អភិបាលខេត្តស្ទឹងត្រែងលោក ស្វាយ សំអ៊ាង បានជំរុញនិងក្រើនរំឭកដល់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ត្រូវពង្រឹងការបង្ក្រាបបទល្មើស និងត្រួតពិនិត្យលើបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែង ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែ មេសា ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។
ថ្លែងទៅកាន់មន្ត្រីពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ការងារប្រចាំរបស់រដ្ឋបាលខេត្ត និងលើកទិសដៅការងារខែបន្ទាប់ រួមទាំងមតិយោបល់ពីអ្នកពាក់ព័ន្ធ។
លោកថ្លែងថា៖ «កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តការងារ កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងមក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលបានជួបប្រទះ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារនៅខែថ្មី ទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ពិសេសសំដៅឈានទៅជំរុញការភិវឌ្ឍខេត្តស្ទឹងត្រែងលើគ្រប់វិស័យ»។
ឆ្លៀតឱកាសនោះដែរ លោកអភិបាលខេត្តស្ទឹងត្រែង ក៏បានធ្វើការស្នើ និងក្រើនរំឭក ដល់កម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចត្រូវសហការគ្នាឱ្យល្អ ត្រូវពិនិត្យលើបទល្មើសព្រៃឈើដែលកើតឡើងនៅខេត្តស្ទឹងត្រែងឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ លោក ក៏បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ត្រូវរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងរដូវ ឃោសនាបោះឆ្នោត និងការបោះឆ្នោតជាតិ ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ ដែលនឹងឈានចូលមកដល់ខាងមុខនេះថែមទៀត។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនៅក្នុងខេត្តស្ទឹងត្រែងនេះដែរ លោក អូត ស៊ីវុត្ថា ស្នងការនៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា សម្រាប់ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តស្ទឹងត្រែង បើប្រៀបធៀបរយៈពេល ៥ ឆ្នាំមកនេះ ឃើញមានការថយចុះប្រមាណ ៣៩% ដោយក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៩០ នាក់ ហើយបានធ្វើការអប់រំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ។
យ៉ាងណាមិញ លោកថា នឹងបន្តពង្រឹងប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តស្ទឹងត្រែង ដែលបង្កអសន្តិសុខដល់សង្គមជាតិ តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងរយៈពេល ៥ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៨-២០២៣ ខេត្ត បានខិតខំ និងពង្រឹងការពារគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្ត ដែលរួមមាន តំបន់ឧទ្យានជាតិវីរៈជ័យ ផ្ទៃដីជាង ៩៩ ពាន់ហិកតា ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ផ្ទៃដីជាង ៤៤ ពាន់ ហិកតា ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ផ្ទៃដីជាង ១២១ ពាន់ហិកតា ដែនជម្រកសត្វព្រៃសៀមប៉ាង មានផ្ទៃដីជាង ១៣៣ ពាន់ហិកតា និងតំបន់រ៉ាមសារជាដើម៕