនិងក្រុមបច្ចេកទេសត្រួតពិនិត្យសេចក្ដីព្រាងនីតិវិធីពាណិជ្ជកម្ម។
ប្រភពពីក្រសួងយុត្តិធម៌បានឱ្យដឹងថា ភាគីទាំង២បានពិភាក្សាគ្នា លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ ការប្រព្រឹត្តិទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម និងការលើកសំណួរ-ចម្លើយមួយចំនួនទាក់ទងនឹងនីតិពាណិជ្ជកម្ម និងតុលាការពាណិជ្ជកម្ម។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ថា ដំណើរការនៃការបង្កើតតុលាការពាណិជ្ជកម្មនេះ ខាងក្រុមការងារបច្ចេកទេស នៃក្រសួងយុត្តិធម៌កំពុងរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីបង្កើត ដែលខាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្តល់ជំនួយផ្នែកបច្ចេកទេសផ្នែកច្បាប់។
លោកជិន ម៉ាលីន គូសបញ្ជាក់ដូច្នេះថា៖«សព្វថ្ងៃកំពុងស្ថិតក្នុងដំណាក់កាលនៃការបង្កើតតាក់តែងសេចក្តីព្រាងច្បាប់ហ្នឹង ដោយមានជំនួយបច្ចេកទេសពីខាង ADB»។
ពាក់ព័ន្ធនឹងរឿងនេះ លោកស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា សាទរចំពោះវត្តមានតុលាការពាណិជ្ជកម្មនៅកម្ពុជា ដែលលោកបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ព្រោះកន្លងមក នៅពេលមានទំនាស់ ឬវិវាទផ្នែកពាណិជ្ជកម្ម ក្នុងវិស័យជំនួញ គឺមានតែតុលាការផ្នែកព្រហ្មទណ្ឌប៉ុណ្ណោះសម្រាប់ដោះស្រាយនៅកម្ពុជាដែលមិនអាចមាននីតិវិធីសមស្របលើករណីជំនួញ និងពាណិជ្ជកម្ម។
លោកស៊ិន ចន្ធី បន្តថា៖«តុលាការពាណិជ្ជកម្មនេះជារឿងល្អណាស់ ដើម្បីដោះស្រាយ ផ្សះផ្សា ទំនាស់ផ្សេងៗ សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំនួញនេះ ដែលអាចចំណេញពេលវេលា យើងអាចសម្របសម្រួល ផ្សះផ្សា កាត់ក្តីទៅតាមបច្ចេកទេស វាក្យសព្ទផ្នែកពាណិជ្ជកម្ម» ។
ជាមួយគ្នានេះលោកអំពាវនាវឱ្យរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធពន្លឿនការដាក់ដំណើរការតុលាការពាណិជ្ជកម្មដើម្បីជំរុញវិស័យច្បាប់ផ្នែកពាណិជ្ជកម្ម និងជំនួញ សមស្របតាមកាលៈទេសៈ។
សម្រាប់លោកមេធាវី សុក សំអឿន លើកឡើងថា ការបង្កើតតុលាការពាណិជ្ជកម្មអាចនឹងជួយសម្រួលដល់យន្តការផ្លូវច្បាប់ សម្រាប់វិវាទពាណិជ្ជកម្ម ហើយអាចធ្វើឱ្យអ្នកវិនិយោគទុកមានជំនឿទុកចិត្តលើការបណ្តាក់ទុននៅកម្ពុជាផង ជាពិសេសអាចស្រូបទាញវិនិយោគិនពីបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន។
លោកផ្តល់អនុសាសន៍ថា៖«យើងត្រូវមានច្បាប់ស្តីពីធុរកិច្ចមួយដាច់ដោយឡែក អាចមានក្រមនីតិវិធីដោយឡែក និងច្បាប់ស្តីពីការបង្កើតតុលាការពាណិជ្ជកម្មដោយឡែក»។
គួររំឭកថា កន្លងមក ក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេចចំនួន ២ ដាច់ដោយឡែកពីគ្នា ស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការជំនាញក្នុងនោះ រួមមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំរឿងពិសេសដាច់ដោយឡែកជុំវិញវិវាទការងារ និងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ៕