ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានស្នើសុំពង្រឹង និងពង្រីកលើវិស័យសុខាភិបាលបន្ថែមទៀត ជាពិសេសលើវិស័យឱសថ ជាមួយក្រសួងសុខាភិបាលកម្ពុជា។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាហាឡា នូរាហា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី៥ ខែឧសភា នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី៥ ខែឧសភា ថា ក្នុងជំនួបនេះ លោក ម៉ម ប៊ុនហេង បានអបអរសាទរ ដែលឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២៣ និងបានស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរយៈពេលខ្លីមកកាន់កម្ពុជារបស់លោក ប៉ាហាឡា នូរាហា ជាពិសេសការមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។
ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា៖ «ជាមួយគ្នានេះ ឯកឧត្តម ប៉ាហាឡា នូរាហា ក៏បានសុំអធ្យាស្រ័យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី [លោក ម៉ម ប៊ុនហេង] ផងដែរ ដែលបានផ្តល់ដំណឹងក្នុងរយៈពេលខ្លី សម្រាប់ការជួបសម្តែងការគួរសមនេះ។ សមភាគីឥណ្ឌូនេស៊ី បានស្នើសុំពង្រឹង និងពង្រីកលើវិស័យសុខាភិបាលបន្ថែមទៀត ជាពិសេសលើវិស័យឱសថ»៕