លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានលើកឡើងពីសមិទ្ធផលដែលសម្រេចបានក្នុង រយៈពេល ៥ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គួរជាទីមោទនៈ ប៉ុន្តែក៏បានជួបនូវបញ្ហាប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សរុបចំនួន ១៩២២ រូប នៅថ្ងៃទី ៦ ខែឧសភា នេះ លោក ស ខេង មានជំនឿថាប្រជាពលរដ្ឋ ពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោកនេះ ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
លោកបន្តថា ទន្ទឹមនឹងការវិវត្តន៍ប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ។
លោកបន្ថែមថា ទោះបីប្រឈមមុខចំពោះវិបត្តិ និងបញ្ហាប្រឈមខាងលើនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកកំរៀង។
ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ថា៖« ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថាផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោយបាយទាំងនៅក្នុងតំបន់ និងពិភពលោក រួមជាមួយបញ្ហានយោបាយផ្សេងៗ នៅក្នុងប្រទេស គឺជាបញ្ហាស្មុគស្មាញ ដែលជាចំណែកមួយមិនអាចធ្វើឱ្យប្រទេសកម្ពុជា មានការលូតលាស់ បានលឿននោះទេ។
លោកបន្តថា ករណីនេះ មិនមែនទើបតែកើតឡើងនៅពេលបច្ចុប្បន្ននេះ ជាក់
ស្តែងកាលពីអំឡុងសង្គ្រាមត្រជាក់ និងសង្រ្គាមវៀតណាម ព្រមទាំងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូចិន ក៏បានរុញច្រានឱ្យប្រទេសកម្ពុជាជាប់ផុងនៅក្នុងសង្គ្រាមនេះ រហូតដល់ ៣០ ទៅ ៤០ ឆ្នាំ ហើយ។
លោកថា៖«កម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ប៉ុណ្ណោះ ព្រមទាំងមានការអភិវឌ្ឍរហូតមក៕