![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/photo_2023-05-06_09-43-41.jpg)
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ ពិនិត្យនិងសម្រេចលើខ្លឹមសារមួយចំនួន កាលពីថ្ងៃទី០៤ខែឧសភា។ រូបថត គជប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី៤ ខែឧសភា បានពិនិត្យ និងឯកភាពជាគោលការណ៍លើឯកសារចំនួន៥ ដែលរួមមានសេចក្ដីណែនាំស្តីពី កិច្ចសហការការងារសន្តិសុខសុវត្ថិភាព វីដេអូអប់រំ និងខ្លឹមសារស្ប៉តវីដេអូផ្សព្វផ្សាយ សម្រាប់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គ.ជ.ប បានសម្រេចដូច្នេះបន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារ កែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរបស់ គ.ជ.ប។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានដឹកនាំកិច្ចប្រជុំនោះ បានពិនិត្យ និងសម្រេចលើគោលការណ៍ចំនួន ៥ ដែលរួមមាន ទី១ សេចក្ដីណែនាំស្តីពី កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និង
សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ទី២ ខ្លឹមសារអត្ថបទវីដេអូអប់រំស្តីពី នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ទី៣ ខ្លឹមសារស្ប៉តវីដេអូអប់រំដែលបានថតរួច សម្រាប់ធ្វើការផ្សព្វផ្សាយតាមស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុតាមរាជធានី ខេត្ត។ ទី៤ សម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សខ្មែរអភិរក្ស ដែលមាន ៧ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោត។ រីឯទី៥ចុងក្រោយ ឯកភាពជាគោលការណ៍លើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលត្រូវស្នើជំនួយបរទេសសម្រាប់ឆ្នាំ២០២៤។
ជាមួយគ្នានេះ បើតាមគ.ជ.ប ចំពោះលទ្ធផលបណ្ដោះអាសន្នរយៈពេល ១១ថ្ងៃនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ៨ គណបក្សជាផ្លូវការ។
គណបក្សទាំង ៨ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ និងគណបក្សខ្មែរអភិរក្ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៥ ឧស្សភានេះ។
សូមបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានដដែល គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ បានឈរឈ្មោះគ្រប់មណ្ឌលទាំង ២៥មណ្ឌល ចំណែកឯគណបក្សកម្លាំងប្រជាធិបតេយ្យ ១២ មណ្ឌល និង គណបក្សខ្មែរអភិរក្ស ៧ មណ្ឌល។
បន្ថែមពីនេះ គ.ជ.ប ក៏កំពុងពិនិត្យលើសំណើររបស់គណបក្សចំនួន៣ ទៀតផងដែរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសំបុកឃ្ញុំសង្គមប្រជាធិបតេយ្យ និងគណបក្សឯកភាពជាតិ។
គួរជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
ទិត្យ រានុពិចិត្រ