ភ្នំពេញៈ វិទ្យាស្ថានកំណើនបៃតងសកល នៅតែបន្តការគាំទ្ររាជរដ្ឋាភិបាល ក្នុងចលនាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចដែលគិតគូរដល់បរិស្ថាន ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពដែលវិទ្យាស្ថានកំពុងអនុវត្ត និងគម្រោងសិក្សាទាក់ទងនឹងការដឹកជញ្ជូនបៃតង និងការគ្រប់គ្រងកាកសំណល់ដែលគ្រោងនឹងអនុវត្ត។
ការប្រកាសគាំទ្រនេះធ្វើឡើង ក្នុងពេលដែលគណៈប្រតិភូ វិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute - GGGI) ដឹកនាំដោយលោក Frank Rijsberman អគ្គនាយក ចូលជួបពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្រ្តីពាក់ព័ន្ធនៅព្រឹកថ្ងៃទី៥ ឧសភានេះ។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងសាធារណការ។
ជំនួបពិភាក្សានេះបានផ្តោតលើ កិច្ចសហប្រតិបត្តិការការងារកន្លងមក រវាងក្រសួងសាធារណការ ជាមួយនឹងវិទ្យាស្ថានកំណើនបៃតងសកល និងទិសដៅអនុវត្តបន្ត។
បើយោងតាមក្រសួងសាធារណការ នៅក្នុងជំនួបពិភាក្សាការងារនេះ លោក Frank Rijsberman បានលើកពីគម្រោង ដែលវិទ្យាស្ថានកំពុងអនុវត្ត និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺគម្រោងសិក្សាទាក់ទងនឹង ការដឹកជញ្ជូនបៃតង ការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ។
ចំពោះគម្រោងទាក់ទងនឹងការដឹកជញ្ជូនបៃតង ដែលជួយកាត់បន្ថយការបំភាយឧស្ម័ន GGGI ទើបបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពបឋម (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។
ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី(E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សាបន្ថែមផងដែរ ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគំរូ សម្រាប់ក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។
ដោយឡែក ការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ GGGI នឹងនាំយកបច្ចេកវិទ្យាទំនើបក្នុងការប្រមូល និងគ្រប់គ្រងកាកសំណល់ ដែលមានសមត្ថភាពអាចអនុវត្តបានពី ១ ០០០ ទៅ ១០ ០០០ ខ្នងផ្ទះក្នុង ១ ថ្ងៃ។
លោក ស៊ុន ចាន់ថុល បានថ្លែងនូវអំណរគុណ ចំពោះវិទ្យាស្ថាន GGGI ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តការសិក្សាស្រាវជ្រាវលើទិដ្ឋភាពផ្សេងៗនៃទ្រឹស្តីកំណើនបៃតង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែល GGGI កំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត៕