សៀមរាបៈ ​អាជ្ញាធរ​ឃុំ​កំពង់​ភ្លុក និង​ក្រុម​ការងារ​ទេស​ចរណ៍​ប​រិ​ស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ​បានផ្តើម​យុទ្ធនា​ការ​ចលនា​គ្រួសារ​ស្អាត​ដោយ​មាន​ការ​ប្រឡង​ប្រណាំង​គ្រួសារ​រស់នៅ​មាន​អ​នាម័យ​ស្អាត មាន​សោ​ភ​ណ​ភាព​ល្អ និង​បរិស្ថាន​ល្អ​ក្នុង​សហ​គមន៍​កំពង់​ភ្លុក ខេត្ត​សៀមរាប ដើម្បី​រង់ចាំ​អបអរ​ពិធី​បុណ្យ​សមុទ្រ​ទឹក​សាប​កម្ពុជា​ជា​លើក​ដំបូង​នៅ​ពាក់កណ្តាល​ខែ​មិថុនា​ខាង​មុខ​។

​លោក​ស៊ា ​សុផល ប្រធាន​អង្គការ​មូល​និធិ​ទំពាំង​ស្នង​ឫស្សី ប្រ​ចាំខេត្ត​សៀម​រាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៧​ ឧសភា​ថា អាជ្ញា​ធរ​ឃុំ​កំពង់​ភ្លុក និង​ក្រុមកា​រងារ​ទេស​ចរណ៍​ប​រិ​ស្ថាន ​បាន​ចាប់ផ្តើម​យុទ្ធនា​ការ​ចលនា​គ្រួសារ​ស្អាត​ ដែលជា​កម្មវិធី​ប្រឡង​ប្រណាំង​គ្រួសារ​រស់នៅ​មាន​អនា​ម័យ​ស្អាត​ មាន​សោ​ភ​ណភាព​ល្អ ​និង​បរិ​ស្ថាន​ល្អ ក្នុង​សហ​គមន៍​កំពង់​ភ្លុក​។​

​លោក​បាន​បន្ត​ថា ​យុទ្ធ​នាការ​នេះ​ដើម្បី​ស្វែងរក​គ្រួសារ​ដែល​នឹង​ឈ្នះ​រង្វាន់​ធំ​សម្រាប់​ព្រឹ​តិ្ត​ការណ៍​បុណ្យ​បរិស្ថាន​ប្រចាំ​ឆ្នាំ នា​រដូវ​ទឹក​ដំឡើង​ដែលជា​យុទ្ធនា​ការ​សម្អាត​បរិស្ថាន​ ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ឱ្យ​បាន​មុន​ទឹ​កជំនន់​បឹង​ទន្លេ​សាប​ឡើង​មក​ដល់​ និង​រួម​ជាមួយ​ពិធី​បុណ្យ​ប្រពៃ​ណី​ឆ្លង​សាលា​ដឹង​គុណ​បឹង​ទន្លេ​សាប​ ក្នុង​ទម្រង់​ជា​បុណ្យ​សមុទ្រ​ទឹក​សាប​កម្ពុជា​លើក​ដំបូង ​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៧ និង​១៨​ ខែមិថុនា ឆ្នាំ​២០២៣ ខាង​មុខ​។​

​លោកបាន​បញ្ជាក់​ថា​៖«​ខែ​៦​នេះ គឺ​ទឹក​ឡើង​មកវិញ ​អ៊ីចឹ​ង​ប្រជា​ពលរដ្ឋ អាច​បោះ​សំរាម​ចូល​ក្នុង​ទឹក​។ យុទ្ធនា​ការ​យើង គឺ​ចែក​កា​រុង​ឱ្យ​គាត់​តាម​ផ្ទះ​ឱ្យ​គាត់​ញែក​សំរាម​ច្រក​ក្នុងកា​រុង​ហ្នឹង​។ ក្នុង​ខែ​មិថុនា​ខាង​មុខ​ហ្នឹង គឺ​យើង​មាន​ព្រឹត្តិ​ការណ៍​ធំ អ៊ីចឹ​ង​ដើម្បី​បាន​ទៅដល់​ព្រឹត្តិ​ការណ៍​ហ្នឹង គឺ​យើង​ចាប់​ផ្តើម​ធ្វើ​ចលនា​គ្រួសារ​ស្អាតគឺ​គាត់​ត្រូវ​មាន​លក្ខណៈ​ប្រមាណ​៧ចំណុច ដែល​ចាប់ពី​ឥឡូវ​ទៅ ដោយ​អាជ្ញាធរ​ចាប់​ផ្តើម​ដើរ​វាយ​តម្លៃ​គ្រួសារ​ស្អាត​នីមួយៗ​»​។​

​បើតាម​លោក​ ស៊ា សុផល​ កម្មវិធី​ចលនា​គ្រួសារ​ស្អាត​នេះ ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ភូមិ​ឃុំ​មាន​សុវត្ថិភា​ព​លក្ខណ​សម្បត្តិ​ទី​៦ ដែលមាន​អនា​ម័យ មាន​សោ​ភណ​ភាព​ល្អ និង​បរិស្ថាន​ល្អ ​រីឯ​រង្វាន់​ដែល​ត្រូវ​ទទួល​បាន​ប្រចាំ​សបា្តហ៍ឬ​មុន​ព្រឹ​តិ្ត​ការណ៍​នៅ​ខែមិថុនា​មក​ដល់​នោះ គឺ​ទទួល​បាន​បណ្ណ​សរសើរ​គ្រួសារ​ស្អាត​ មាន​អនា​ម័យ មាន​សោភណភា​ព​ល្អ និង​បរិស្ថាន​ល្អ ជា​គ្រួសារ​គំរូ​ក្នុង​សហ​គមន៍ ហើយ​នឹង​ទទួល​បាន​អង្ករ​លើក​ទឹក​ចិត្ត​ចំនួន​១០​គ​ក្រ និង​រង្វាន់​ផ្សេងៗ​ទៀត​។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​ធ្វើ​ដើម្បី​អបអរ​ទិវា​បរិស្ថាន​ជាតិ​ពិភព​លោក និង​ដើម្បី​អបអរ​បុណ្យ​សមុទ្រ​អន្តរ​ជាតិ ក្នុង​រូប​ភាព​ជា​បុណ្យ​សមុទ្រ​ទឹកសាប​កម្ពុជា ដោយ​យក​ទន្លេ​សាប​យើង​ជា​និមិត្ត​រូប​នៃ​សមុទ្រ​។ យើង​ ក៏​ប្រកាស​ជា​ផ្លូវ​ការ​ ប្រមូលយ​ក​ប្លា​ស្ទិ​ក​ពី​១ ០០០គ្រួសារ​ ដោយ​ឱ្យ​គាត់​ផ្លាស់​ប្តូរ​ទម្លាប់​ថ្មី ហើយ​គ្រួសារ​ស្អាត​ទាំង​អស់ នឹងមាន​ឱកាស​ទទួល​សំណាង​ឈ្នះ​រង្វាន់​ធំ​សម្រាប់​ព្រឹត្តិ​ការណ៍​ធំ​នោះ​»​។

​លោក ​នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បានថ្លែង​ថា ក្រសួង​បរិស្ថាន បាន​ចូល​រួម និង​គាំទ្រ​នូវ​សកម្ម​ភាព​ទាំង​អស់​នេះ ព្រោះ​វា​គឺជា​ការ​អនុវត្ត​បន្ត​ពី​គម្រោង​ប្លា​ស្ទិ​ក​ដូរ​អង្ករ​ ដែលជា​កម្មវិធី​មួយ​នាំឱ្យមា​ន​ភាព​ជោគ​ជ័យក្នុងការ​យល់​ដឹង​ជារួម​របស់​ប្រជា​ពលរដ្ឋ​ក្នុងការ​គ្រប់​គ្រង​សំណល់​សំរាម​ មិន​ឱ្យ​បោះ​ចោល​នៅ​ក្នុង​បឹង​ទន្លេ​សាប​។​

​លោក​បញ្ជាក់​ថា​៖«​ការ​ប្រឡង​ប្រណាំង​គ្រួសារ​ដែល​មាន​អនា​ម័យ ​មាន​សោភណ​ភាព​ល្អ ​និង​បរិស្ថាន​ល្អ​នៅ​ក្នុង​សហ​គមន៍​កំពង់​ភ្លុកហ្នឹង​ គឺជា​កិច្ចកា​រងារ​មួយ​ដែល​មាន​សារៈ​សំខាន់​ ដោយ​សារតែ​សហ​គមន៍​កំពង់​ភ្លុក គឺជា​តំបន់​ទេស​ចរណ៍​ធម្ម​ជាតិ​ដ៏​សំខាន់​ដែល​មាន​ភ្ញៀវ​ទេស​ចរ​ទៅ​ទស្សនា​ច្រើន​នៅ​កន្លែង​ហ្នឹង​។ ក្រសួង​បរិស្ថាន សូម​លើក​ទឹក​ចិត្ត​​ដល់​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល និង​ដៃគូផ្សេងៗ សូមឱ្យ​បន្ត​អនុវត្ត​នូវ​កិច្ច​ការងារ​ផ្សេងៗ​ដើម្បី​ចូល​រួម​សម្អាត​បរិ​ស្ថាន​នៅ​តំបន់​ហ្នឹង​ល្អ និង​មាន​សោភណ​ភាព​»​។​

​សហ​គមន៍​កំពង់​ភ្លុក មាន​ប្រជា​សហ​គមន៍​ប្រមាណ​១ ០០០​គ្រួសារ​ រស់នៅ​ក្នុង​ភូមិចំនួន៣ គឺ​ភូមិ​ត្នោត​កំបុត ​ភូមិ​គោក​ក្តុល ​និង​ភូមិ​ដី​ក្រហម ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រា​សាទ​បាគង​ ខេត្ត​សៀម​រាប​ ហើយ​ភាគ​ច្រើន​ប្រជា​សហ​គមន៍​រស់​នៅ​លើផ្ទះ​បណ្តែត​ទឹក និង​ប្រក​បរបរ​នេសាទ​។ សហ​គមន៍​នេះមាន​ភាព​ទាក់​ទាញ​ដល់​អ្នក​ទេសចរ ​ដែល​អាច​ទស្សនា​ផ្ទះ​សង់​ខ្ពស់ៗ​នៅលើ​ផ្ទៃ​ទឹក ទស្ស​នា​ភូមិ​បណ្តែត​ទឹក អុំទូក​ទស្សនា​ក្នុង​ភូមិ​ ទស្សនា​ព្រៃ​លិច​ទឹក និង​អាច​ទស្សនា​ផ្ទៃ​បឹង​ទន្លេ​សាប​ដ៏​ធំ​ល្វឹង​ល្វើយ​ជា​មួយ​នឹង​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅលើ​ផ្ទៃ​បឹង​។​នេះ​បើ​តាម​លោក ​នេត្រ ភក្ត្រា​៕