មណ្ឌលគិរីៈ ដំណាំបន្លែដូចជា ម្ទេសហាវ៉ៃ ស្ពៃចង្កឹះ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុតជាដើម ត្រូវគេដឹងថា ភាគច្រើននាំចូលពីប្រទេសជិតខាង ក៏ប៉ុន្តែបច្ចុប្បន្នប្រជាកសិករខ្មែរនៅតាមខេត្តមួយចំនួនក៏មានបច្ចេកទេសខ្ពស់ក្នុងការធ្វើកសិកម្មដាំបន្លែដើម្បីផ្គត់ផ្គង់នៅតាមទីផ្សារបានច្រើនដែរ។
តួយ៉ាងដូចជា បុរសកសិករ ១ រូបនៅខេត្តមណ្ឌលគិរី អាចដាំស្ពៃក្តោប ស្ពៃបូកគោក្នុង ១ ខែបាន ៤ តោន យកទៅលក់ឱ្យសហគមន៍កសិកម្មសាមគ្គីមនោរម្យក្នុងក្រុងសែនមនោរម្យ ខណៈដែលសហគមន៍ ១ នេះអាចប្រមូលទិញបន្លែពីខេត្តមណ្ឌលគិរីក្នុង ១ ខែ ចន្លោះពី ១៤ ទៅ ១៥ តោន យកទៅលក់បន្ដឱ្យក្រុមហ៊ុនមួយទៀត ដើម្បីចែកចាយបន្តទៅកាន់ទីផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ។
ដោយសារតែនឿយណាយនឹងការប្រើកម្លាំងលីសែងធ្ងន់ៗហើយបានកម្រៃតិចមិនអាចទ្រទ្រង់ជីវភាព និងចិញ្ចឹមកូនប្រុសស្រីដល់ទៅ ៤ នាក់បានផងនោះ លោក ភិន ផន អាយុ ៥២ ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់ សុខដុមក្រុងសែនមនោរម្យបានប្តូរមកធ្វើកសិកម្មដាំបន្លែវិញម្តង។
លោក ភិន ផន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា មុននឹងមកចាប់យកអាជីពជាអ្នកដាំបន្លែនេះលោកបានធ្វើជាកម្មករសំណង់ ប៉ុន្តែដោយសារលោកស៊ូនឹងការប្រើកម្លាំងមិនបាន ក៏ប្តូរមកដាំបន្លែវិញម្តង ដោយលោកគិតថា របរធ្វើចម្ការដាំបន្លែនេះក៏ប្រើកម្លាំងដែរ តែមិនសូវហត់ដូចការងារធ្វើសំណង់ឡើយ។
ដោយមានដើមទុនខ្លួនឯងពីដីទំហំ ១ ហិកតា លោកបានសម្រេចដាំដំណាំដូចជា ការុត ត្រសក់ ឆៃថាវ សណ្តែកបារាំង ប៉េងប៉ោះ ខ្ទឹមស ដំឡូងបារាំង ស្ពៃបូកគោ ស្ពៃក្តោបម្ទេស ម្ទេសផ្លោក ប៉ុន្តែក្នុងចំណោមបន្លែទាំងនោះមានតែបន្លែស្ពៃក្តោប និងស្ពៃបូកគោទេដែលលោកប្រមូលផលបានក្នុង ១ ខែពី៤ ទៅ ៥ តោន។
លោក ផន បានបន្តថា ដំណាំដែលលោកដាំទាំងនោះគឺលោកប្រើជីធម្មជាតិរួមនឹងជីគីមី ប៉ុន្តែទាំងបច្ចេកទេសដាំ និងការប្រើប្រាស់ជីគឺលោកទទួលបានការបណ្តុះបណ្តាលពីខាងមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីមកបង្ហាត់ដល់ចម្ការតែម្តង។អ្វីដែលជាអំណោយផលល្អសម្រាប់របរធ្វើកសិកម្មរបស់លោកគឺនៅជិតទីតាំងដីចម្ការរបស់លោកមានអូរមួយដែលហូរចុះពីលើភ្នំ ដូច្នេះទឹកមានខួបប្រាំងខួបវស្សាមិនដែលដាច់ឡើយ។
លោកបាននិយាយថា៖ «ខ្ញុំធ្វើចម្ការនេះខ្ញុំមិនព្រួយបារម្ភរឿងទីផ្សារអីទេព្រោះមានក្រុមហ៊ុនមកចុះកុងត្រាជាមួយ សហគមន៍កសិកម្មសាមគ្គីមនោរម្យដោយសហគមន៍នេះបានជួយរកទីផ្សារឱ្យខ្ញុំ»។
បើតាមលោក ភិន ផន បន្លែទាំងជិត ២០ មុខដែលលោកដាំ គឺសុទ្ធតែមានតម្រូវការទីផ្សារខ្ពស់ពិសេសបន្លែស្ពៃក្តោបនិងស្ពៃបូកគោសាច់ស្រួយនិងមានរសជាតិផ្អែម ហើយត្រូវបានក្រុមហ៊ុនដែលចុះកុងត្រាជាមួយសហគមន៍លោកនាំយកទៅលក់នៅតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញទៀតផង។ដោយសាររបរកសិកម្មនេះហើយទើបអាចប្រែក្លាយជីវភាពគ្រួសាររបស់លោកមិនឱ្យជួបការលំបាកដូចកាលពីលោកនៅធ្វើកម្មករសំណង់។ ប៉ុន្តែដោយសារតែរដូវនេះក្តៅខ្លាំង បានធ្វើឱ្យបន្លែមិនសូវទទួលបានផលល្អប៉ុន្មានទេ តែយ៉ាងណាក៏មានចំណូលអាចទ្រទ្រង់ជីវភាពបានល្អប្រសើរ ដោយក្នុង ១ ឆ្នាំលោកអាចរកប្រាក់បានចន្លោះពី ៥ ទៅ ៦ ពាន់ដុល្លារ។
លោកបានបញ្ជាក់ថា៖ «ពីមុនមកខ្ញុំជាជាងសំណង់ដែរហើយក៏ឆ្លៀតពេលខាងមន្ទីរកសិកម្មតែងហៅទៅបង្ហាត់បង្រៀនពីបច្ចេកទេសដាំដុះនេះ។ តាំងពីខ្ញុំចាប់កសិកម្មមកជីវភាពខ្ញុំរាងធូរធារជាងមុនហើយរបរនេះ បើយើងប្រឹងតស៊ូធ្វើនឹងទទួលបានផលច្រើន»។
លោកបន្តទៀតថា ចំពោះបន្លែស្ពៃក្តោប និងស្ពៃបូកគោរបស់លោកត្រូវបានក្រុមហ៊ុននាំយកទៅចែកចាយនៅតាមផ្សារទំនើបនានាដូចជា នៅផ្សារអ៊ីអន ១ និងផ្សារអ៊ីអន២ ក្នុងរាជធានីភ្នំពេញដោយសារបន្លែទាំង ២ មុខនេះមានគុណភាពល្អជាបន្លែសុវត្ថិភាពមិនប៉ះពាល់ដល់អ្នកទទួលទានឡើយ។
ពាក់ព័ន្ធនឹងដំណាំបន្លែនេះ លោក គ្រី ម៉េងឈាង ប្រធានសហគមន៍កសិកម្មសាមគ្គីមនោរម្យនៅក្រុងសែនមនោរម្យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សមាគមន៍របស់លោកមានតួនាទីជាអ្នកសម្របសម្រួលរវាងប្រជាកសិករ និងក្រុមហ៊ុន ហើយបន្លែមានដូចជា ស្ពៃក្តោប ស្ពៃបូកគោ ម្ទេសហាវ៉ៃ ខ្ទឹមបារាំង ឆៃថាវ ការុត ដំឡូងបារាំង ខ្ទឹមស។ប៉ុន្តែពពួកបន្លែខ្ទឹមបារាំង ខ្ទឹមស ដំឡូងបារាំង គឺដាំបានចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈទេ ហើយបន្ទាប់ពីប្រមូលផលរួចដាំលែងបានហើយ។ ព្រោះប្រភេទបន្លែទាំងប៉ុន្មានមុខនេះចាញ់កម្ដៅថ្ងៃហើយវាក៏ចាញ់ទឹកភ្លៀងដែរ។ តែសម្រាប់បន្លែស្ពៃក្តោប និងស្ពៃបូកគោគឺដាំបាន ១ ឆ្នាំ ទល់ ១ ឆ្នាំ។
បើតាមលោក ម៉េងឈាង ចំពោះផ្ទៃដីសម្រាប់ដាំស្ពៃក្តោប និងស្ពៃបូកគោគឺមាន ៨ ហិកតា ហើយគិតពីពេលដាំដល់ពេលប្រមូលផលមានរយៈពេល៣ខែ ហើយក្នុង ១ ខែ វាអាចផ្តល់ផលសរុបបានពី ១២០ តោនទៅ ១៣៦ តោន។ កសិផលទាំងនេះមានមួយចំនួនផ្គត់ផ្គង់នៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ ហើយប្រភេទលេខ ២ និងលេខ ៣ ផ្គត់ផ្គង់នៅក្រុងសែនមនោរម្យតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «បើនិយាយពីបន្លែស្ពៃនៅខេត្តមណ្ឌលគិរីគឺមានគុណភាព និងរសជាតិល្អវាមានរសជាតិផ្អែម ហើយស្រួយឆ្ងាញ់។ បើនិយាយទៅវាស៊ីជាមួយនឹងអាកាសធាតុនៅមណ្ឌលគិរីនេះតែម្តង»។
លោកលើកឡើងថា ក្រុមហ៊ុនដែលបានចុះកុងត្រាជាមួយប្រជាកសិករមាន ៣ ក្រុមហ៊ុន។ រីឯបន្លែគឺប្រជាកសិករប្រមូលរួមគ្នាយកមកប្រគល់ឱ្យសហគមន៍ បន្ទាប់មកខាងសហគមន៍របស់លោកធ្វើការបែងចែកទៅតាមក្រុមហ៊ុនដែលបានចុះកុងត្រាជាមួយកសិករទៅតាមតម្លៃចរចាគ្នា។ ចំពោះស្ពៃចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ និងខែមីនាគឺក្នុងស្ពៃក្តោប ១ គុម្ពអាចមានទម្ងន់ពី ១,៥ ទៅ ២ គីឡូ។
ពាក់ព័ន្ធនឹងការដាំដុះដំណាំកសិកម្មនេះដែរ លោកសុងឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មានតំបន់មួយចំនួននៅខេត្តមណ្ឌលគិរីដែលជាតំបន់មានសក្តានុពលផ្នែកដំណាំកសិកម្មក្នុងនោះមាននៅក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកពេជ្រាដា។ ដោយសារតែនៅ ២ ស្រុកនិងក្រុងមួយនេះស្ថិតនៅតំបន់មួយដែលមានរយៈខ្ពស់ៗ ហេតុដូច្នេះហើយទើបជាតំបន់មានសក្តានុពលជាងតំបន់ផ្សេងៗ។
ចំណែកឯនៅតំបន់ផ្សេងទៀតក៏ដាំបន្លែបានដែរ ដូចជា ស្រុកកោះញែក ដែលប្រជាកសិករអាចដាំត្រឡាច ប៉េងបោះ ត្រសក់ សណ្តែកកួរ តែរសជាតិ និងគុណភាពរបស់វាមានលក្ខណៈប្រហាក់ប្រហែលនឹងខេត្តដទៃដែរ។
លោកបានបញ្ជាក់ថា៖ «នៅក្រុងសែនមនោរម្យមានប្រហែលជា ២០ គ្រួសារដែលដាំបន្លែនេះ។ប៉ុន្តែជារួមសម្រាប់ផ្គត់ផ្គង់ទីផ្សារវាមានស្ពៃក្តោប ស្ពៃបូកគោ ការុតគឺមានទីផ្សារខ្ពស់នៅទីក្រុងភ្នំពេញ។ ដំណាំនៅក្រុងសែនមនោរម្យនេះមានលក្ខណពិសេសខុសពីតំបន់ផ្សេងៗ»។
លោកបន្តថា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីកំពុងតែខិតខំផ្សព្វផ្សាយបន្តអំពីបច្ចេកទេសដាំដុះរួមនឹងវិធីសាស្ត្រដាំដំណាំដល់កសិករបន្ថែមទៀត ដើម្បីជំរុញវិស័យនេះឱ្យកាន់តែខ្ពស់ក្នុងការដាំដុះ។ ប៉ុន្តែលោកទទួលស្គាល់ថាថ្វីដ្បិតតែកសិករផលិតបានហើយ ក៏ប៉ុន្តែទំហំប៉ុននេះនៅមិនទាន់អាចផ្គត់ផ្គង់ទីផ្សារបានធំជាងមុននៅឡើយទេ។ ដូច្នេះលោកនឹងខិតខំឱ្យបងប្អូនកសិករដែលមានដីត្រូវតែពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត និងខិតខំពង្រឹងចងក្រងសហគមន៍បន្លែ ធ្វើម៉េចឱ្យបានរឹងមាំដើម្បីប្រមូលផ្តុំធ្វើកិច្ចសន្យាលក់ទៅបណ្តាផ្សារនៅរាជធានីភ្នំពេញ៕