លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង លោក ចាស្ទីន វ៉ាយអេត (H.E. Justin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២២៣ ។
យោងតាមសេក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅក្រោយជំនួបពិភាក្សានៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ លោក ចាស្ទីន វ៉ាយអេត បានរំឭកអំពីបេសកកម្មនៅប្រទេសកម្ពុជាចូលរួមមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០០៣។
លោកបន្តថា សម្រាប់ឆ្នាំ២០២៣ នេះ លោកមានឱកាសម្តងទៀតមកស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជាដោយលោកបានចាប់អារម្មណ៍អំពីការវិវឌ្ឍ ផ្នែកនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់អំពីតួនាទីយ៉ាងសំខាន់របស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតតាមបែបលក្ខណៈ ប្រជាធិបតេយ្យ ដែលត្រូវធ្វើយ៉ាងណាឱ្យការបោះឆ្នោតមានភាពអព្យាក្រឹត ឥតលម្អៀង និងមានភាពជឿជាក់ពីម្ចាស់ឆ្នោត។ លោកបន្តថា៖«ទោះជាយ៉ាងណា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត» ។
ពាក់ព័ន្ធនឹងបញ្ហាបោះឆ្នោតនេះ លោក ចាស្ទីន វ៉ាយអេត បានសួរទៅប្រធាន គ.ជ.ប ចង់ដឹងអំពីដំណើរការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងអំពីបែបបទនៃការចុះបញ្ជីនេះ និងចង់ដឹងអំពីតួនាទីអ្នកសង្កេតការណ៍បោះឆ្នោត ពីព្រោះខាងអូស្ត្រាលីនឹងមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតទេ ប៉ុន្តែអូស្ត្រាលីនឹងជួយអ្នកសង្កេតការណ៍ជាតិនៅកម្ពុជា។
ក្នុងជំនួបនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមកនូវថវិកាជាង ១ លានដុល្លារសហរដ្ឋអាមេរិក។
ឆ្លើយបំភ្លឺទៅនឹងសំណួរខាងលើ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានពន្យល់អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ការបង្កើតសភាធម្មនុញ្ញតមក សភាធម្មនុញ្ញក្លាយជា រដ្ឋសភា និងការបង្កើតរាជរដ្ឋាភិបាល។ មកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន ១៨ លើករួចមកហើយ ដែលការបោះឆ្នោតទាំងនោះត្រូវបានទទួលស្គាល់ពីភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
លោក បន្តថា នៅឆ្នាំ២០១៥ ប្រទេសកម្ពុជាបានធ្វើការកែទម្រង់ការបោះឆ្នោត ដោយស្ថាប័ន គ.ជ.ប ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានអនុម័តដោយរដ្ឋសភា។ បច្ចុប្បន្ន គ.ជ.ប កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងនៅឆ្នាំ២០២៤ ខាងមុខនេះ គ.ជ.ប នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការរៀបចំ និងការចាត់ចែងការបោះឆ្នោតទាំងនោះជាសមត្ថកិច្ចរបស់ គ.ជ.ប។
ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនថា គណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានសិទ្ធិដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនៅ គ.ជ.ប ដើម្បីចូលរួមក្នុងការបោះឆ្នោត ដោយត្រូវបំពេញលក្ខខណ្ឌតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធីនៃការ បោះឆ្នោត។
លោកបន្ថែមថា លក្ខខណ្ឌដែលតម្រូវឱ្យគណបក្សនយោបាយបំពេញ មានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា ២៧។ ចំពោះការសង្កេតការណ៍បោះឆ្នោត គ.ជ.ប នឹងអញ្ជើញភាគីអន្តរជាតិ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជា។ រីឯស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គ.ជ.ប នឹងអញ្ជើញចូលរួមសង្កេតមើលការបោះឆ្នោត ជាភ្ញៀវពិសេស៕