ភ្នំពេញៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់កុមារ និងយុវជននៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឱ្យកើតឡើងលើខ្លួនឯង គ្រួសារ និងសហគមន៍ ខណៈបញ្ហាគ្រឿងញៀននៅតែបន្តរីកសាយភាយគួរឱ្យបារម្ភ។
យោងតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្ដារនីតិសម្បទានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញ ហើយបាននិងកំពុងបន្តបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។
លោកលើកឡើងថា ការដាំដុះ ការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់សារធាតុញៀនទាំងនៅតំបន់ និងសកលលោកនៅតែបន្តកើនឡើងតាមបណ្តាប្រទេសជាច្រើន ពិសេស នៅក្នុងតំបន់អាស៊ីដោយក្រុមឧក្រិដ្ឋជននៅតែបន្តប្រើប្រាស់គ្រប់ល្បិចកល ដើម្បីលួចលាក់ចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែនចូលមកកម្ពុជា ទាំងតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ដែលសមត្ថកិច្ចកម្ពុជាតែងបង្ក្រាបបានជាបន្តបន្ទាប់។
លោក លឹម តុងហួត បន្តថា ប្រហែលជា១ឆ្នាំមុន លោកនឹងក្រុមការងារបានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារចូលជួប និង សម្ភាសជាមួយអ្នកទោសដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដោយក្នុងចំណោមមនុស្សជាង ៣០នាក់គឺមានតែ១នាក់ទេ ដែលឆ្លើយថា គាត់មិនបានដឹង មិនបានឮពីគ្រឿងញៀនមុនពេលគាត់ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
លោកបានបញ្ជាក់ថា៖ «ខណៈដែលបញ្ហាគ្រឿងញៀននៅតែបន្តរីកសាយភាយយើងមានការព្រួយបារម្ភ នៅ ត្រង់ ថា មានមនុស្សជាច្រើនបានដឹង បានឮ និងបានទទួលការណែនាំពីលោកគ្រូ អ្នកគ្រូ ពីមាតាបិតា អាណាព្យាបាល ប៉ុន្តែនៅតែទៅចូលពាក់ព័ន្ធ និងប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនទៀត»។
លោកបានឱ្យដឹងថា តាមរយៈការបណ្តុះបណ្តាលនេះ កុមារ និងយុវជន នឹងបានយល់ដឹងពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងវិធីសាស្ត្រមួយចំនួនក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀនកុំកើតមានមកលើខ្លួនឯង ជាពិសេសគឺកុំឱ្យរាលដាលដល់គ្រួសារ និងសហគមន៍។
បើតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅឆ្នាំ២០២២កន្លងមក វត្ថុតាងគ្រឿងញៀនដែលបង្ក្រាបនិងរឹបអូសបានពីបទល្មើសមានការកើនឡើងជាងឆ្នាំ២០២១ចំនួនជាង១០តោនខណៈជនសង្ស័យដែលចាប់ខ្លួនក្នុងបទល្មើសនេះ ក៏មានការកើនឡើងជាងឆ្នាំ២០២១ ចំនួនជាង១ពាន់នាក់ផងដែរ។
របាយការណ៍ដដែលបានបន្តថា លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសក្នុងឆ្នាំ២០២២ មានចំនួន៦ ២៩០ករណី កើនឡើងជាងឆ្នាំ ២០២១ ចំនួន ៤០ករណី និងបង្ក្រាបចាប់ជនសង្ស័យ បានចំនួន១៤ ៧៨៤នាក់ រួមទាំងរឹបអូសវត្ថុតាងគ្រឿងញៀនចម្រុះប្រភេទ សរុបចំនួន១៤តោន និង ៥០២គីឡូក្រាម៕