ដើម្បីអបអរសាទរទិវាភពផែនដីក្នុងឆ្នាំ ២០២៣ តាមរយៈគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ គឺបានរៀបចំកម្មវិធី "ការប្រកួតកែច្នៃប្លាស្ទិកឆ្នាំ ២០២៣" លើកដំបូងរបស់ខ្លួន ដើម្បីការពារបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក។
យោងតាមការចុះផ្សាយរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កម្មវិធីនេះមានការចូលរួមពីបេក្ខជន បេក្ខនារីគឺជាសិស្សានុសិស្សថ្នាក់វិទ្យាល័យមកពីខេត្តកណ្តាល ដោយក្នុងនោះ យុវសិស្សបានបង្កើតរបស់របរទាំងស្រុងជាច្រើនពីសំណល់ប្លាស្ទិករាប់តាំងពីតុរហូតដល់ទង់ជាតិខ្មែរ។
ប្រភពដដែលបន្តថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមន្ទីរបរិស្ថានខេត្តកណ្តាល និងគម្រោង “ទន្លេសាបរបស់យើង” របស់សមាគមអភិរក្សសត្វព្រៃ (WCS) ដែលបានសហការរៀបចំកម្មវិធីនេះឡើង»។
ពាក់ព័ន្ធបរិស្ថានេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ចូលរួមការពារភពផែនដី តាមរយៈការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ពោលការពារធនធានធម្មជាតិរបស់យើង។
ក្នុងឱកាសនេះដែរក្រុមនិស្សិតប្លាស្ទិក (Nisset Plastic) បាននិងកំពុងនាំគ្នាផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថានដោយសំណល់ប្លាស្ទិក ដោយក្នុងនោះបានដើរប្រមូលសំរាមនៅតាមទីសាធារណៈ និងតាមលូជាដើម ដើម្បីបង្ហាញភាសាបេះដូងទៅកាន់ អត្តពលិក និងបរិស្ថាន ក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម។
តាមរយៈគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក៏បានថ្លែងអំណរគុណចំពោះអ្នកធ្វើបទបង្ហាញដែលមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) គណៈកម្មការផ្ដល់ពិន្ទុ គឺលោក ហុង ចំណាន និងសាស្ត្រាចារ្យជាច្រើនរូបទៀតដែលអញ្ជើញមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា-សាលាតិចណូ (ITC) និងដៃគូសហការ គឺនិស្សិតប្លាស្ទិក Nisset Plastic, Think Plastic, និង Repot.Derm សម្រាប់ការគាំទ្រ។
ដើម្បីប្រារព្ធ ទិវាភពផែនដី សមាគមអភិរក្សសត្វព្រៃ (WCS) ក៏បានចែករំលែកវីដេអូខ្លីមួយដែលបង្ហាញពីការរួមចំណែករបស់ក្រុមការងារពីគ្រប់មជ្ឈដ្ឋានក្នុងការខិតខំប្រឹងប្រែងលើការការពារធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់មនុស្ស សត្វព្រៃ និងភពផែនដី៕