ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ កំពុងពន្លឿនបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក ឬហៅថា (ដ្រូន) ឱ្យបានមុនព្រឹត្តិការណ៍នៃរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីបម្រើដល់ការរៀបចំវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិ ឱ្យបានល្អប្រសើរ។
ការជំរុញនិងពន្លឿននេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ។
បើតាមក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានលើកឡើងនៅក្នុងកិច្ចប្រជុំដែលមានមន្ត្រីពាក់ព័ន្ធ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចូលរួមជាច្រើនរូបផងនោះថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំឱ្យក្រុមការងារបន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលម្អិតបន្ថែមលើការងារដែលនៅសេសសល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីឱ្យដំណើរការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យឆាប់បានឈានដល់ការបញ្ចប់ទាំងស្រុងយ៉ាងឆាប់រហ័ស។
លោកបានគូសបញ្ជាក់ថា៖«មកដល់បច្ចុប្បន្ននៅកម្ពុជា ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ មានការប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ ហើយក្នុងនោះក៏មានការប្រើប្រាស់ក្នុងវិស័យមួយចំនួនបានធ្វើឱ្យប៉ះពាល់ ក៏ដូចជាកំពុងធ្វើឱ្យមានការព្រួយបារម្ភចំពោះវិស័យសន្តិសុខជាតិផងដែរ»។
លោក ប៊ុន ហុន បន្ថែមថា ជាការពិតណាស់ បើតាមផែនការនៃការគ្រោងទុករបស់រាជរដ្ឋាភិបាល ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ត្រូវបញ្ចប់ និងដាក់ឱ្យអនុវត្តបម្រើដល់ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅមុនការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ប៉ុន្តែសេចក្តីព្រាងអនុក្រឹត្យនេះនៅមិនទាន់បានបញ្ចប់នៅឡើយ។
សម្រាប់ជាផែនការបន្ទាប់ លោក ប៊ុន ហុន បានបញ្ជាក់បន្ថែមថា៖«ក្រុមការងារក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើការពិនិត្យ និងពិភាក្សាលើការងារដែលនៅសេសសល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបានបញ្ចប់នៅមុនព្រឹត្តិការណ៍នៃរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ»។
ទន្ទឹមនោះដែរ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើង និងបានរៀបចំដំណើរការកិច្ចប្រជុំពិភាក្សា ពិនិត្យ និងពិគ្រោះយោបល់ផ្តល់ធាតុចូលជាច្រើនលើកច្រើនសានាពេលកន្លងមក។
លោក ជា អូន បានបង្ហាញការឯកភាពចំពោះក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានចប់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដាខាងមុខដើម្បីបម្រើដល់ការរៀបចំវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិ ឱ្យបានល្អប្រសើរ។
សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) មាន៨ជំពូក និង៣២មាត្រា។ អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការដំឡើង ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈកម្ពុជា។
ជាងនេះទៅទៀត អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកដំឡើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្ដិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕